បាត់ដំបងៈ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ​បាន​នាំខ្លួន​លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរង​ខេត្ត​បាត់ដំបង​មក​សួរ​នាំនៅ​ទីស្នាក់ការ ACU នៅ​ភ្នំពេញ​កាល​យប់​ថ្ងៃទី​ ១ ខែ​កក្កដា ពាក់ព័ន្ធ​នឹង​សំណុំរឿង​ពុករលួយ​ដីធ្លី​របស់​លោក​ឧកញ៉ា សង ថន នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​។

លោក ឱម យ៉ិនទៀង ប្រធាន ACU ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ACU ពិតជា​បាន​នាំខ្លួន អភិបាលរង​ខេត្ត​រូបនេះ​មក​សួរនាំ​ករណី​ពាក់ព័ន្ធ​អំពើ​ពុករលួយ​នៅ​ស្រុក​គាស់ក្រឡ​មែន​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ករណី​នេះ ACU កំពុង​មមាញឹក​ខ្លាំង​ក្នុង​ការស៊ើបអង្កេត ដោយ​មិនអាច​បកស្រាយ​លម្អិត​ក្នុង​ពេលនេះ​បាន​នោះទេ​។ លោក​បញ្ជាក់​ថា​៖ «(​នាំខ្លួន​មែន​...​បាទ​! ពិតជា​បាន​នាំខ្លួន​មែន ប៉ុន្តែ​សុំ​ទុកពេល​ឲ្យ​ខ្ញុំ​សិន​។ ខ្ញុំ​ធ្វើ​ចប់ ខ្ញុំ​នឹង​ធ្វើ​សន្និសីទ​កាសែត​ជូន​ណា​»​។

កាលពី​ល្ងាច​ថ្ងៃទី ​២៧ ខែ​មិថុនា ACU បាន​នាំខ្លួន​ឧកញ៉ា សង ថន ដែល​បាន​កាន់កាប់​ដី​ប្រមាណ ៥ ពាន់​ហិកតា ឬ​ស្មើ​ ១ ​ភាគ​នៃ​ផ្ទៃដី​ក្នុងស្រុក​គាស់ក្រឡ​ទាំងមូល​មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ​រឿង​ដីធ្លី​ក្នុង​ស្រុក​នេះហើយ ស្របពេល​ជាមួយ​គ្នា​នោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បានចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​លោក ម៉ៅ សុចាន់ ពី​អភិបាល​នៃ​គណៈអភិបាលស្រុក​គាស់ក្រឡ​ផងដែរ​។

លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការនាំ​ខ្លួន​នេះ គឺជា​នីតិវិធី​នៃ​ការស៊ើបអង្កេត​របស់ ACU ដើម្បី​ធ្វើការ​ស្រាវជ្រាវ ករណី​ពុករលួយ​រឿង​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ​។ លោក​បន្តថា មកដល់​ពេល​នេះ​ខេត្ត​ក៏​មិនទាន់​ដឹង​ច្បាស់​ថា អភិបាលរង​រូបនេះ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុងនាម​ជា​ជនសង្ស័យ ឬ​គ្រាន់តែ​ជា​សាក្សី​នោះទេ ដោយ​លោក​ចាត់ទុក​ថា អាចជា​រឿង​បុគ្គល​ច្រើនជាង​។

លោក​បន្ថែមថា​៖ «​វា​ស៊ីសង​លើ​ការអង្កេត​បន្ថែមថា វា​ជា​រឿង​រដ្ឋបាល​ ឬ​ជា​រឿង​បុគ្គល បើ​កាលណា​វា​ជា​រឿង​បុគ្គល​នោះ​មិន​ពាក់ព័ន្ធ​អង្គភាព​នោះទេ​។ រឿងនេះ យើង​ទុក​ឲ្យ ACU ស្រាវជ្រាវ​ទៅ ហើយ​ការនាំ​ខ្លួន​ (​អភិបាលរង​) ​នេះ​គឺជា​ការចង់​បាន​របស់​សមត្ថកិច្ច ដែល​ត្រូវ​សួរ​ព័ត៌មាន​បន្ថែមទៀត​»​។

លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរង​ខេត្តបាត់ដំបង​ដែល​ត្រូវបាន ACU នាំខ្លួន យកមក​សាកសួរ​នៅ​រាជធានី​ភ្នំពេញ​ធ្លាប់​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ខេត្ត ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ​ហើយ​លោក​ក៏​ធ្លាប់មាន​ទំនាក់ទំនង រហូត​ក្លាយ​ជា​ទំនាស់​ជាមួយ​លោក​ឧកញ៉ា​ សង ថន ​ផងដែរ​។ នេះ​បើតាម លោក យិន ម៉េងលី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្តបាត់ដំបង​បាន​ប្រាប់​ភ្នំពេញ- ប៉ុស្តិ៍​កាលពី​ម្សិលមិញ​។

លោក​ ម៉េងលី ​បាន​រៀបរាប់ថា ទាក់ទង​ករណី​នេះ​គឺ​លោក​អភិបាលរង​ខេត្តបាត់ដំបង និង​លោក​ឧកញ៉ា​ សង ថន ធ្លាប់​មាន​ទំនាស់​ជាមួយ​គ្នា រយៈពេល​កន្លះ​ឆ្នាំ​កន្លង​មក​នេះ​ដោយ​មាន​ការចុះផ្សាយ​ និង​ល្បី​ទូទាំង​ខេត្ត​ផងដែរ​ក្នុង​ករណី​ដែល​ឧកញ៉ា សង ថន ​បាន​ប្រគល់​ដី​មួយចំនួន​មក​លោក​អភិបាលរង​ខេត្ត​រៀបចំ​នីតិវិធី​សុំ​ទៅ​ថ្នាក់លើ​ដើម្បី​ទុកជា​សម្បត្តិ៍​របស់​រដ្ឋ ដោយ​ស្នើឲ្យ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដី​សេសសល់​ដែល​គាត់​បាន​កាន់កាប់​។

លោក ម៉េងលី បន្តថា​ក្នុង​ពេល​នោះ​ភាគី​ទាំង​ ២ ​ក៏​ឈាន​ដល់​ការប្តឹងផ្តល់​គ្នា​ករណី​ដែល​អភិបាលរង លោក ស៊ូ អារ៉ាហ្វាត់ បាន​ក្លែង​ឯកសារ​ពី​ចំនួន​ដី​មិនបាន​ត្រឹមត្រូវ​ដាក់​ទៅ​ថ្នាក់លើ​។

លោក ម៉េងលី បញ្ជាក់​ថា​៖ «​ខ្ញុំ​អាច​និយាយ​បាន​ថា ការនាំ​ខ្លួន​លោក​ឧកញ៉ា​ និង​លោក​អភិបាលរង​ខេត្ត​នេះ​គឺ​ពិតជា​មាន​ជាប់ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​នៅក្នុង​ស្រុក​គាស់ក្រឡ​នេះហើយ​។ ប៉ុន្តែ​ដោយសារ​តែ​យើង​មើលឃើញ​ថា ACU មិនសូវ​បង្ហាញ​ព័ត៌មាន​នានា​ជា​សាធារណៈ​ឲ្យ​មតិ​ជាតិ អន្តរជាតិ​បានដឹង​នោះទេ ច្រើន​តែ​លាក់ៗ ហើយ​ព័ត៌មាន​នេះ វា​ជា​ព័ត៌មាន​ក្តៅ ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃ្លាំមើល តាមដាន​។ ខ្ញុំ​គិតថា បើសិន​ជា ACU បញ្ចប់​នីតិវិធី​របស់ខ្លួន ACU គួរតែ​ធ្វើ​សន្និសីទ​មួយ​បង្ហាញ​បញ្ហា​នេះ​»៕