ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) នឹង​មិន​ដា​ក់​​ពង្រាយ​អ្នក​សង្កេត​ការណ៍​​​ដើ​ម្បី​ឃ្លាំ​មើលការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិបាក់​ឌុប​​​ទៀត​ទេ ​នៅ​ក្នុង​ឆ្នាំ​នេះ បន្ទា​ប់​​ពី​​​​ស្ថាប័ន​មួយ​នេះបាន​ដាក់​អ្នក​​សង្កេត​ការណ៍​រយៈ​ពេល ​​​៥ ឆ្នាំ​រួច​មក​តែ​​បាន​ស្នើឱ្យ​ក្រសួង​អប់រំ​ ពង្រឹង​យន្ត​ការ​របស់​ខ្លួន គឺយន្ត​ការ​អប្បមាទ។

អប្ប​មាទ គឺជា​អ្នក​ដែល​ទៅ​ត្រួត​ពិនិត្យ​ នៅក្នុង​មណ្ឌល​ប្រឡង និង​ដំណើរ​ការ​ប្រឡង​នៅ​ក្នុង​បន្ទប់​ប្រឡង។

សេចក្តី​ជូន​ដំណឹង​របស់ AC​U កាល​​ពី​ថ្ងៃ​ទី ​២៧ ខែ​ មិថុនា បាន​បញ្ជា​ក់​ថា ACU មិន​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍​នៅ​ក្នុង​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​​នេះ ដែល​នឹង​ប្រព្រឹត​ទៅ​នៅ​ថ្ងៃ​ទី ១៩ និង​ទី ២០ ខែ​ សីហា ដូច​ក្នុង​រយៈ​ពេល​​​ ៥ ​ឆ្នាំកន្លង​មក​​នោះ​ទេ។

លោក រស់ សុវាចា អ្នក​នាំ​ពាក្យ​ក្រ​សួ​ង​​អប់រំបាន​ប្រាប់​ភ្នំ​​ពេញ​ប៉ុស្តិ៍​កាល​ពីម្សិល​មិញ​ថា ការ​មិន​​ដាក់​ពង្រាយ​អ្នក​​​សង្កេ​ត​​ការណ៍​ប្រឡង​នេះ​នឹង​មិន​ប៉ះ​ពា​ល់​ទៅ​ដល់​គុណភាព​ប្រឡង​ទេ ពីព្រោះ​​ក្រសួង​អប់រំ​ បាន​បន្ត​សហការណ៍​​ជា​មួយ ACU ដើ​ម្បី​ដោះ​ស្រាយ​រាល់ប​ញ្ហា​​ទាំង​អ​ស់​ ដែល​កើត​មាន​ឡើង ប្រសិន​ជា​មាន​អំពើ​ពុក​រលួយ​កើត​ឡើង។

លោកបញ្ជាក់​ថា៖ «ពេល​មុន យើង​មាន​អ្នក​សង្កេត​ការណ៍​ដើរ​មើល​ទៅ​តាម​ថ្នាក់ ឥឡូវ​នេះ​គឺ​យើង​បង្កើន​ចំនួន​​អប្ប​មាទ ក៏ដូច​ជា​ជំនួយ​ការ​អប្ប​មាទ ដែ​ល​ត្រូវ​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោ​​​ម​មន្ត្រី​អប់រំ ​ក៏​ដូច​ជា​ក្នុង​ចំណោម​គរុ​សិស្សនិស្សិត ដើម្បី​ឱ្យ​គាត់ ដើរ​ពិនិត្យ​​មើល​សង្កេត​បន្ទប់​ប្រឡង​នេះ​»។

បើ​តាម​លោក សុវាចា យន្តការ​ប្រឡង​នេះ គឺ​មា​ន​គណៈ​កម្មការ​ទូទាំង​ប្រទេ​ស ដែល​​ទទួល​ខុស​ត្រូវ​លើ​ដំណើរ​ការ​ប្រឡង​នៅ​តាម​រាជធានី​ ខេត្ត​​ទាំង ២៥។

លោកបញ្ជាក់​ថា៖ «បន្ទាប់​មក​ទៀ​តគឺ​ក្រសួង​មាន​ចាត់​តាំង​អ្នក​ទទួល​បន្ទុក​ក្នុង​ការ​រៀបចំ​ការ​ប្រឡង ហើយ​បន្ទា​ប់ម​ក​ទៀត​គឺ​យើង​មាន​អប្ប​មាទ ដែល​ជា​អ្នក​ត្រួត​ពិនិ​ត្យ​ទៅលើ​ការងារ​ប្រធាន​មណ្ឌល​ប្រឡង​។ ប្រធាន​មណ្ឌល​ប្រឡ​ង ដើរ​តួ​ជាតំណាង​របស់​រដ្ឋ​មន្ត្រី ក្រសួង​អប់រំ នៅក្នុង​មណ្ឌល​ប្រឡង​តែ​ម្តង។ ដោយ​ឡែក​អប្បមាទ​ត្រួត​ពិនិត្យ​បន្ថែ​ម​ទៀត​ នៅ​ក្នុង​មណ្ឌល​ប្រឡង​នីមួយៗ​ ដោយ​មាន​ការ​គាំទ្រ​ពី​សំណាក់​​ជំនួយ​ការ​អប្បមាទ​ដើម្បី​ជួយ​ត្រួត​ពិនិត្យ នៅ​ក្នុង​​បន្ទប់​ប្រឡង​តែម្តង»។

ក្រសួង​អប់រំ​បាន​ប្រកាស​កាល​ពី​ពេល​​ថ្មីៗនេះ​​ថា ក្រសួង​មានការ​​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ក្នុង​ការ​ធា​នាគុណ​ភាព​នៃ​ការ​ប្រឡង​បាក់ឌុប​នេះ ឲ្យ​មាន​ដំណើរ​កា​រ​ល្អ ឈរ​លើ​គោល​ការណ៍​ច្បាប់ យុត្តិធ​ម៌ តម្លា​ភាព និង​លទ្ធ​ផ​ល​ទទួល​យក​បាន។ ក្រសួង​អប់រំ​បាន​អំពាវ​នាវ​ឲ្យ​បេក្ខ​ជន បុគ្គ​លិក​អប់​រំ មាតា​បិតា និង​គ្រប់​ភាគី​ពា​ក់​ព័ន្ធ​​ចូលរួម​ចំណែ​ក​ធានា​យ៉ាង​ណា ឱ្យ​ដំណើរ​ការ​ប្រឡង​​នេះ ប្រព្រឹត្ត​ទៅ​មាន​ស្តង់ដា​ខ្ពស់។

លោក សុវាចា បន្ថែម​​ថា៖ «សូម​បេក្ខ​ជន និង​បុគ្គ​លិក​អប់រំ​ទាំង​អស់​ គោរ​ព​បទ​ប្បញ្ញត្តិ​របស់​ក្រសួង​អប់​រំ យុវជន និង​កីឡា។ ក្រសួងនឹង​អនុ​វត្ត​យ៉ា​​ង​ម៉ឺង​ម៉ាត់​បំផុត នូវ​បទ​ប្បញ្ញត្តិ​ដែល​មាន​ជា​ធរមាន»។

លោក ឱម យិន​ទៀង ប្រធាន​ ACU មិន​​អាច​ទាក់ទង​សុំ​អធិប្បាយ​​បាន​ទេ។

ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ ២០១​៩​ នេះមាន​​បេក្ខជន​ដាក់​ពាក្យ​ចំនួ​ន ១១៩ ២១៧​ នាក់ (ស្រី ៦១ ០៣​១​ នាក់)។ សំណើ​មណ្ឌល​ប្រឡង​មាន ២០២ មណ្ឌល។

លោក​ស្រី អ៊ុក ឆាយ៉ាវី ប្រធា​ន​សមា​គម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍ថា ប្រសិន​បើ​​ ACU នៅ​តែ​បន្ត​សហការ​ជា​មួយ​ក្រសួង​អប់រំ​​បា​ន​ន័យ​ថា គួរតែ​រំលាយ​ក្រសួ​ង​អប់រំ​ ហើយ​ទុក​ឱ្យ​ ACU ជា​អ្នក​គ្រប់​គ្រង​​វិញពីព្រោះ​​រដ្ឋាភិបា​ល​ ក៏ដូចជា​ក្រសួង​​អប់រំ កំពុង​តែ​​​ឧតម្លៃ​ខ្ពស់ទៅលើ​ ACU។ «តាម​ពិត​ទៅ​ល្អ​ហើយ​ ដែល​មាន​ធនធាន​មនុស្ស​ជួយប៉ុន្តែ​ចង់​ឱ្យ​ក្រសួង​អប់រំ​ខ្លួន​ឯង​ហ្នឹង​ម្ចាស់ការ​ មិន​មែន​នៅ​ក្រោ​ម​អ្នក​ណាម្នាក់ សម្រាប់​គ្រប់​គ្រង​ទេ ព្រោះអី​លោក​សុទ្ធតែជា​បណ្ឌិត​សុទ្ធ​តែ​ជាបញ្ញវន្ត សុទ្ធតែ​ជា​អ្ន​ក​​រៀន​បាន​ខ្ពង់​ខ្ពស់។ អ៊ីចឹង​លោក​មាន​ស្ថា​​ប័ន​​មួយ​ទៀតសម្រាប់​គ្រប់​គ្រ​ងបា​ន​ន័យ​ថា សមត្ថ​​ភាព​អស់​លោក​រដ្ឋ​មន្ត្រី​ហ្នឹង​គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ»៕