ភ្នំពេញៈ ប្រ​ធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ លោក ​ឱម យិុន​ទៀង បាន​អះ​អាង​ថា ក្រោយ​ពី​ស៊ើប​អង្កេត​បាន​រក​ឃើញ​ថា ​ការ​​សម្ញែង​ទ្រព្យ​របស់​លោក គឹម រស្មី អតីត​មេប​ញ្ជាកា​រ​កង​រាជ​អា​វុ​ធហត្ថ​ខេត្ត​រត​នគិរី​ និង​លោក ​ស្រេង ​សុខា ​ស្នង​កា​រ​រង​នគ​របាល​​ខេត្ត​កណ្ដាល​គឺ​ជា​ទ្រព្យ​ក្លែង​ក្លាយ​ និង​មិន​ពាក់​ព័ន្ធ​នឹង​ពុក​រលួយ​ទេ។ប៉ុន្តែ​លោក ថា លោក ​គឹម ​រស្មី​ កំពុង​ត្រូវ​បាន​​ស៊ើប​អ​ង្កេត​ជា​សម្ងាត់​ ១ ករណី​ទៀត​ រឿង​បទ​ល្មើស​ព្រៃឈើ។

នៅ​ក្នុង​សន្និ​សីទ​កាសែ​ត​កាល​ពី​ថ្ងៃទី​ ២​៨ មិថុនា លោក ​ឱម​ យិុន​ទៀង​ បាន​ថ្លែង​ថា អង្គ​ភាព​ប្រឆាំ​ង​អំពើ​ពុករ​លួ​យ ​​(ACU) បាន​​ស៊ើប​អង្កេត​ទ្រព្យ​សម្ប​ត្តិ​ដូច​ជា ផ្ទះ ឡាន និង​លុយ​ក្នុង​ធនា​គារ​ រួមទាំង​ទ្រព្យ​សម្ប​ត្តិ​​ប្រពន្ធ​ និង​កូន​ទាំង​ ៥​ នាក់ ​របស់​លោក ​គឹម​ រស្មី ប៉ុន្តែ​រក​មិន​ឃើញ​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ឡើយ ​រីឯ​សែក​ ៥ ​សន្លឹក​ តម្លៃ​សរុប​ ៥០ ​ម៉ឺន​ដុល្លា​រ ដែលចែកឱ្យ​កូន ​៥​ នាក់​ ក្នុង​ថ្ងៃពិធី​ខួប​កំណើ​ត ​១ គឺជា​សែក​​គ្មាន​លុយ​ទេ។

លោក​បន្ត​ថា ក្នុង​ចំណោ​ម​សែក​ទាំង​ ៥​ សន្លឹក​គឺ​ ៣ ស​ន្លឹក​ ត្រូវ​បាន​​ ACU ដក​ហូត​ធ្វើ​ជា​ភ័ស្ដុតា​ង និង​ ២​ សន្លឹក​ទៀត​ត្រូវ​កូន​លោក ​គឹម​ រស្មី ហែក​ចោល​ដោយ​សារ​ខឹង​ថា​ជា​សែក​ចង្រៃ​អត់លុយ​ដែល​ធ្វើ​ឱ្យ​ឪពុក​របស់​ខ្លួន​ត្រូ​វអស់​បុណ្យស័ក្ដិ។

​លោក​ថា៖ ​«អ៊ីចឹង​​យើង​មើល​ទ្រ​ព​សម្បត្តិ​អស់​ហ្នឹង​មិន​ទាន់​ឃើញ​ធានា​អះ​អាង​ថា (ពុក​រលួ​យ​ទេ)។ អា​លុយ ៥​០ ម៉ឺនហ្នឹ​ង​អត់​មាន​ទេ ព្រោះ​លុយ​ក្នុង​ធនាគារ​គាត់​មាន​អត់​គ្រប់​ ៥០ ​ម៉ឺន​ផង​ អ៊ីចឹង​បើ​សែក​ហ្នឹង​យកទៅ​បើក ​ជា​សែក​ដែល​អត់លុយ​ទេ។ គឺ​អួត​ស​ម្ញែង​ទ្រព្យ​ទេ បញ្ហា​គាត់​ខុសៗ​ត្រង់​សម្ញែង​ទ្រព្យ អ៊ីចឹង​រាជរដ្ឋាភិបាល​​ដក​គាត់»។

បើតាម​លោក ​យិុនទៀ​ង ពីដំបូង​​លោក ​គឹម រស្មី គឺជា​អ្នកក្រ​និង​ជា​អ្នកមាន​គ្រួសារ​រកស៊ី​ដាំ​កៅ​ស៊ូ ប៉ុន្តែ​បន្ទាប់​មក លោក​បាន​ពង្រឹ​ក​មុខរបរ​ដាំ​កៅស៊ូ​នោះគឺ​ក្រោយពី​គាត់លែង​លះ​ប្រពន្ធ​​ដើម​ហើយ​បាន​យកគ្នា​ជាមួយ​ប្រពន្ធ​បច្ចុប្បន្ន​​ ជា​ប្អូនស្រី​ បង្កើត​របស់​ភរិយា​លោក​ ​គន់ គីម អគ្គ​មេប​ញ្ជា​ការ​​រង​ក​ង​យោធពល​ខេមរភូមិន្ទ។

លោក ឱម យិុន​ទៀង បន្ថែម​ថា ក្រោយ​ហៅ​ប្រព​ន្ធ កូន និង​លោក គឹម រស្មី មក​សួរ​ គឺ​ទ្រព្យ​សម្បត្តិ​​ដែល​លោក​គឹម​រស្មី​មាន​សព្វ​ថ្ងៃបាន​ពី​ការ​ពង្រីក​មុខ​របរ​ដាំ​កៅ​ស៊ូ​និង​ដោយ​សារ​ប្រពន្ធ​ក្រោយប្រស​ប់រកស៊ី​។​ លើស​ពីនេះ ផ្ទះ ១ កន្លែង​នៅក្បែរ​វត្ត​លង្កា​​រាជ​ធានី​ភ្នំពេញ​ដែល​ត្រូ​វដាក់​ប្រកាស​លក់​ក្នុងតម្លៃ​ ១១​ លាន​ដុល្លារ​ គឺជា​ទ្រព្យ​ផ្ទាល់​ដែល​ប្រពន្ធ​ក្រោយ​របស់​លោក​ គឹម​រស្មី​ បាន​ទិញ​កាល​ពី ១០ ​ឆ្នាំមុ​ន​ តែ​ក្នុង​តម្លៃ ​១ លានដុល្លារ។

លោក​ថា៖ «អានេះ​ប្រភពមួយ​ដែល​យើង​រក​ឃើញ ឯ​ផ្ទះ​វីឡា​គាត់​ទិញ​មក​ប៉ុន្មានអី​ប៉ុន្មានយើង​ហៅ​មក​សួរ​ឡើង​ស្ងួត​ជើង​ធ្មេញ ហើយ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករ​លួយ​ណែ​នាំឱ្យ​អង្គភាព​ផ្សាយ​រឿង​ហ្នឹង​ឱ្យ​លឿន ពីព្រោះ​សា​ធារ​ណម​តិ​ និង​ហ្វេសប៊ុក​យក​ចិត្ត​ទុក​ដាក់​ខ្លាំង»។

លោក ប៉ែន ប៊ុណ្ណា​រ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​អង្គការ​អាដហុក​បាន​ថ្លែងថា​លោក​និង​ពល​រដ្ឋ​ជាច្រើន​នៅតែ​មិន​ទាន់​ពេញ​ចិត្ត​ការស៊ើបអង្កេតនេះ ដោ​យលោក​ថា ​លោក គឹម រ​ស្មី គឺ​ជា​តួអង្គ​ដ៏​សំ​ខាន់​មួយទ​ទួលខុ​សត្រូវ​ចំពោះ​ការ​កាប់បំ​ផ្លាញ​ព្រៃឈើ​ក្នុង​ខេត្ត​រ​តន​គិ​រី ព្រោះ​កាល​ពី​ឆ្នាំ​ ២០១០​ នៅខេត្ត​រន​ត​គិរី​ ក្នុង​រយៈ​ពេល​តែ ១០ ថ្ងៃ គឺមាន​រថយន្ត​ដឹកឈើ​ទម្ងន់​ ១០០​ តោន​បាន​ដឹក​ឈើ​ចេញទៅ​វៀត​ណាម​ ២៦០​ ឡាន ដោ​យ​ក្នុង​ ១ ឡាន​ ឈ្មួញ​ត្រូវ​បង់​លុយ​ឱ្យ​មន្ត្រី​ ២ ​ម៉ឺន ៣ ពាន់​ដុល្លារ។

លោក​ថា៖ ​«អ៊ីចឹង​ត្រឹម​តែ ១០ ថ្ងៃ ចុះ​តាំង​ពីមុ​នម​ក​ៗ​ដល់​​ឥឡូវ​ហ្នឹង បើ​យើង​វិភាគ​លុយ​ត្រឹម​ ៥០​ ម៉ឺន​ដុល្លារ វា​មិន​ច្រើន​ដែល​រហូត (លោក គឹម រស្មី) រក​មិន​បាន​ទេ​បើ​យើង​មើល​តាម​ការ​បាត់បង់​ព្រៃឈើ»។

លោក ព្រា​ប កុល​ នាយ​ក​ប្រតិបត្តិ​អង្គការ​តម្លា​ភាព​កម្ពុជា​ក៏បានលើ​កឡើង​ដែរ​ថា ការចែក​សែក​ឱ្យ​កូន​ដោយ​គ្មាន​លុយគឺជា​រឿង​ចម្លែក និង​ពិបាក​ជឿ​។

លោក​ថា៖ «ឪពុក​ជូន​កាដូ​ឱ្យ​កូន​ជា​សែក​ធនា​គារ ​ហើយ​ប្រកាស​​ក្ដែងៗ​ប្រាប់​គេឯង​ជា​សាធារណៈ​ក្នុង​ពិធី​ជប់​លៀង។បើ​សែក​​នោះ​ក្លែងក្លាយ​វា​ជា​រឿង​ចម្លែក​ផង ជា​រឿង​អគុ​ណ​ធម៌​ផង។ អគុណធម៌​គឺ​នៅ​ត្រង់ថា ឪពុក​ម្ដាយ​បោក​ប្រាស់​កូន​ខ្លួនឯង​ជា​សាធារណៈ»។

យ៉ាង​ណា​ក្ដី ​លោ​ក ឱម យ៊ិនទៀ​ង បញ្ជាក់ថា ACU នៅ​បន្ត​ស៊ើប​អង្កេត​សម្ងាត់​លើ​លោក គឹម រស្មី ១​​ ​ករណី​ទៀត រឿងបទល្មើស​ព្រៃឈើដែល​អាច​ទទួល​បាន​កា​រ​សូកប៉ាន់​ពី​ឈ្មោះ ហូ ជី​វៃ ដែល​គេ​ថា​ ជា​មេខ្លោង​ធំ​ខាង​បទ​ល្មើស​ព្រៃឈើ។

លោក​ថា៖ «ប៉ុន្តែ​យើងខ្ញុំ​នៅ​ជំពាក់​រឿង​ព្រៃឈើ​ ១ សុំ​និយា​យ​ដោយ​ត្រង់ ហើយ​ស៊ើបអង្កេត​វគ្គ​មុន​រឿង​ព្រៃឈើ​ហ្នឹង គឺ ហូ ជី​វៃ។ កូន​ឯង​អាច​ឮហើយ​ឈ្មោះ​នេះ ហ្វេ​ស​ប៊ុ​ក​ម្ដុំ​នោះ​និយាយ​ខ្លាំងណាស់ ប៉ុន្តែ​ភ័ស្ដុតាង ​២ បញ្ច្រស​គ្នា ខាង​អ្ន​កកាសែត​ថា គាត់​នេះ​គឺជា​មេខ្លោង​ធំ​អំពី​ឈើ គាត់​ប៉ាវ​ចិញ្ចឹម​គ្រប់ (មន្ត្រី) ដល់ពេល​យើង​ជួប គឹម រស្មី គឹម រស្មី​ ថា ហូ ជី​វៃ នេះ​គឺជា​មនុស្ស​អ្នកក្រ អត់​លុយ​មាណ​ផង ហើយ​យើង​ចូលទៅ​មើល មនុស្ស​ហ្នឹង​លេង​តែ​ល្បែង​មិនមែន​អ្នកមាន​ខ្លាំ​ង ហើយ​ហេតុ​អី យើង​នៅតែ​បើក (ស៊ើបអង្កេត) ទៀត ព្រោះ​គាត់​ក្រ​ ប៉ុន្តែ​មាន​លុយ​លេង​ល្បែង​រាល់ថ្ងៃ​រាល់​ខែ​រាប់​ឆ្នាំ»។

ប៉ុន្តែលោក​ ប៉ែន ប៊ុណ្ណា​រ៍ អះ​អាង​ថា ការស៊ើប​អង្កេ​ត​អំពើពុករលួយ​របស់លោក គឹម រស្មី ជុំវិញ​បទល្មើស​ព្រៃឈើ​នេះមិន​ពិបាក​ឡើយ ហើយ​សាក្សី​ជា​ច្រើន​អាច​ផ្ដល់​ភ័ស្ដុតាង។

លោក​ថា៖ «យើង​ឃើញ​មាន​ការចុះ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ច្បាស់ៗណាស់ អ៊ីចឹង​សាក្សី​ដ៏​​សំខាន់​ក្នុងការ​ស្រាវជ្រាវ​រក​ទឹក​លុយ​ទាំងអស់​នោះ អំ​ពើពុករលួយ​ទាំង​អស់​នោះមិន​ពិបាក​ទេ»។

ចំណែក​ករណី​លោក ស្រេង សុខា ស្នងការរង​នគរបា​ល​ខេត្តក​ណ្ដាលដែល​ប​ង្ហាញ​ថ្លៃ​បណ្ណាការ​ភ្ជាប់​ពាក្យ​​ដ៏ស​ម្បើម​នោះ ក៏ត្រូវ​បាន​លោក ឱម យិុនទៀង ​អះអាង​ដែរ​ថា ជាការ​សម្ញែង​ទ្រព្យ​ដូច លោក គឹម រស្មី​ដែរ ព្រោះ​វត្ថុ​មានតម្លៃ​ទាំង​នោះ​គឺ​ដាំ​ពេ​ជ្រក្លែង​ក្លាយ ហើយ​ថ្លៃ​បណ្ណា​ការ ១០ ម៉ឺន​ដុល្លារ​គឺជា​លុយ​ខាង​ស្រី​ប៉ុណ្ណោះ​។

លោក​ថា៖ «អា​នា​ឡិកា​គាត់​សុទ្ធតែ​ក្លែងក្លាយ​ទេ អត់​មានតម្លៃអី​ប៉ុន្មាន​ទេ ​ប៉ុន្តែ​ឃើញ​អា​ឡាន​គេ​ល្អ វា​ទៅ​ថត​រួចហើយ​ផុស​ទៅ គេ​ច្រឡំ​ថា​ឡាន​វា តែ​មិនមែន​ឡាន​វា​ផង​ហ្នឹង ហើយ​ហៅ​សួរ វា​ថា​ឯកឧត្តម​អើយ​ ឡាន​ហ្នឹង​ឡាន​របស់​គេ​ខ្ញុំ​ថត​យក​សម្ញែង​ហ្នឹង ហើយ​នាឡិកា​ពេជ្រ ម៉េច​មិន​ប្រកា​ស​ទ្រព្យ ប៉ុន្តែ​គាត់​ថា ឯ​កឧត្តម នាឡិកា​ហ្នឹង​ក្លែងក្លាយ​​តើម៉ា ២៥ ដុល្លារ​​ហ្នឹង»៕