បន្ទាយមានជ័យៈ នគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាល ស្រុកម៉ាឡៃ នៅព្រឹកថ្ងៃ២៣ មីនា បានចុះបង្ក្រាបចាប់ខ្លួនមនុស្ស៥នាក់ ជាមួយថ្នាំញៀនម៉ាទឹកកកនិងមេតំហ្វេតាមីន៨១ គ្រាប់ និងឧបករណ៍មួយចំនួន បញ្ជូនទៅស្នងការដ្ឋានខេត្តចាត់វិធានការបន្តតាមផ្លូវច្បាប់។
លោក សៅ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃ ពីម្សិលមិញប្រាប់ថា នគរបាលចុះល្បាតនៅក្នុងភូមិ៩៣ឃុំអូរស្រឡៅ ប្រទះឃើញ ក្រុមជនប្រើប្រាស់គ្រឿងញៀន២នាក់ កាន់ដាវសាមូរ៉ៃឈរ ក្នុងចេតនាមិនល្អក៏ហៅសួរ ក្នុងនេះម្នាក់ឈ្មោះ ហ៊ាន សត់ អាយុ១៩ឆ្នាំ និងឈ្មោះ រង សុខគា អាយុ១៨ឆ្នាំ គេឆ្លើយឌឺមកសមត្ថកិច្ចថា ពួកគេឈរការពារបងធំកំពុង«ជក់ម៉ា» នៅក្នុងផ្ទះ។
លោកក៏សុំគោលការណ៍ពីលោកស្នងការ និងព្រះរាជអាជ្ញាខេត្ត ចុះបង្ក្រាបនិងចាប់ឃាត់ខ្លួនអ្នកទាំងពីរ និងចាប់ខ្លួនបងធំឈ្មោះ អម ប្រុស អាយុ២៧ឆ្នាំ និងបក្ខពួកពីរនាក់ទៀត។ ដោយរឹបអូសបានថ្នាំញៀនមេតំហ្វេតាមីន៨១គ្រាប់ ម៉ាទឹកកក១កូនថង់តូច ប្រាក់ថៃ ១ពាន់បាត ប្រាក់ខ្មែរ៥ម៉ឺនរៀល ប្រាក់អាមេរិក៥ដុល្លារ ឧបករណ៍ជក់មួយ ដាវសាមូរ៉ៃ៥ដើម និងទូរស័ព្ទដៃចំនួន៥គ្រឿង៕