បាត់ដំបងៈ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីល្ងាចថ្ងៃទី ២៧ ខែមិថុនា បាននាំខ្លួនឧកញ៉ា សង ថន ដែលកាន់កាប់ដីប្រមាណ ៥ ពាន់ហិកតា ឬស្មើ ១ ភាគ ៤ នៃផ្ទៃដីក្នុងស្រុកគាស់ក្រឡទាំងមូលទៅសាកសួរពាក់ព័ន្ធនឹងករណីពុករលួយរឿងដីធ្លីនៅស្រុកនេះ។
ស្របពេលជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ជាអភិបាលនៃគណៈអភិបាលស្រុកគាស់ក្រឡផងដែរដែលសង្គមស៊ីវិលដាក់ការសង្ស័យថា ករណីនេះអាចមានជាប់ពាក់ព័ន្ធជាមួយគ្នានឹងរឿងដែល ACU បានរកឃើញ។
ភ្នំពេញ ប៉ុស្តិ៍ បានព្យាយាមទាក់ទងលោក ឱម យ៉ិនទៀង ប្រធាន ACU និងលោក យ៉ិនទៀង ពុទ្ធារិទ្ធ ជំនួយការផ្ទាល់របស់លោកដើម្បីបញ្ជាក់បន្ថែមអំពីករណីនេះ ប៉ុន្តែទូរស័ព្ទចុចចូល មិនមានអ្នកទទួល ខណៈលោក នួន បូផល អនុប្រធាន ACU បានបដិសេធផ្តល់បទសម្ភាស។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា លោកបានដឹងថា ACU បាននាំខ្លួនលោកឧកញ៉ារូបនេះទៅសាកសួរ ករណីពុករលួយក្នុងរឿងជម្លោះដីធ្លីតាមរយៈពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែលោកមិនដឹងថា ឧកញ៉ារូបនេះត្រូវបានបញ្ចូនទៅទីណានោះទេ ព្រោះនេះគឺជាសមត្ថកិច្ចរបស់ ACU ខណៈដែលខេត្តក៏កំពុងស៊ើបអង្កេតករណីជម្លោះដីធ្លីនេះដូចគ្នា។
លោកថា៖ «នេះជាការស្រាវជ្រាវរបស់អង្គភាព ដែលបានរកឃើញ ប៉ុន្តែជាក់ស្តែងកន្លងមក និងបច្ចុប្បន្ននៅក្នុងរឿងនេះ វាមានករណីទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋ។ ខេត្តកំពុងធ្វើការវាស់វែងដីខ្លះ ជូនប្រជាពលរដ្ឋ ហើយតាមជាក់ស្តែង (សង ថន) គាត់បានកាន់កាប់ដីធំនៅក្នុងស្រុកនេះ»។ លោក ងួន រតនៈ ថ្លែងថា ឧកញ៉ា សង ថន បានកាន់កាប់ដីប្រមាណ ៥ ពាន់ហិកតា ឬស្មើ ១ ភាគ ៤ នៃផ្ទៃដីក្នុងស្រុកគាស់ក្រឡទាំងមូល។
ចំណែកករណីដកតំណែងលោក ម៉ៅ សុចាន់ ជាអភិបាលនៃគណៈអភិបាលស្រុកគាស់ក្រឡលោក រតនៈ មិនអាចបញ្ជាក់បានទេថា មានជាប់ពាក់ព័ន្ធជាមួយនឹងករណីឧកញ៉ា សង ថន នោះឬអត់ ប៉ុន្តែលោកថា ការដកតំណែងមន្ត្រីណាមួយរបស់មន្ត្រីរដ្ឋាភិបាល គឺជារឿងធម្មតា។
លោក ស៊ីម គូ ពលរដ្ឋម្នាក់ដែលកំពុងមានជម្លោះជាមួយឧកញ៉ា សង ថន ក្នុងចំណោមពលរដ្ឋជាច្រើនគ្រួសារប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា វាជារឿងយុត្តិធម៌ ដែលពលរដ្ឋអាចនឹងទទួលបានបើលោក សង ថន ពិតជាត្រូវបានស្រាវជ្រាវពីករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡពិតមែន។
លោកថា ដំបូងឡើយ តំបន់នេះគឺជាដីព្រៃមិនមានមនុស្សរស់នៅនោះទេ ប៉ុន្តែក្រោយមកបន្ទាប់ពីរដ្ឋាភិបាលបានបង្កើតជាស្រុកក៏មានពលរដ្ឋដែលមិនមានដីសម្រាប់បង្កបង្កើនផលបានមករស់នៅ និងកាន់កាប់ដីជាបន្តបន្ទាប់សម្រាប់ចិញ្ចឹមជីវិត។
លោកបន្តថា ស្រាប់តែមានឈ្មោះ សង ថន រូបនេះរួមមានមន្ត្រីដែនដី អះអាងថាពលរដ្ឋរំលោភដីលោក សង ថន ទៅវិញ។ «ដីនេះគឺជាដីសម្បត្តិរបស់រដ្ឋដែលខ្ញុំតាំងពីដើមមករស់នៅស្រុកគាស់ក្រឡនេះដែលជាតំបន់សម្បទានសង្គមកិច្ចសម្រាប់ប្រជាពលរដ្ឋ ហើយក៏បានដូរមកជាស្រុកគាស់ក្រឡកាលពីឆ្នាំ ២០០២។ ពលរដ្ឋក៏បានចូលមករស់នៅពេលគ្មានដីបង្កបង្កើនផលហ្នឹងជាយូរឆ្នាំហើយ។ ប្រជាពលរដ្ឋ កាប់ឆ្ការបណ្តើរ ដាំដុះបណ្តើរ ស្រាប់តែឧកញ៉ា សង ថន ហ្នឹងក៏បានកាយក្រវាត់ព័ទ្ធយកតែម្តង»។
លោក យិន ម៉េងលី មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តបាត់ដំបងរំពឹងថា ករណីនេះ ACU នឹងរកយុត្តិធម៌ជូនជនស្លូតត្រង់។ «ឥឡូវនេះ ខ្ញុំបានទទួលសារជាច្រើនពីប្រជាពលរដ្ឋ ដែលមានជម្លោះដីធ្លីនេះ គាត់បង្ហាញនូវក្តីសប្បាយរីករាយ។ ចំពោះខ្ញុំជាអង្គការសង្គមស៊ីវិលវិញខ្ញុំមិនទាន់ដឹងច្បាស់ថា ACU លោកមានឯកសារច្បាស់លាស់ប៉ុនណាដែរ ព្រោះករណីនេះស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត។ ក៏ប៉ុន្តែយើងចង់ឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តទៅតាមច្បាប់ដែលកំណត់ ហើយបើសិនជារកឃើញថា អ្នកណាមានកំហុស មានភ័ស្តុតាង យើងធ្វើទៅតាមផ្លូវច្បាប់ទៅ»។
បន្ថែមពីនេះ លោក ម៉េងលី សង្ស័យថា ករណីដកតំណែងអភិបាលស្រុកគាស់ក្រឡអាចមានជាប់ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើពុករលួយ រឿងដីធ្លីរបស់ឧកញ៉ា សង ថន។ លោកអះអាងយ៉ាងដូច្នេះព្រោះតែការដកតំណែងនេះបានកើតឡើងស្របពេលតែមួយ។ ម្យ៉ាងលោកអភិបាលស្រុករូបនេះទើបតែបានឡើងកាន់តំណែងបាន ២ ឆ្នាំប៉ុណ្ណោះ ដែលតាមច្បាប់ បើគ្មានកំហុសធ្ងន់ធ្ងរទេ លុះត្រាផុតអាណត្តិទើបមានការបញ្ចប់មុខតំណែង៕
វីដេអូ៖