ព្រះវិហារៈ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) កំពុង​ស៊ើបអង្កេត​មន្ត្រី​បរិស្ថាន​ម្នាក់​ក្នុង​ខេត្ត​ព្រះវិហារ​ដែល​ជាប់​បណ្ដឹង​ចោទ​ពី​បទប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ថ្នូរ​នឹង​ការបណ្ដែតបណ្ដោយ​ឱ្យមាន​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃឡង់​។ បណ្ដាញ​សហគមន៍​ព្រៃឡង់​បាន​អះអាងថា មន្ត្រី​បរិស្ថាន​រូបនេះ​គឺជា​អ្នក​បើកដៃ​ឱ្យ​មាន​ការកាប់​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ព្រៃឡង់​។

កាលពី​ដើម​សប្ដាហ៍​មុន​លោក ឱម យ៉ិនទៀង ប្រធាន ACU បាន​ផ្ញើលិខិត​មួយ​ទៅកាន់​លោក សុង ច័ន្ទសុជាតិ ​ប្រធាន​ស្ដីទី​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ ដើម្បី​ឱ្យ​បំភ្លឺ​ជុំវិញ​ភាពមិនប្រក្រតី​របស់​មន្ត្រី​បរិស្ថាន​ឈ្មោះ រដ្ឋា និង​សហគមន៍​ព្រៃឈើ ដែល​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ឈើ និង​អ្នក​ឈូសឆាយ​ដីព្រៃ​ខុសច្បាប់​។

លិខិត​លើកឡើង​ថា លោក​ រដ្ឋា និង​សហគមន៍​ព្រៃឈើ​បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ឈើ​ដ៏ធំ​ម្នាក់​ក្នុង​ភូមិ​ពើក​ ​ឃុំ​ពុទ្រា ស្រុក​ជ័យសែន ដោយ​បាន​ទារលុយ​ចំនួន​ពី ៨ ម៉ឺន​ទៅ​ ១០ ​ម៉ឺន​រៀល​ក្នុង​ ១ ​គោយន្ត​ដែល​បាន​ចូល​ទៅក្នុង​ព្រៃឡង់ ដើម្បី​កាប់​ឈើ​។ ចំពោះ​គោយន្ត​ដែល​បាន​បង់លុយ​នៅក្នុង​ព្រៃ ប៉ុន្តែ​មិន​​បាន​លក់​ឈើ​មក​ឱ្យ​ឈ្មោះ ឡេង ​គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដឹកឈើ​ចេញពី​ភូមិ​ពើក​ឡើយ ហើយ​ថែម​​ទាំង​ត្រូវ​បាន​មន្ត្រី​បរិស្ថាន និង​សហគមន៍​ចាប់​ឱ្យ​បង់ប្រាក់​ម្ដង​ទៀត​ចំនួន ១ ​លាន​រៀល​។

លិខិត​បន្តថា​៖ «​តាម​ព័ត៌មាន​ទទួល​បាន​ឈ្មោះ ឡេង និង​ឈ្មោះ ឌី កំពុងតែ​ត្រូវរ៉ូវ​គ្នា បើកដៃ​ឱ្យ​ក្រុម​គោយន្ត​ចូល​កាប់​ទន្ទ្រាន​បំផ្លិច​បំផ្លាញ​ព្រៃឡង់​ដោយ​សេរី ហើយ​គោយន្ត​របស់​ពួកគេ​ចូល​ទៅ​អារឈើ​ក្នុង​ ១ ​ថ្ងៃ​ពី ៣ ​ទៅ​ ៥ ​ជើង ដោយ​មាន​មេខ្លោង​ឈ្មោះ ឌី ឈ្មោះ រឿន ឈ្មោះ ម៉េត និង​ឈ្មោះ យាយលែន ជា​អ្នកប្រមូល​ទិញ​ពី​អ្នកស្រុក​ដែល​បាន​ចូលទៅ​អារឈើ​ក្នុង​ព្រៃ​នៅ​ជុំវិញ​ភូមិ​ទ្រា និង​ភូមិ​ពើក ដោយ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​បរិស្ថាន សហគមន៍​ព្រៃឈើ និង​មន្ត្រី​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​»​។ លិខិត​របស់​លោក ឱម យ៉ិនទៀង ដដែល​បន្តទៀត​ថា ចំពោះ​ឈ្មោះ ឆាយ គឹមហូវ ដែល​មាន​ប្ដី​ជា​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​មាន​ឡាន​សាំយ៉ុង​ ២ ​គ្រឿង និង​ឡានធំ​កង់​ ១០ ​ចំនួន ២​ គ្រឿង កំពុង​តែ​ជួញ​ឈើ​នៅក្នុង​តំបន់​ព្រៃឡង់​នោះដែរ​។

កាលពី​ថ្ងៃអាទិត្យ​លោក សុង ច័ន្ទសុជាតិ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿងនេះ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​យ៉ាងខ្លី​ថា កំពុង​ធ្វើការងារ​លើ​ការស្នើ​សុំឱ្យ​បំភ្លឺ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​។ ចំណែក​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ថ្លែង​ថា​លោក​មិនមាន​អ្វី​ត្រូវ​អត្ថាធិប្បាយ​ទេ ដោយ​ទុក​ភារកិច្ច ឱ្យ ACU បន្ត​ទៅតាម​នីតិវិធី​របស់​ខ្លួន​។

ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​សុំ​ការបញ្ជាក់​ពី​លោក ឱម យ៉ិនទៀង បាន​ទេ​ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ​។

លោក ឃុត សឿម សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​នៅក្នុង​ខេត្ត​ព្រះវិហារ​ថ្លែងថា លោក សោម រដ្ឋា គឺជា​មន្ត្រី​បរិស្ថាន​ដែល​មើល​ការខុសត្រូវ នៅ​តំបន់​ព្រៃឡង់ ហើយ​ជារឿយៗ​គេ​តែងតែ​ប្រទះឃើញ​មន្ត្រី​រូបនេះ​បើក​រថយន្ត​ទៅ​ជួប​ឈ្មួញ​ឈើ និង​បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​។

លោក​បន្តថា បុគ្គល​ដែល​មាន​ឈ្មោះ ឌី ឈ្មោះ ម៉េត និង​ឈ្មោះ នួន ជាដើម​គឺ​មិនមែន​ជា​អ្នកមាន​មុខងារ​ក្នុង​ជួរ​រាជការ​ឡើយ ប៉ុន្តែ​គឺជា​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ដ៏ល្បី​ឈ្មោះ​នៅក្នុង​ខេត្ត​ព្រះវិហារ ហើយ​កន្លងមក​ឈើ​របស់​ក្រុម​ឈ្មួញ​ទាំងនេះ​ក៏​ធ្លាប់​ត្រូវ​បាន​រឹបអូស ដោយ​ក្រុម​បណ្ដាញ​សហគមន៍​ព្រៃឡង់​ដែរ​។

លោក សឿម បញ្ជាក់​ទៀត​ថា ចំពោះ​សហគមន៍​ព្រៃឈើ​ដែល​ត្រូវបាន​មន្ត្រី​បរិស្ថាន​បើកដៃ​ឱ្យ​មាន​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​ព្រៃឡង់​នោះ គឺជា​សហគមន៍​ដែល​ទទួល​ស្គាល់​ដោយ​ក្រសួងបរិស្ថាន មិនមែន​ជា​ក្រុម​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​ទេ​។ «​ភាគច្រើន​ក្រុម​ឈ្មួញ មក​ចាំ​ទិញ​ឈើ​នៅក្នុង​ភូមិ​ពើក​ហ្នឹង​តែម្ដង ហើយ​ឈើ​គឺ​ត្រូវបាន​គេ​ដឹក​បន្ត​តាម​ម៉ូតូ​​ ឬ​គោយន្ត​ទៅកាន់​ខេត្ត​កំពង់ធំ​។ និយាយ​ឱ្យចំ តំបន់​ភូមិ​ពើក​ហ្នឹង គឺ​កន្លែង​មន្ត្រី​បរិស្ថាន​នៅ គឺ​មាន​ស្នាក់ការ​ក្នុង​ភូមិ​ពើក​ហ្នឹង​តែម្ដង​។ ភូមិ​ហ្នឹង គឺជា​តំបន់​ប្រមូលផ្ដុំ​របស់​ក្រុម​ឈ្មួញ​ឈើ​ដ៏ធំ​មួយ​ដោយសារ​មាន​ច្រក​ផ្លូវ​ចេញ​ទៅ​ក្នុង​ព្រៃឡង់​ច្រើន​ផ្លូវ​ប្រៀប​បាន​សរសៃឈាម​មួយ​អ៊ីចឹង​»​។

ចាប់​តាំងពី​ខែ​កុម្ភៈ​មក​ក្រសួង​បរិស្ថាន​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​បណ្ដាញ​សហគមន៍​ព្រៃឡង់​ទាំង​ ៤ ​ខេត្ត ដើម្បី​ឱ្យ​បញ្ឈប់​សកម្មភាព​ចុះ​ល្បាត​ព្រៃ​ដែល​ពួកគេ​អះអាង​ថា ធ្វើ​ឡើង​ក្នុង​ការចូលរួម​ការពារ​ព្រៃឡង់​ពី​ការកាប់បំផ្លាញ​។ ប៉ុន្តែ​ក្រសួង​បរិស្ថាន​បាន​ចាត់ទុក​ក្រុម​បណ្ដាញ​សហគមន៍​នេះ​ថា ជា​ក្រុម​ធ្វើ​សកម្មភាព​ខុសច្បាប់​ដែល​​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​បញ្ឆេះ​កំហឹង​ពលរដ្ឋ​ឱ្យ​ស្អប់​មកលើ​រដ្ឋាភិបាល លើ​កិច្ចការពារ​ធនធាន​ធម្មជាតិ​៕