ភ្នំពេញៈ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ​បាន​បំភ្លឺ​កាលពី​ថ្ងៃទី​ ២០ ​វិច្ឆិកា ​ថា លោក​ កើត វណ្ណារ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​ និង​លោក ងួន ណារ៉ា ប្រធាន​សាលាដំបូង​ខេត្ត​នេះ ​ពុំ​បាន​ប្រព្រឹត្ត​ពុករលួយ​ជុំវិញ​ការទទួល​​លុយ​ ៥ ​ម៉ឺន​ដុល្លារ​ ​ជា​ថ្នូរ​នឹង​ការមិន​ចាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ករណី​ប៉ុនប៉ង​មនុស្សឃាត​គិត​ទុក​ជា​មុន​នោះទេ​។

តាម​លិខិត​របស់​ប្រធាន​ (ACU) ​បញ្ជាក់ថា ការប្ដឹង​របស់​លោក ស៊ីម ឈីវឈានពិសិដ្ឋ មាន​លំនៅ​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្លក្រាម​ ក្រុង​សៀមរាប​ដែល​បាន​ចោទ​លោក គង់ មង្គល ប្រធាន​សហគមន៍​កសិកម្ម​ប្រើប្រាស់​ទឹក​ទំនប់​ ៧៨ ​ជ្រាវ និង​ជា​ប្រធាន​សហគមន៍​ទេសចរណ៍​ធម្មជាតិ​បឹង​ពារាំង​ថា បាន​សមគំនិត​ជាមួយ​លោក ក្អោប រ៉ន ចៅសង្កាត់​ជ្រាវ និង​លោក គង់ ប៊ឺប ចៅសង្កាត់​ជ្រាវរង​ទី​ ១ ​យក​លុយ​​ ៥ ​ម៉ឺន​ដុល្លារ​ ទៅ​ឱ្យ​លោក អ៊ូ ផន ជា​ក្រឡាបញ្ជី​ដើម្បី​ប្រគល់​បន្តទៅ​ឱ្យ​លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា និង​លោក ងួន ណារ៉ា ប្រធាន​សាលា​ដំបូង​ខេត្ត​សៀមរាប​ជា​ថ្នូរ​សុំ​មិន​ឱ្យ​ចាត់ការ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​មួយ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៩ គឺ​រឿង​មិន​ពិត​ដូច​ការចោទប្រកាន់​ឡើយ​។

ACU ​បន្ត​ថា​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​ ១១៦ ​ចុះ​ថ្ងៃ​ ៧ ខែ​​ កុម្ភៈ ឆ្នាំ​ ២០១៩ ដែល​លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​ប្ដឹង​លោក គង់ មង្គល និង​សមាជិក​សហគមន៍​ជាច្រើន​នាក់​ទៀត​ទៅ​កាន់​តុលាការ​ពីបទ​ប៉ុនប៉ង​វាយ​សម្លាប់​លោក​​ដោយ​គិតទុក​ជាមុន​នោះ​គឺ​ត្រូវ​អយ្យការ​បាន​ស៊ើបអង្កេត និង​សម្រេច​ចេញ​ដីកា​សន្និដ្ឋាន​ហើយ ក្រោយមក​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​​បញ្ជូន​រឿង​ឱ្យ​ពិនិត្យ​រួចហើយ ។

លិខិត​បាន​សរសេរ​ថា​ «​តាមរយៈ​ចំណាត់ការ​លើ​សំណុំ​រឿងនេះ​បាន​បង្ហាញ​ថា អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប និង​ចៅក្រម​ស៊ើបសួរ​បាន​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ដោយ​យកចិត្ត​ទុកដាក់​ខ្ពស់​តាម​នីតិវិធី​»​។ ​

លិខិត​បន្ថែមថា​ «​សូម​លោក​ (​ស៊ីមឈីវឈានពិសិដ្ឋ​) ​កុំ​គប្បី​យល់​ខុស​ថា តុលាការ​មិនមាន​ចំណាត់ការ​អ្វី​សោះ ហើយ​អ្វី​ដែល​លោក​ចោទប្រកាន់​​ទៅ​តុលាការ​ថា បាន​យកប្រាក់​ដើម្បី​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​នោះ​គឺ​មិនមាន​តម្រុយ​អ្វី​ទេ​។ សូម​លោក​បន្ត​នីតិវិធី​តាម​ផ្លូវ​តុលាការ​បន្តទៀត​»​។

លោក យិន ស្រាង មន្ត្រី​នាំពាក្យ​សាលាដំបូង​ខេត្ត​សៀមរាប​មិនទាន់​អាចឆ្លើយតប​ចំពោះ​បញ្ហា​នេះ​បាន​ទេ ដោយ​លោក​បាន​ស្នើសុំ​ទៅ​ពិនិត្យ​រឿងនេះ​ឡើងវិញ​។ ជាមួយ​គ្នា​នេះ​លោក ស៊ីម ឈីវឈានពិសិដ្ឋ ដែល​គេ​ស្គាល់​ថា អនុប្រធាន​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​ដើម្បី​សេរីភាព និង​ជា​មន្ត្រី​នៅ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​ក្រសួងបរិស្ថាន​ក៏​មិនទាន់​ឆ្លើយតប​ដែរ​ដោយ​លោក​ថា​ជាប់រវល់​។

បើ​យោង​គេហទំព័រ​តាម​សារព័ត៌មាន​មួយចំនួន ដូចជា សារព័ត៌មាន​ខ្មែរ​ ៧ ​មករា និង​សារព័ត៌មាន​ថ្ងៃនេះ​បាន​ចុះផ្សាយ​ដូចគ្នា​ថា លោក​ ស៊ីម ឈីវឈានពិសិដ្ឋ ​ត្រូវ​បាន​មនុស្ស​ជិត ២០ ​នាក់​ ដែល​គេ​ស្គាល់​ថា​ជា​កូនចៅ​​របស់​លោក គង់ មង្គល ចាប់​យក​ទៅ​វាយដំ​រហូត​សន្លប់​។

សារព័ត៌មាន​ទាំងនេះ​បន្ត​ថា​ករណី​វាយប្រហារ​នេះ​គឺ​កើត​​ឡើង​នៅ​ម៉ោង​​ ៧ ​យប់​ថ្ងៃ​ទី​ ២៦ ​ខែ​ មករា​ ឆ្នាំ ២០១៩ នៅពេល​លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​ចុះ​ទៅ​យក​ព័ត៌មាន​ដើម្បី​ថត​យក​បទល្មើស​នេសាទ​នៅ​បឹងពារាំង ស្ថិត​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។

សារព័ត៌មាន​ខ្លះ​ទៀត​ផ្សាយ​ថា ក្រោយពី​មាន​ករណី​នេះ​លោក​ ស៊ីម ឈីវឈានពិសិដ្ឋ បាន​ប្ដឹង​លោក គង់ មង្គល និង​បក្ខពួក​ទៅ​តុលាការ​ខេត្ត​សៀមរាប​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​គិតទុក​ជាមុន និង​បាន​ទាមទារ​សំណង​ ១ ​លាន​ដុល្លារ​។

កាលពី​ម្សិលមិញ​លោក គង់ មង្គល មិនបាន​លើក​ទូរស័ព្ទ​ឡើយ​ក្រោយ​ការហៅ​ចូល​ជា​​ច្រើនលើក​។ ​ក៏ប៉ុន្តែ​តាម​សេចក្ដី​បំភ្លឺ​កាលពី​ថ្ងៃទី​ ៣០ ខែ​ មករា​ ឆ្នាំ​ ២០១៩ លោក គង់ មង្គល បាន​បដិសេធ​ដោយ​ថា​ករណី​ហិង្សា​នេះ​គឺ​កើតឡើង​ជាយថាហេតុ និង​បង្កឡើង​ដោយ​លោក​ ស៊ីម ឈីវឈានពិសិដ្ឋ ។

សេចក្ដី​បំភ្លឺ​បញ្ជាក់​ថា​៖ «​ខ្ញុំ​សូម​ច្រានចោល និង​បដិសេធ​ទាំងស្រុង​ចំពោះ​ការចោទប្រកាន់​ខាង​លើ​ពីព្រោះ​ក្នុង​ហេតុការណ៍​នោះ​មាន​វត្តមាន​មនុស្សម្នា​ជាច្រើន​កុះករ​នៅ​ទីនោះ​ដែល​ជា​ភ្ញៀវទេសចរ និង​អ្នកជំនាញ​ថត​សត្វ បោះតង់​ដេកចាំ​មើល​សត្វ និង​ថត​សត្វ​ទុក​ជា​ឯកសារ និង ក្រុម​ប្រចាំការ​ជា​សមាជិក​សហគមន៍​ប្រហែល​ ២០ ​នាក់​ គ្មាន​ប្រាក់​​ឧបករណ៍​ ឬ​អាវុធ​អ្វី​ឡើយ​»​។

សេចក្ដី​បំភ្លឺ​បន្តថា «​អំពើហិង្សា​​នោះ​បាន​បង្កឡើង​ដោយសារ​​តែ​លោក ស៊ីម ឈីវឈានពិសិដ្ឋ ខ្លួនឯង​ផ្ទាល់​បាន​ចូល​ថតរូប​ដោយ​សេរី អនាធិបតេយ្យ​គ្មាន​ហេតុផល​សមរម្យ គ្មាន​ការសហការ​ជាមួយ​សហគមន៍ ប្រើពាក្យ​សម្ដី​អសុរោះ ...​បណ្ដាល​ឱ្យ​ទាស់​ពាក្យសម្ដី គ្នា​ផ្ទុះ​កំហឹង​កើតមាន​ជម្លោះ​ជាយថាហេតុ​»៕