ភ្នំពេញៈ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ​សម្រេច​មិន​ស៊ើបអង្កេត​ករណី​ចោទប្រកាន់​មកលើ​លោក បោន ប៊ិន មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ទេ ប៉ុន្តែ​បាន​​អះអាងថា​នឹង​បន្ត​ស្វែងរក​ការបំភ្លឺ​ពី​លោក មាស ច័ន្ទពិសិដ្ឋ ​ព្រះរាជអាជ្ញា​ខេត្ត​បន្ទាយមានជ័យ​ដែល​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​។

កាលពី​ថ្ងៃទី​ ៦ ​ខែ​សីហា​ ឆ្នាំ​នេះ​​លោក បោន ប៊ិន និង​មន្ត្រី​តុលាការ​ ២ ​រូប រួមទាំង​មនុស្ស​ ២ ​នាក់​ផ្សេងទៀត​ ត្រូវ​បាន​ជនអនាមិក​ម្នាក់​ប្តឹងទៅ​ (ACU) ​ពាក់ព័ន្ធ​ករណី​ឃុបឃិត​គ្នា​ដោះលែង​ឧក្រិដ្ឋជន​គ្រឿងញៀន​ ៣ ​នាក់​ ក្នុង​ចំណោម​ពួកគេ ៧ ​នាក់​។

យ៉ាងណាក្ដី​ក្រោយពី​បើក​កិច្ចប្រជុំ​លើក​ទី​ ៥១ ​កាលពី​ថ្ងៃ​ចន្ទ (ACU) ​បានប្រកាស​មិន​ស៊ើបអង្កេត​ករណី​ចោទ លោក បោន ប៊ិន ទេ ប៉ុន្តែ​ ACU ​នៅ​បន្ត​សុំ​ការបំភ្លឺ​ចំណុច​ខ្លះទៀត​ពី​លោក​ មាសច័ន្ទ ពិសិដ្ឋ ថា​តើ​មាន​ពាក់ព័ន្ធ​ដូច​ការ​ចោទ​របស់​ម្ចាស់​បណ្តឹង​អនាមិក​ឬទេ​?

ជាមួយ​គ្នា​នេះ ACU បាន​លើកឡើង​ក្នុង​សេចក្តី​ជូនដំណឹង​​ថា ដោយសារ​តម្រុយ​ព័ត៌មាន​ទាំងនោះ​បាន​ពី​ម្ចាស់​បណ្តឹង​អនាមិក​មិន​ច្បាស់​គឺ​ (ACU) ​មិនទាន់​សម្រេច​បើក​ការស៊ើបអង្កេត​លើ​ករណីនេះ ប៉ុន្តែ​បាន​ចាត់​នីតិវិធី​ប្រមូល​ព័ត៌មាន​យកមក​វិភាគ​ថ្លឹងថ្លែង​ជាមុនសិន​។

បន្ទាប់ពី​បញ្ចប់​នីតិវិធី​ប្រមូល​ព័ត៌មាន ACU បាន​បញ្ជាក់ថា មាន​ភ័ស្តុតាង​មួយចំនួន​បង្ហាញ​​ថា លោក បោន ប៊ិន មិន​ពាក់ព័ន្ធ​ករណី​ខាងលើ​ទេ ហើយ​ថា​​ការប្តឹង​នេះ​ជា​រឿង​គំនុំ​។

ម្យ៉ាងទៀត​ការស្រាវជ្រាវ​បង្ហាញថា​៖ «​ករណី​ចាប់​គ្រឿងញៀន​​ថ្ងៃទី​ ៩ ខែ ​មីនា ​ឆ្នាំ​ ២០១៧ ​ជា​ករណី​​បង្ក្រាប​ដោយ​នគរបាល​...​។ នៅ​ឆ្នាំ​ ២០១៧ ​នោះ ឧត្តមសេនីយ៍ បោន ប៊ិន មិនទាន់​ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ទេ ហើយ​នៅ​ឆ្នាំ​​ ២០១៧ ព្រះរាជអាជ្ញា មាស ច័ន្ទពិសិដ្ឋ និង​ឧត្តមសេនីយ៍ បោន ប៊ិន មិនទាន់​បាន​ស្គាល់គ្នា​ទេ​»​។

បើតាម ACU ការស្រាវជ្រាវ​​ផ្សេងទៀត​បង្ហាញ​ច្បាស់​ថា បណ្តឹង​នេះ​មាន​ចេតនា​គាបសង្កត់​លើ​លោក បោន ប៊ិន ខណៈ​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះ​។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណីនេះ​បានទេ​កាលពី​ម្សិលមិញ ដោយសារ​ទូរស័ព្ទ​លោក​មិន​មាន​អ្នកទទួល​។

តាម​ពាក្យបណ្តឹង​ដែល​ (ACU) ​មិនបាន​បញ្ចេញ​ឈ្មោះ​ជនអនាមិក​នោះ​បាន​អះអាងថា លោក បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា និង​លោក តេង សាម៉ៃ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ និង​ឈ្មោះ ផេង អិ និង​ប្រពន្ធ​ឈ្មោះ ថោង រដ្ឋា បាន​ប្រព្រឹត្ត​អំពើពុករលួយ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ដើម្បី​ដោះលែង​ឧក្រិដ្ឋជន​គ្រឿងញៀន​។

ពាក្យបណ្តឹង​នោះ​បាន​បន្តថា​កាលពី​ឆ្នាំ​ ២០១៧ នាយ​ឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង​នគរបាលជាតិ​ទទួល​ផែន​គ្រឿងញៀន​បាន​ដឹកនាំ​បង្ក្រាប​មេ​ជួញដូរ​គ្រឿងញៀន​ជាក់ស្តែង​ ១ ​សម្បុក​ធំ​ដោយ​រឹបអូស​វត្ថុតាង​គ្រឿងញៀន​មេតំហ្វេតាមីន​ ៨ ០៨០ ​គ្រាប់ និង​ប្រភេទ​ម៉ាទឹកកក ១ ៨២៧ ​ក្រាម រថយន្ត​ចំនួន​ ៥ ​គ្រឿង​ និង​អ្នកពាក់ព័ន្ធ​​ ៧ នាក់​។​ប៉ុន្តែ​មាន​ជនសង្ស័យ​ ៣ ​នាក់​ ត្រូវបាន​ដោះលែង​ បន្ទាប់ពី​មាន​ការប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​របស់​មន្ត្រី​ទាំងនោះ​។

លោក តេង សាម៉ៃ អ្នក​នាំពាក្យ​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​​ដែល​រង​ការចោទប្រកាន់​ក្នុង​​បណ្ដឹង​ផង​នោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ករណី​​នេះ​ស្ថាប័ន​អយ្យការ​ធ្លាប់​បាន​បំភ្លឺ​រួច​មកហើយ​ថា ជា​រឿង​មិន​ពិត​ និង​មាន​ចេតនា​អាក្រក់​។

លោក​បន្តថា​ជាថ្មី​ម្តងទៀត​ស្ថាប័ន​អយ្យការ​ខេត្ត​នឹង​រៀបចំ​របាយការណ៍​ថ្មី​ ១ ​ទៀត​ ឲ្យ​បាន​កាន់តែ​លម្អិត​ ដើម្បី​បកស្រាយ​​ និង​ឆ្លើយតប​ការចោទប្រកាន់​នេះ​ជាពិសេស​ឆ្លើយតប​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។

លោក​បញ្ជាក់ថា​៖ «​អ្វី​ទាំងនេះ​គឺ​ខុស​ទាំងស្រុង​តែម្តង​ទាក់ទង​នឹង​គាត់​ចោទថា ដោះលែង​នោះ​។ ម្យ៉ាងទៀត​គាត់​ (​ជនអនាមិក​) មិនមាន​ប្រយោជន៍​អ្វី​សោះ ហើយ​ហេតុអ្វី​ដឹង​រឿង​ហ្នឹង​ទៅ​ហែកហួរ​អ៊ីចឹង​។ ដូច្នេះ​តើ​គាត់​មាន​ទំនាស់​ជាមួយ​អ្នកណា​គេ​នៅក្នុង​គោលដៅ​បញ្ចេញ​កំហឹង​ទៅ​អ្នក​ណាមួយ​ហើយ​បាន​រឿង​កន្លង​ទៅ​​ ២ ​ឆ្នាំ​ហើយ យក​មក​រំឭក​»​។

តាម​ការបំភ្លឺ​របស់​អយ្យការអម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​នាពេល​កន្លងទៅ​ថា គ្មាន​ការដោះលែង​ជន​ណា​ម្នាក់​ឲ្យ​ផុតពី​ការចោទប្រកាន់​​ពីបទ​ល្មើស​គ្រឿងញៀន​ទេ ព្រោះ​ពួកគេ​ទាំងនោះ​បាន​អនុវត្ត​ទោស​រួចរាល់​អស់ហើយ​តាមរយៈ​ការប្តឹង​ឧទ្ធរណ៍​ក្នុង​នោះ​ការដោះលែង​ ២ ​នាក់ ក្នុង​ចំណោម​ ៧ ​នាក់ ដោយសារ​​តែ​តុលាការ​រកឃើញ​ថា ពួកគេ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ខាងលើ​នេះ​៕