ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើ​ពុក​​រលួយ ​(ACU)​ បាន​បំភ្លឺ​លើ​បណ្ដឹង​ប្រ​ឆាំង​លោក គីម សុវណ្ណ​ឌី នាយករង​បេឡា​ជាតិ​សន្តិសុខ​សង្គម​សម្រាប់​​មន្ត្រីរាជការ​ស៊ីវិល​ (​ប​.​ជ​.​ស​)​ ករណី​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ ក្រោយពី​បាន​ស៊ើបអង្កេត​អស់​ពេល​ ១១ ​ខែ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់ ​(ACU)​ ផ្ញើ​ទៅ​លោក គីម សុវណ្ណ​ឌី កាលពី​ថ្ងៃទី​ ១៤​ ខែ មិថុនា ដែល​​ទើប​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី ២៦ ខែ​ មិថុនា។

​តាម​អត្ថបទ​ស៊ើបអង្កេត​របស់ ACU ពាក់ព័ន្ធ​ការចោទប្រកាន់​លើ​លោក គីម សុវណ្ណ​ឌី បាន​បង្ហាញថា តាម​បណ្ដឹង​លេខ ០៣២២/១៤ បាន​ចោទប្រកាន់​​លោក គីម សុវណ្ណ​ឌី (១) ករណី​កិប​​កេង​ប្រាក់​រំឭក​របស់​គ្រួសារ​សព​មន្ដ្រី​ចូលនិវត្តន៍​ (២)​ ករណី​​បង្កើត​បេសកកម្ម​ខ្យល់។

ACU បាន​បំភ្លឺថា ក្រោយពី​ធ្វើការ​ស្រាវជ្រាវ តាមដាន ប្រមូល​ព័ត៌មាន​បន្ថែម​ពីសា​ក្សី និង​ការបកស្រាយ​ពី​លោក គីម សុវណ្ណ​ឌី ដែលជា​សាមី​រង​ការចោទប្រកាន់​ផង​នោះ ACU អាច​បូកសរុប​លទ្ធផល​ដំបូង​ក្រោយ​ធ្វើការ​ងារ​លើ​បណ្ដឹង​នេះ​រយៈពេល ១១ ខែ។

​ទាក់ទង​នឹងការចោទប្រកាន់​ថា លោក សុវណ្ណ​ឌី កិបកេង​ប្រាក់​រំឭក​សព​របស់​គ្រួសារ​សព​មន្ដ្រី​ចូលនិវត្តន៍ ACU បាន​បង្ហាញ​លទ្ធផល​ថា ​មន្ដ្រី​ចូលនិ​វត្ដ​ន៍​ដែល​ទទួលមរណភាព​ទ​ទួលបាន​ប្រាក់​របប​សន្តិសុខ​សង្គម​ ១២ ​ខែ​​នៃ​ប្រាក់បៀវត្សរ៍​មូលដ្ឋាន ហើយ​ដើម្បី​ទទួលបាន​ប្រាក់​របប​នេះ គ្រួសារ​សព​ត្រូវ​មក​បំពេញ​ឯកសារ​ស្នើសុំ​ផ្ទាល់។

​បើតាម ​ACU ក្នុង​ឆ្នាំ​ ២០១៧-២០១៨ ថវិកា​សម្រាប់​បើក​ជូន​គ្រួសារ​សព​និ​វត្ដ​ជន ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។ រាល់​ការ​ដោះ​ស្រាយ​បញ្ហា​ប្រាក់​រំឭក​សព​និ​វត្ដ​ជន គឺ​មន្ទីរ​សង្គមកិច្ច រៀបចំ​ស្នើសុំ​គោល​​ការណ៍​មក ​(​ប​.​ជ​.​ស​)​ ដើម្បី​លុបឈ្មោះ​សព​ដែល​ត្រូវ​ចេញប្រកាស​ដោយ​ក្រ​​សួង​សង្គមកិច្ច ទើប​មន្ទីរ​មាន​មូលដ្ឋាន​ស្នើសុំ​ថវិកា​ពី​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និង​រតនាគារ រាជធានី-ខេត្ដ។

ACU បង្ហាញ​ទៀតថា បន្ទាប់​ពី​ឯក​​ភាព​ពី​មន្ទីរ​ពាក់ព័ន្ធ មន្ទីរ​សង្គមកិច្ច ត្រូវ​រៀបចំ​បោះផ្សាយ​​អាណ​ត្ដិ​ផ្ញើជូន​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ​ និង​ថតចម្លង ​១ ​ច្បាប់ ​មក ​(​ប​.​ជ​.​ស​)​ ដើម្បី​ឲ្យ ​(​ប​.​ជ​.​ស​)​ រៀបចំ​ស្នើ​ថវិកា​ពី​អគ្គ​នា​​យក​ដ្ឋា​ន​រតនាគារជាតិ សម្រាប់​បើក​ជូន​គ្រួសារ​សព​និ​​វត្ដ​ជន​ទៅតាម​ការស្នើសុំ​របស់​ ម​ន្ទីរ​សង្គមកិច្ច​តាមរយៈ​ការចុះ​បើក​ដោយ​មន្ដ្រី​ (​ប​.​ជ​.​ស​) ប្រធាន​មន្ទីរ​និង​មន្ដ្រី​ទទួល​បន្ទុក (​ប​.​ជ​.​ស​) រាជធានី ខេត្ដ។

​ទោះយ៉ាងណា ACU បាន​បញ្ជាក់ថា ការដោះស្រាយ​បញ្ហា​ថវិកា​រំឭក​សព​និ​វត្ដ​ជន ក្នុង​ឆ្នាំ ២០១៧-២០១៨ មាន​ការ​យឺតយ៉ាវ ពី ៣​ ទៅ​ ៦ ខែ ដោយសារ​មាន​នីតិវិធី​ច្រើន ដូច​នេះ ហើយ​នៅ​ឆ្នាំ​ ២០១៩ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានសម្រេច​ផ្ទេរ​ថវិកា​រំឭក​សព​ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​បេឡា​ជាតិ​សន្ដិ​សុខ​សង្គម​វិញ​ដើម្បី​កាត់បន្ថយ​នីតិវិធី​មួយចំនួន សំដៅ​ដោះស្រាយ​​បញ្ហា​ថវិកា​រំឭក​សព​ឲ្យ​បាន​លឿន និង​ទាន់​ពេលវេលា។​

​ទាក់ទង​នឹង​បណ្ដឹង​លើ​ការបង្កើត​បេសកកម្ម​ខ្យល់ ACU​ បានបង្ហាញ​លទ្ធផល​ថា ការចុះ​បំពេញបេសកកម្ម​តាម​បណ្ដា​រាជធានី​ខេត្ដ ត្រូវធ្វើ​ឡើងជា​រៀងរាល់ខែ ដោយ​ចែកជា ២​ វគ្គ ក្នុង​ ១ ​វគ្គ​មាន​ ៤ ​ក្រុម ហើយ​ក្នុង​ ១ ​ក្រុម មាន​សមាជិក​ ១៣​ នាក់​។ ក្រុម​នីមួយៗ​មាន​នាយក​រង​ ១ ​រូប​ជា​អ្នកដឹកនាំ និង​ចាត់ចែង​ការងារ រួមមាន ការចុះ​​ធ្វើ​បច្ចុប្បន្នភាព​និ​វត្ដ​ជន ការ​ចុះ​បើក​ផ្ដល់​ថវិកា​សព ការចុះ​បើក​ផ្ដល់​ថវិកា​អ្នក​នៅក្នុង​បន្ទុក​តាម​មូលដ្ឋាន ការចុះ​ត្រួតពិនិត្យ​​និ​វត្ដ​ជន និង​ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ ដែល​បាន​ផ្ទេរ​សិទ្ធិ។

ACU បន្ថែមថា ទន្ទឹមនឹង​ការចុះ​បំពេញបេសកកម្ម​ជា​ទៀង​ទាត់ (​ប​.​ជ​.​ស​) ក៏បាន​ចុះ​ដោះស្រាយ​ការងារ​តាម​បណ្ដឹង និង​សំណើ​របស់​ការិយាល័យ​បេឡា​​ជាតិ​សន្ដិសុខ​សង្គម​រាជធានី-ខេត្ដ​។ មុន​ចុះ​បំពេញបេសកកម្ម ក្រុម​នីមួយៗ​​ទទួលបាន​របប​បេសកកម្ម​តាម​គោល​​ការណ៍​កំណត់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដោយ​​មិនមាន​កាត់កង​អ្វី​ទាំងអស់​។

​ក្រៅពី​ការបំភ្លឺ​នេះ ACU ក៏បាន​ជូនដំណឹង​ពី​ការទទួល​លិខិត​បំភ្លឺ​របស់លោក ​គីម សុវណ្ណ​ឌី ចុះ​ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩ ពាក់ព័ន្ធ​ នឹង​ការ​ចោទ​​ប្រកាន់​ទាំង​ ២ ​ករណី​នេះ​ផងដែរ។

​តំណាង ACU ថា​៖ «​ខ្ញុំ​សូម​ជម្រាប​លោកនាយ​ករង​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយបានទទួល និង​ពិនិត្យ​លើ​លិខិត​​បំភ្លឺ​របស់​លោក​រួច​ហើយ​។សុំ​ឲ្យ​លោក​ធ្វើ​ការបិទ​ផ្សាយ​អត្ថបទ​ស៊ើបអង្កេត​របស់ ACU ជា​សាធារណៈ​នៅ​ក្រសួង​សង្គមកិច្ច អតីត យុទ្ធជន និង​យុវនីតិ​សម្បទា រយៈពេល​ ១ ​ខែ​យ៉ាងតិច គិត​ចាប់​ពីថ្ងៃ​ដែល​លោក​បាន​ទទួល​លិខិត​នេះ»។​

​ភ្នំពេញ​ប៉ុស្ដិ៍ មិនអាច​សុំ​ការបក​​ស្រាយ​បន្ថែម​ពី លោក ជាវ​ ​ប៊ុន​រិ​ទ្ធ​ អ្នកនាំពាក្យ​បេឡា​ជាតិ​សន្តិសុខ​សង្គម និងលោក តូច ចាន់នី អ្នក​នាំ​​ពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បានទេ ដោយ​សារ​ មិន​មាន​អ្នក​លើក​ទូរស័ព្ទ៕