ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កាលពី​ម្សិលមិញ​បាន​សម្រេច​ពិនិត្យ​លើ​ពាក្យ​ប្ដឹង​របស់​ប្រជាពលរដ្ឋ​ ២ ​នាក់​ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​ចោទប្រកាន់​មន្ត្រី​នគរបាល​ម្នាក់ និង​មេធាវី​ម្នាក់​ដែល​បាន​ឃុបឃិត​ទទួល​សំណូក​ជា​ទឹកប្រាក់​ចំនួន​សរុប​ ១៣០០០ ​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​កិច្ចអន្តរាគមន៍​ដោះលែង​ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​។

យោង​តាម​ពាក្យបណ្តឹង​ដែល​ធ្វើ​នៅ​ថ្ងៃទី​ ២០ ខែ​ឧសភា ឆ្នាំ​ ២០១៨ ដែល​មាន​ស្នាម​មេដៃ​របស់​ម្ចាស់​ពាក្យ​ប្ដឹង​ឈ្មោះ តាំង បុប្ផា និង​ឈ្មោះ តាំង ហុតជី បាន​ចោទប្រកាន់​លោក​វរសេនីយ៍ទោ សុខ រិទ្ធ នាយរង​ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​មេធាវី​ឈ្មោះ ឌុល សុខា ពាក់ព័ន្ធ​ករណី​ពុករលួយ​ដោយ​រត់ការ​សូកប៉ាន់ តុលាការ និង​ជ្រៀតជ្រែក​កិច្ចការ​តុលាការ​រាជធានី​ភ្នំពេញ​។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​៖ «​យើង​ទទួល​បាន​នៅ​ថ្ងៃ​នេះ​ថ្ងៃស្អែក (​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​ ២០១៨) យើង​នឹង​ដាក់​ពាក្យ​ប្ដឹង​ចូល​អង្គប្រជុំ​ពេលព្រឹក (​ដែល​យើង​មាន​) break fast meeting រាល់​ព្រឹក​ម៉ោង​ ៧:៣០ គឺ​ប្រជុំ​ពាក្យប្ដឹង ហើយ​ពាក្យ​ប្ដឹង​ត្រូវ​ដាក់​ចូល​ហើយ​ម្ចាស់​ពាក្យ​ប្ដឹង​អាច​ចូលរួម​ស្ដាប់​បាន​»​។

លោក សុខ រិទ្ធ កាលពី​ម្សិលមិញ​មិន​អាច​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​ដែល​ភ្ជាប់​ជាមួយ​នៅ​ក្នុង​ពាក្យបណ្ដឹង​នោះ​ទេ​។

លោក​មេធាវី ឌុល សុខា កាលពី​ម្សិលមិញ​បាន​អះអាង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​បាន​ការពារ​ក្ដី​ឲ្យ​លោក ទួន សុវណ្ណា តែ​មិន​បាន​ទទួល​យក​សំណូក​សូកប៉ាន់​ដូច​មាន​ការ​ចោទប្រកាន់​នោះ​ទេ​។

លោក សុខា ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ធ្វើ​អ្វី​ដូច​ដែល​ការចោទប្រកាន់​ទេ ហើយ​ខ្ញុំ​ការពារ​ក្តី ខ្ញុំ​យក​តែ​សេវា​ការពារ​ក្តី​របស់​ខ្ញុំ​ទេ​ហើយ​ខ្ញុំ​មិន​ពាក់ព័ន្ធ​នឹង​រឿង​អំពើ​ពុករលួយ​ទេ ហើយ​ពេល​ខ្ញុំ​យក​សេវា​ការពារ​ក្តី ខ្ញុំ​មាន​វិក្កយបត្រ ហើយ​ខ្ញុំ​មិន​យក​លុយ​កូន​ក្តី​ទៅ​ធ្វើ​ការងារ​បែប​នេះ​ទេ ហើយ​ការងារ​នេះ​គឺជា​នីតិវិធី​របស់​តុលាការ​ហើយ​ខ្ញុំ​មិន​បាន​ទៅ​ជ្រៀតជ្រែក ហើយ​តុលាការ​គាត់​ធ្វើការ​តាម​នីតិវិធី​របស់​គាត់​»​។

យោង​តាម​ពាក្យ​ប្ដឹង​របស់ លោកស្រី បុប្ផា និង​លោក ហុតជី បាន​ឲ្យ​ដឹងថា ប៉ូលិស​ក្រសួង​មហាផ្ទៃ​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ឈ្មោះ ទួន សុវណ្ណា ភេទ​ប្រុស​អាយុ​ ៣៥ ​ឆ្នាំ​មុខរបរ​អគ្គនាយក​មីក្រូហិរញ្ញវត្ថុ​បញ្ជូន​ទៅ​តុលាការ​។ លោក មេធាវី ឌុល សុខា និង​លោក សុខ រិទ្ធ ជា​បុគ្គល​ស្ទាត់​ជំនាញ និង​មាន​ឥទ្ធិពល​ខាង​ជួយ​អន្តរាគមន៍​ដោះលែង​ជនសង្ស័យ​។

លោកស្រី បុប្ផា និង​លោក ហុតជី បាន​អះអាង​នៅ​ក្នុង​ពាក្យ​ប្ដឹង​ថា​៖ «​ទង្វើ​បែប​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​នូវ​ប្រព័ន្ធយុត្តិធម៌​របស់​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ ពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្លឹកឆ្នោត​ដែល​មិន​អាច​លើកលែង​បាន​ហេតុ​ដូចនេះ​សូម​ (​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​) ស្រាវជ្រាវ​ស៊ើបអង្កេត​រឿង​នេះ​ឲ្យ​បាន​ល្អិតល្អន់ និង​ផ្តន្ទាទោស​ជនល្មើស​ទៅ​តាម​ច្បាប់​»​។

យោង​តាម​សេចក្ដី​ជូន​ដំណឹង​ស្ដីពី​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ចេញ​នៅ​ថ្ងៃទី​ ៣១ ខែ​ឧសភា ឆ្នាំ​ ២០១៨ ​បាន​ឲ្យ​ដឹងថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ទទួល​ពាក្យ​ប្ដឹង​ចំនួន​ ៣៤ ​ពាក្យ (​អានាមិក​ ១៤ ​ពាក្យ​ស្មើ​នឹង​ ៤១ ​ភាគរយ​)​។ អង្គភាព​បាន​ឲ្យ​សាមីខ្លួន​រង​ការចោទប្រកាន់​ធ្វើការ​បំភ្លឺ​ចំនួន​​ ១១ ​លិខិត​ទទួល​បាន​ការបំភ្លឺ​ចំនួន​ ១៦ ​លិខិត ហើយ​បាន​ឆ្លើយតប​ទៅ​ម្ចាស់​បណ្ដឹង​ចំនួន​ ៣៣ ​ម្ចាស់​បណ្ដឹង ក្រោយ​ពិចារណា​ថា​ពាក្យ​ប្ដឹង​របស់​គាត់​មិន​ពាក់ព័ន្ធ​ដល់​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​៕