ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដាក់ចេញយុទ្ធនាការត្រួតពិនិត្យការងារផ្តល់សេវាសាធារណៈពេញ ១ ឆ្នាំ ២០២០ នៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីផ្សារភ្ជាប់ការពង្រឹងការផ្សព្វផ្សាយព័ត៌មានសេវាសាធារណៈ និងជំរុញការអនុវត្តយន្តការទទួលព័ត៌មានក៏ដូចជាដោះស្រាយបណ្តឹងអ្នកទទួលសេវា និងពង្រឹងក្រមសីលធម៌មន្ត្រីក្នុងការផ្តល់សេវាសាធារណៈ។
ការដាក់ចេញយុទ្ធនាការនេះក៏ដើម្បីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅថ្ងៃទី ៩ ធ្នូផងដែរ ក្រោមប្រធានបទ «រួមគ្នាលើកស្ទួយការផ្តល់សេវាសាធារណៈល្អ»។
សេចក្តីប្រកាសរបស់ ACU ដែលត្រូវបានផ្សព្វផ្សាយនៅលើហ្វេសប៊ុក ACU កាលពីចុងសប្ដាហ៍មុនបានបញ្ជាក់ថា៖ «ការចុះត្រួតពិនិត្យការងារផ្តល់សេវាសាធារណៈនឹងផ្សារភ្ជាប់នឹងការពង្រឹង និងពង្រីកការផ្សព្វផ្សាយជាសាធារណៈនូវព័ត៌មានបច្ចុប្បន្នភាពស្តីពីសេវាសាធារណៈ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការប្រឆាំងអំពើពុករលួយជំរុញការអនុវត្តយន្តការទទួលព័ត៌មានត្រឡប់ និងដោះស្រាយបណ្តឹងតវ៉ារបស់អ្នកប្រើប្រាស់សេវា និងពង្រឹងប្រសិទ្ធភាពអនុវត្តក្រមសីលធម៌ការងាររបស់មន្ត្រីសាធារណៈ»។
សេចក្តីប្រកាសនេះបានបញ្ជាក់ថាការចុះត្រួតពិនិត្យនេះក៏ដើម្បីធានានូវការអនុវត្តអភិក្រមក្នុងការផ្តល់សេវាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងធ្វើឱ្យមានតម្លាភាព» ផងដែរ។
សេចក្តីប្រកាសនេះក៏បានដកស្រង់សម្ដីរបស់លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងប្រធានអង្គភាព ACU ដែលបានលើកឡើងពីសារៈសំខាន់នៃការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសេវាសាធារណៈដើម្បីបង្កើនទំនុកចិត្តរបស់ពលរដ្ឋមកលើរដ្ឋបាលសាធារណៈ។
លោក ឱម យ៉ិនទៀង បានលើកឡើងនៅក្នុងសេចក្តីប្រកាសនោះថា ការសម្រួចយុទ្ធសាស្ត្រអប់រំ បង្ការទប់ស្កាត់ ដែលបានចាប់ផ្តើមអនុវត្តការត្រួតពិនិត្យកាលពីខែមុននៅក្នុងសង្កាត់ទាំង ៧ នៃខណ្ឌមានជ័យទទួលបានការ «គាំទ្រយ៉ាងពេញទំហឹង» ពីក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយក្នុងកិច្ចប្រជុំកាលពីដើមខែនេះ។
លោក ឱម យ៉ិនទៀង មិនអាចទាក់ទងដើម្បីសុំការបញ្ជាក់បន្ថែមបានទេកាលពីថ្ងៃពុធម្សិលមិញដោយសារទូរស័ព្ទរបស់លោកមិនមានអ្នកទទួល។
យ៉ាងណាក្ដីលោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា សម្រាប់យុទ្ធនាការនេះវាមិនមានអ្វីអាក្រក់នោះទេ។ ប៉ុន្តែលោកចង់ឃើញការកំណត់អាទិភាពទៅលើសេវាមួយចំនួនដែលពលរដ្ឋកំពុងមានបញ្ហាប្រឈមដូចជាសេវាសុំច្បាប់សាងសង់ជាដើម។ សេវាបែបនេះជាមុខសញ្ញាដែលពលរដ្ឋខ្វះព័ត៌មានខ្វះការយល់ដឹងច្រើនទៅលើនីតិវិធី និងមានការពាក់ព័ន្ធនឹងភាពស្មុគស្មាញផងដែរ។
លោកបានបញ្ជាក់ថា៖ «អ៊ីចឹងបើកាលណាភាពស្មុគស្មាញត្រូវបានកាត់បន្ថយការសូកលុយកាក់ក្រៅផ្លូវការ ឬក៏ការពឹងអ្នករត់ការក៏វាមានការថយចុះដែរ។
នេះជាមុខសញ្ញាដែលយើងចង់ឃើញជាជាងការចំណាយពេលវេលាទៅវាយតម្លៃ ឬក៏តាមដាននូវសេវាដដែលៗដូចជាធ្វើសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត លិខិតរដ្ឋបាលមួយចំនួន និយាយឱ្យចំទៅឃើញថាវា (សេវាសំបុត្រកំណើត) គ្រាន់បើមួយចំនួនធំហើយ។ វាមិនទាន់ល្អឥតខ្ចោះអីទេ។ អ៊ីចឹងគេគួរតែមើលអ្វីដែលនៅសេសសល់អ្វីដែលជាកត្តាប្រឈមនៅឡើយ»។
លោក សន ជ័យ បន្តថា ACU គួរតែវាយតម្លៃលើភាពចាំបាច់មួយថា តើបញ្ហាណាដែលនៅតែប្រឈម។ កាលណាបញ្ហានោះប្រឈមកាន់តែខ្លាំង ACU គួរចាត់បញ្ហានោះមកធ្វើជាអាទិភាព។ ការធ្វើបែបនេះក៏ចូលរួមចំណែកបានច្រើនក្នុងការដោះស្រាយបញ្ហាដែលតែងតែកើតមានឡើងដែរ៕