The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ACU ព្រមាន​អតីត​ទីប្រឹក្សា​ឲ្យ​ប្រកាស​ទ្រព្យ

ACU ព្រមាន​អតីត​ទីប្រឹក្សា​ឲ្យ​ប្រកាស​ទ្រព្យ

ACU ព្រមាន​អតីត​ទីប្រឹក្សា​ឲ្យ​ប្រកាស​ទ្រព្យ

131203_07b
លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ACU បាន​ផើ្ញ​លិខិត​ព្រមាន​ទៅ​អតីត​ទីប្រឹក្សា​ព្រឹទ្ធសភា ៣ រូប ឲ្យ​ប្រកាស​ទ្រព្យ​សម្បតិ្ត​និង​បំណុល​របស់​ខ្លួន បន្ទាប់​ពី​ពួកគេ​បាន​ព្រងើយ​កន្តើយ​មិន​ធ្វើ​ការ​ប្រកាស​ទ្រព្យ​សម្បតិ្ត។

ក្នុង​សេចក្តី​ជូន​ដំណឹង ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង កាល​ពី​ម្សិលមិញ ដែល​បាន​បង្ហាញ​ឈ្មោះ​អតីត​ទីប្រឹក្សា​ព្រឹទ្ធសភា ៣ រូប គឺ​លោក វង្ស សុភាព លោក គួច ជាហួត និង​លោក ឃាង លាប ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​រយៈ​ពេល ៣០ ថ្ងៃ។

យោង​តាម​សេចក្តី​ជូន​ដំណឹង បាន​ឲ្យ​ដឹង​ថា នា​ពេល​ថ្មីៗ​នេះ មន្រ្តី​ទាំង​បី​នាក់ បាន​បញ្ចប់​តួនាទី​ជា​ទីប្រឹក្សា​ព្រឹទ្ធសភា ប៉ុន្តែ​ពួក​គេ​នៅ​តែ​ត្រូវ​ប្រកាស​ទ្រព្យ និង​បំណុល។ ពួកគេ​ស្ថិត​ក្នុង​ចំណោម​ទីប្រឹក្សា ១៦ រូប​ដែល​បញ្ចប់​តួនាទី ប៉ុន្តែ អ្នក​ផ្សេង​ទៀត បាន​បំពេញ​ករណីយកិច្ច​រួច​ហើយ ហើយ​មន្រ្តី ទាំង​បី​នេះ​ព្យាយាម​គេច​វេះ។

លោក ឱម យ៉ិនទៀង បាន​សរសេរ​ក្នុង​សេចក្តី​ជូន​ដំណឹង​ថា៖ «អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ... បាន​ខិត​ខំ​ដើម្បី​ទំនាក់​ទំនង​ទៅ អតីត​ឯកឧត្តម​ទាំង ០៣ រូប ទៀត ដែល​ត្រូវ​ប្រកាស​ទ្រព្យ​សម្បតិ្ត និង​បំណុល ជាច្រើន​ដង តែ​អតីត​ឯកឧត្តម​ទាំង ០៣ រូប នោះ មាន​ការ​គេច​វេះ និង​ផ្តាច់​ទំនាក់​ទំនង។ ប្រការ​នេះ​បង្ខំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​ធ្វើ​ការ ប្រកាស​ជា​សាធារណៈ អញ្ជើញ​អតីត​ឯកឧត្តម​ទាំង ០៣ រូប​ឲ្យ​ចូល​មក​ប្រកាស​ទ្រព្យ​សម្បតិ្ត និង​បំណុល​ឲ្យ​បាន ៣០ ថ្ងៃ​យ៉ាង​យូរ​បំផុត»។

អតីត​មន្រ្តី​ទាំង​បី​រូប មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ។

លោក គង់ គាំ ព្រឹទ្ធ​សមាជិក មក​ពី​គណបក្ស​ប្រឆាំង បាន​ថ្លែង​ថា លោក​ផ្ទាល់​មិន​ដែល​ឮ​ឈ្មោះ​មន្រ្តី​ទាំង​បី​រូប​នេះ​ទេ ឬ​ក៏​មិន​ដែល​បាន​ជួប​ពួក​គេ​ទេ។ លោក គង់ គាំ បាន​បន្ត​ថា៖ «ខ្ញុំ​មិន​ដែល​ស្គាល់​ពួក​គេ ឬ​បាន​ជួប​ពួក​គេ​ទាល់​តែ​សោះ»។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា លោក​និង​ព្រឹទ្ធ​សមាជិក​ដទៃ​ទៀត បាន​ប្រកាស​ទ្រព្យ​សម្បតិ្ត​រួច​ហើយ។

យោង​តាម​មាត្រា ៣៨ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ បាន​ចែង​ថា ជន​ណា​ដែល​មិន​ប្រកាស​ទ្រព្យ​សម្បតិ្ត​នឹង​ប្រឈម​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម ផ្លូវ​ច្បាប់​ដែល​អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ចាប់​ពី ១ ខែ រហូត​ដល់ ១ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់​ពី ២៥ ដុល្លារ រហូត​ដល់ ២៥០ ដុល្លារ។

កាល​ពី​ខែ ឧសភា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ធ្វើ​ការ​ព្រមាន​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​ទីប្រឹក្សា​ព្រះ​មហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ដោយ​គំរាម​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ប្រសិន​បើ​រាជវង្ស​អង្គ​នេះ មិន​ព្រម​ប្រកាស​ទ្រព្យសម្បត្តិ​ហើយ​ក្រោយ​មក​ព្រះអង្គ​បាន​ប្រកាស​ទ្រព្យសម្បតិ្ត។

ការ​ព្រមាន​នោះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះអង្គ​ម្ចាស់ ធម្មិកោ បាន​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្រ្ត​ខេត្ត ព្រះ​សីហនុ ហើយ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​កាន់​អំណាច​។ ព្រះអង្គ​មិន​បាន​ឈ្នះ​អាសនៈ​ទេ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ កក្កដា កន្លង​ទៅ៕ TK

អត្ថបទគួរចាប់អារម្មណ៍