ព្រះសីហនុៈ លោក​ នួន ប៉ុក អតីត​ប្រធាន​មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ១ ​មីនា​។ ការចាប់ខ្លួន​នេះ​ដោយសារ​មាន​ការសង្ស័យថា លោក​បាន​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​អំឡុងពេល​កំពុងកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​ដែនដី​ខេត្ត​ព្រះសីហនុ​ចាប់ពី​ឆ្នាំ​ ២០១៦ ​ដល់​ឆ្នាំ​ ២០១៨​។

សារព័ត៌មាន ហ្វ្រេសញូវ បាន​ផ្សាយ​នៅ​ថ្ងៃ​ម្សិលមិញ​ដោយ​យោង​តាម​មន្ត្រីជាន់ខ្ពស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ម្នាក់​ដែល​បាន​បញ្ជាក់ថា លោកស្រី កែម សុភាព ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ឃាត់ខ្លួន​លោក​ នួន ប៉ុក​។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​រូបនោះ​មិនទាន់​បានបញ្ជាក់​លម្អិត​អំពី​ការចាប់ខ្លួន​នេះ​នៅ​ឡើយ​ទេ​។

កាលពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញប៉ុស្ដិ៍​មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​លោក​ ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក​ សេង ឡូត មន្ត្រី​នាំពាក្យ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក​ ផៃ ស៊ីផាន មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​បានទេ​ដោយសារ​ពួកគាត់​មិន​លើក​ទូរស័ព្ទ​។

លោក​ ឃាង ភារម្យ មន្ត្រី​នាំពាក្យ​ខេត្ត​ព្រះសីហនុ​បញ្ជាក់​ថា លោក​មិនអាច​បញ្ជាក់​រឿង​នេះ​បាន​ទេ ដោយសារ​ជា​ដែន​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​។

កាលពី​ដើម​ឆ្នាំ​ ២០១៩ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រកាស​ប្រើ​អភិក្រម​ទី​ ៥ គឺ​ការវះកាត់​ដើម្បី​លុបបំបាត់​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​។ ក្រោយ​មាន​ការប្រកាស​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​បើក​ស៊ើបអង្កេត​លើ​មន្ត្រី​រដ្ឋាភិបាល​ជាច្រើនរូប​។

កាលពី​ថ្ងៃទី​ ២៧ ខែកុម្ភៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្ដន្ទាទោស​លោក​ លឿម ប៊ុនរឿន អតីត​ប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្តពោធិ៍សាត់រួមទាំង​អនុប្រធាន​មន្ទីរ និង​មន្ត្រី​មន្ទីរ​ម្នាក់ទៀត​ពី​បទ​សម្អាត​ប្រាក់ រំលោភ​អំណាច និង​វិតិក្រម​ដោយ​ដាក់​ពន្ធនាគារ​ចំនួន​ ៨ ​ឆ្នាំ​។

អតីតមន្ត្រី​មន្ទីរ​ដែនដី​ទាំង​ ៣ ត្រូវបាន​ចាប់ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ខេត្តពោធិ៍សាត់​កាលពី​ខែកក្កដា ឆ្នាំ​ ២០១៩​។

លោក​ សន ជ័យ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ គណនេយ្យភាព​សង្គម​កម្ពុជា​ថ្លែង​ថា ព្រះសីហនុ​គឺជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ដទៃទៀត​ដែល​មាន​ការរីកដុះដាល​នៃ​ការសាងសង់​អចលនទ្រព្យ និង​ការគ្រប់គ្រង​អចលនទ្រព្យ​ដីធ្លី​ជាដើម​។

ប៉ុន្តែ​លោក​បន្តថា​ គេ​បានដឹង​អំពី​មូលហេតុ​ដែល​នាំឱ្យ​មាន​ការសាងសង់​សំណង់​គ្មាន​ច្បាប់​មួយ​ចំនួន​នៃ​ខេត្ត​នេះ​ក៏​អាច​ដឹង ដោយសារ​មាន​ភាពយឺតយ៉ាវ ឬ​ស្មុគស្មាញ​ក្នុង​ការទទួល​ភាពស្របច្បាប់​សាងសង់​ដែល​រាល់​ការសាងសង់​ត្រូវ​ស្នើសុំ​ច្បាប់​ចាប់ពី​មន្ទីរ​ឡើងទៅ​។

លោក​ ជ័យ បញ្ជាក់ថា​៖ «​ជាមួយ​នឹង​ភាពស្មុគស្មាញ​ដែល​មាន​ស្រាប់​នៅក្នុង​សេវា​សុរិយោដី និង​សេវា​សាងសង់​នេះ វា​ងាយ​នឹង​នាំឱ្យ​មាន​ការប្រព្រឹត្ត​អំពើ​ពុករលួយ ឬ​ការ​ឆក់​ឱកាស​ពី​ក្រុមមន្ត្រី​ដែល​មាន​សិទ្ធិអំណាច​។ អ៊ីចឹង​ខ្ញុំ​យល់ថា ប្រសិន​បើ​មាន​ភ័ស្ដុតាង​គ្រប់គ្រាន់​ ឬ​ការប្ដឹង​ពី​ជនរងគ្រោះ​ពី​អាជ្ញាធរ​ណាមួយ ឬ​ពី​វិស័យ​ឯកជន​ក្ដី ដើម្បី​ចាត់ការ​លើ​រឿងនេះ ខ្ញុំ​គិត​ថា មិនអាក្រក់​ទេ​»៕