ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​(ACU) ​បាន​រក​ឃើញ​​លុយ​ទទួល​ពី​អំពើ​ពុក​រលួយ​បន្ថែម​ទៀត​របស់​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់​ លោក ​លៀម ប៊ុនរឿន ​ដែល​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ ​១៤០ ករណី​ សរុប​ចំនួន​ជិត ៤០ ម៉ឺន​ដុល្លារ​ ក្នុង​រយៈពេល​នៃ​ការ​កាន់​តំណែង​ ៣ ឆ្នាំ ​ក្រោយ​ពី​ជន​នេះ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​ចំនួន ​១០ ម៉ឺន​ដុល្លារ។

តាម​សេចក្ដី​ជូន​ដំណឹង​ស្ដីពី​កិច្ច​ប្រជុំ​លើកទី​៤៨ អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ ចុះ​ថ្ងៃទី ៣០ ​កក្កដា​ ដែល​ភ្នំពេញ​ប៉ុស្ដិ៍ ​ទទួល​បាន​កាល​ពី​ម្សិលមិញ​ឲ្យ​ដឹង​ថា ​តាម​ការ​ស្រាវជ្រាវ​រក​បាន​ភ័ស្ដុតាង​របស់ ACU និង​តាម​ការ​សារភាព​​របស់​សាមី​ខ្លួន ​តាំង​ពី​ឆ្នាំ ​២០១៦ មក ​លៀម ប៊ុនរឿន ​បាន​យក​សេវា​ក្រៅ​ច្បាប់​ចំនួន ​១៤០ ​ករណី ​បាន​ប្រាក់ ​៣៧២ ៧៤៧ ដុល្លារ​អាមេរិក ​និង​ជាង ​៤៩ លាន​រៀល។ នោះ​មិន​ទាន់​រាប់​​ករណី ​ដែល ​លៀម ប៊ុនរឿន ​ទទួល​បាន​ប្រាក់ ​២ ម៉ឺន​ដុល្លារ ​ដូច​​ពាក្យ​បណ្ដឹង​ដែល ACU ​បាន​ទទួល​នោះ​ផង​។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​បន្ត​ថា​ ACU បាន​រក​ឃើញ​​​លុយ​ចំនួន ​១៧ ៥២៩ ​ដុល្លារ​អាមេរិក ​និង ​១៦ ២៥០ ០០០ ​រៀល ​ក្នុង​នោះ​មាន​លុយ​ដែល​ដាក់​ក្នុង​ស្រោម​សំបុត្រ​ចំនួន ៦ ​ស្រោម​សំបុត្រ​ និង​ឯកសារ​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការិយាល័យ​របស់​លោក ​លៀម ប៊ុនរឿន ​នៅ​ថ្ងៃទី ២៧ ​កក្កដា ​ឆ្នាំ ២០១៩ ដែល​សាមី​ខ្លួន​ទទួល​ស្គាល់​ថា​ ជា​លុយ​បាន​ដោយ​ខុស​ច្បាប់​មួយ​ចំនួន។

ACU បាន​បញ្ជាក់​ថា​៖ «ជា​រួម​ក្រោយ​ពី​ទទួល​បាន​តំណែង​ជា​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់ ​កាល​ពី​ឆ្នាំ ​២០១៦ ​មក រហូត​ដល់​ថ្ងៃ​ឃាត់​ខ្លួន ​លោក ​លៀម ប៊ុនរឿន ​បាន​ប្រើប្រាស់​ប្រាក់​ដែល​ជា​ផល​នៃ​បទល្មើស​ក្នុង​ការ​ជួសជុល​ផ្ទះ ​៤០ ០០០ ​ដុល្លារ ​និង​ទិញ​ផ្ទះ​ចំនួន​​​ ២ កន្លែង​ (១៦៨ ០០០ ​ដុល្លារ ​និង ៧២ ០០០ ដុលា្លរ) ​ដី​មួយ​កន្លែង ​៤៤ ០០០ ​ដុល្លារ។ ​សង់​ផ្ទះ​​ត្រចៀកកាំ​អស់ ៤០ ០០០ ​​ដុល្លារ​ទៀត ​ដូរ​ឡាន Lexus 570 ទិញ​ឡាន KIA Picanto ​ដើម្បី​ទុក​ដាក់​ប្រាក់​ពី​ផល​បទល្មើស​​របស់​ខ្លួន»។

លោក ​ព្រាប កុល ​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា (TI) បាន​​ថ្លែង​ថា ​បញ្ហា​អំពើ​ពុក​រលួយ​នៅ​​កម្ពុជា ​ភាគ​ច្រើន​​តែងតែ​កើត​មាន​ឡើង​នៅ​តាម​មន្ទីរ ​ស្ថាប័ន ​ដែល​មាន​ឱកាស​ក្នុង​ការ​ធ្វើ​​លិខិត​ស្នាម ​និង​ឯកសារ​ផ្សេងៗ​ដែល​​មាន​ពាក់ព័ន្ធ​នឹង​ចំនួន​ទឹក​ប្រាក់។

លោក​បញ្ជាក់​ថា​៖ «ស្ថាប័ន​ដែល​ជា​កន្លែង​ខ្លាញ់ ឬ​មាន​ហាង​ឆេង​ច្រើន ​ភាគ​ច្រើន​ទៅ​លើ​ការ​ស៊ីញ៉េ ​(ហត្ថលេខា) ​ឬ​ការ​​ធ្វើ​ឯកសារ​អចលនទ្រព្យ​ផ្សេងៗ​ដែល​មាន​ចំនួន​ទឹក​ប្រាក់​ច្រើន ​គឺ​ជា​កន្លែង​ងាយ​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​ច្រើន»។

លោក ​ព្រាប កុល ​គាំទ្រ​​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចំពោះ​ករណី​ខាង​លើ​នេះ​ ដោយ​លោក​ចាត់​ទុក​ថា ​ជា​វិធានការ​ត្រឹមត្រូវ។ លោក​​ចង់​ឃើញ​ការ​អនុវត្ដ​វិធានការ​បែប​នេះ​តាម​ស្ថាប័ន​ផ្សេងៗ​ទៀត​​ឲ្យ​មាន​ប្រសិទ្ធភាព ​ដើម្បី​កាត់​បន្ថយ ​និង​ទប់ស្កាត់​អំពើ​ពុក​រលួយ​នៅ​កម្ពុជា។

លោក​បន្ត​ថា​ តាម​ការ​សង្កេត​ ​ឃើញ​ថា ​ការ​ទប់ស្កាត់ ​និង​លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​កម្ពុជា ​គឺ​នៅ​តែ​មាន​ចំណុច​ត្រូវ​កែ​លម្អ​បន្ថែម​ ទោះបី​កន្លង​មក​មាន​វិធានការ​ពី​ថ្នាក់​ដឹកនាំ​កម្ពុជា​ខ្លះ​ក៏​​ដោយ​​។ ប៉ុន្ដែ​នៅ​តែ​មាន​ការ​ខ្វះខាត​ពី​ភាព​អសកម្ម ​និង​ចន្លោះ​ប្រហោង​ច្រើន​​ទៀត ​ត្រូវ​តែ​បន្ត​ធ្វើ​ការ​កែ​លម្អ​បន្ថែម។

មន្ត្រី​សុរិយោដី​ខេត្ត​ពោធិ៍សាត់​ទាំង ​៣រូប ​ដែល​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នោះ​ មាន​ឈ្មោះ​ លៀម ប៊ុនរឿន ​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់ ឈ្មោះ ជាង វុទ្ធី ​អនុប្រធាន​មន្ទីរ​ទទួល​ការងារ​សំណង់ ​និង​​ឈ្មោះ ​តែ ប៊ុនថេង ​មន្ត្រី​សុរិយោដី​ខេត្ត​ទទួល​បន្ទុក​ច្រក។ ពួក​គេ​ត្រូវ​បាន​ ACU ​ឃាត់​ខ្លួន​នៅ​ខេត្ត​ពោធិ៍សាត់ ​កាល​ពី​ថ្ងៃទី ២៧ ​ខែ កក្កដា ​ឆ្នាំ ​២០១៩​ ដោយ​សង្ស័យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ​ទារ​លុយ​ពី​ម្ចាស់​ដី​ដោយ​ខុស​ច្បាប់​ចំនួន ​១០ ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ចេញ​ច្បាប់​សាងសង់។

កាល​ពី​ល្ងាច​ថ្ងៃទី ៣១​ ខែ ​កក្កដា ​ឆ្នាំ ​២០១៩ ​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​សម្រេច​ឃុំ​ខ្លួន ​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​សំណង់ ​និង​សុរិយោដី​ ខេត្ត​ពោធិ៍សាត់​ទាំង ៣ នាក់ ​ដោយ​​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះ​អាសន្ន​ក្រោម​ការ​ចោទ​ប្រកាន់​ចំនួន ​៣ បទល្មើស។ ក្នុង​នោះ​រួម​មាន ​ទី១-បទ​វិតិក្រម ​តាម​ក្រម​ព្រហ្មទណ្ឌ​ ទី២-បទ​រំលោភ​អំណាច ​តាម​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ទី៣-​បទ​សម្អាត​ប្រាក់ ​តាម​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ ​និង​ហិរញ្ញវត្ថុ៕