ភ្នំពេញៈ លោក ឱម យ៊ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) កាល​ពី​ម្សិលមិញ​បាន​អះអាង​ថា អង្គភាព​បាន​និង​កំពុង​ធ្វើការ​ស៊ើប​អង្កេត​ទៅ​លើ​លោក គឹម រស្មី អតីត​មេ​បញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្តរតន​គិរី​ រួច​ហើយ​ ទោះ​បី​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ផ្លូវ​ការ​ពី​ប្រ​ភព​ណា​មួយ​ក៏ដោយ។​

​លោក​ ​ឱម​ យិុន​ទៀង ថ្លែង​ថា៖ ​«​អង្គ​ភាព​ប្រ​ឆាំង​អំ​ពើពុក​រលួយ​ពិត​ជា​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​លោក​ គឹម​ រស្មី ​ពិត​ប្រាកដ​មែន​ ការ​ស៊ើប​អង្កេត​នេះ​មិន​បាន​ធ្វើ​តាម​ពាក្យ​បណ្ដឹង​សមា​គម​ណា​មួយ​នោះ ​(ទេ)​ ​នេះ​មិន​មែន​ជា​ការ​ពិត។ យើង​បាន​បើក​ការ​ស៊ើប​អង្កេត​នេះ​ដោយ​សមត្ថ​កិច្ច​របស់​ខ្លួន​យើង​ ដោយ​ព័ត៌​មាន​ផ្ទាល់​របស់​ខ្លួន​យើង​ ​យើង​បូក​ជា​មួយ​ព័ត៌​មាន​ចំ​ហផ្សេង​ៗ ​ដែល​គេ​បាន​ផ្សព្វ​ផ្សាយ​ ​ជា​ទុន​មួយ​សំ​ខាន់​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ការ​ស្រាវ​ជ្រាវ»។​

​លោក​ ​យុិន​ទៀង​ អះ​អាង​ថា​៖ ​«​ខ្ញុំ​បាន​បើក​ការ​ស៊ើប​អង្កេត​ហើយ​សូម​សាធារ​ណជន​មេត្តា​ជ្រាប​ជា​ព័ត៌​មាន​ ​យើង​ខ្ញុំ​បង្កើន​ល្បឿន​ណាស់​មិន​ឲ្យ​មាន​ការ​យឺត​យ៉ាវ​ទេ។ ​យើង​មាន​​ដំណាក់កាល​​​ច្រើន​ ដំណាក់​កាល​ស្រាវជ្រាវ​ព័ត៌​មាន​សិន​ ហើយ​ដល់​ពេល​យើង​ឃើញ​តម្រុយ​ហើយ ​បាន​យើង​មាន​ការ​ប្រជុំ​ដើម្បី​​ពិនិត្យ​​បើក​ឬ​មិន​បើក​ការ​ស៊ើប​អង្កេត»។

​លោក​ ថ្លែង​ថា​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្វើ​ការ​ស៊ើប​អង្កេត​គឺ​ធ្វើ​ឡើង​មិន​មាន​ថិរ​វេលា​កំណត់​ឡើយ។​ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ ​នរោ​ត្តម ​សីហ​មុនី ​បាន​ចេញ​រាជ​ក្រឹត្យ​ត្រាស់​បង្គាប់​លុប​ឈ្មោះ​ឧត្តម​សេនី​យ៍​ត្រី ​គឹ​ម​ រស្មី ​ចេញ​ពី​ក្រប​ខ័ណ្ឌ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​កាល​ពី​ថ្ងៃ​ទី ​៩ ​កុម្ភៈ។ ​ខណៈ​លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​អះអាង​ថា​ ការលុប​ឈ្មោះ​មន្ត្រី​រូប​នេះ​គឺ​ជា​ការ​វះកាត់​ប្រ​កប​ដោយ​ការ​ឈឺ​ចាប់។​ ​ទន្ទឹម​នោះ​ដែរ​មន្ត្រី​រាជ​រដ្ឋា​ភិបាល​ពន្យល់​ថា​​គឺ​ជា​ខ្សែ​បន្ទាត់​​ក្រហ​ម​មួយ​ចំពោះ​ការ​វិនិ​ច្ឆ័យ​របស់​នាយក​រដ្ឋ​មន្រ្តី​ស្ដី​ពី​ភាព​ស្ពឹកស្រពន់​ ឬ​ភាព​មិន​ប្រក្រ​តី​របស់​មន្រ្តី​នៅ​ក្នុង​ជួរ​រាជ​រដ្ឋាភិ​បាល​។​

​​ការ​បណ្ដេញ​ចេញ​អតីត​មេ​ប៉េអឹម​ខេត្ត​រតន​គិរី​ ចេញ​ពី​ក្របខ័ណ្ឌ​នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ​ បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​ផ្សព្វ​ផ្សាយ​​ខ្សែ​វីដេអូ​បង្ហាញ​អំពី​កម្ម​វិធី​ខួប​កំណើត​មួយ​តាម​រយៈ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ហ្វេស​ប៊ុក ​ដោយ​​លោក​ ​គឹម​ រស្មី បាន​ចំណាយ​លុយ​រហូត​ ៥០ ​ម៉ឺន​ដុល្លារ​ដើម្បី​ចែក​កូន​ៗ​ចំនួន​ ៥ ​នាក់​ធ្វើ​ជា​ទុន​សម្រាប់​រក​ស៊ី ​ហើយ​ក្រោយ​មក​ក៏​រូប​ភាព​ផ្សេង​ទៀត​បង្ហាញ​អំពី​ផ្ទះ​ដ៏​ស្កឹម​ស្កៃ​ធ្វើ​ឡើង​ពី​ឈើ​ប្រណីត​ៗ​របស់ ​គឹម​ ​រស្មី។

លោក​ រស់ ​សារ៉ុម​ ​ប្រធាន​សមា​គម​ជយ​លាភី​បញ្ញា​ជន​កម្ពុជាកាល​ពី​ម្សិល​មិញ​បាន​អះអាង​ថា​ មិន​ទាន់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​នៅ​ឡើយ​ទេ។​

លោក​ សារ៉ុម​ ​បាន​ថ្លែង​ថា៖​ «​(យើង)​ នឹង​បន្ត​តាម​ដាន​ការ​ស៊ើប​អង្កេត​របស់​អង្គ​ភាព​ ACU ​នេះ​ ​ហើយ​ (យើង​)​ នឹង​នៅ​តែ​ត្រៀម​ប្ដឹង​ នៅ​ពេល​សង្កេ​ត​ឃើញ​ថា​ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​អូស​បន្លាយ​ពេល​យូរ​ក្នុង​ការ​ស៊ើប​អង្កេត ​ហើយ​មិន​អាច​រក​ឃើញ​លទ្ធផល​អ្វី​សោះ​នោះ»។

​​លោក ​ប៉ែន ​ប៊ុណ្ណារ៍​ ​មន្រ្តី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហ​គ​មន៍​មូល​ដ្ឋាន​នៃ​អង្គការ​អាដ​ហុក​កាល​ពី​ថ្ងៃម្សិល​មិញ​បាន​អះអាង​ដដែល​ថា​នៅ​តែ​ត្រៀម​​រៀប​ចំ​បណ្ដឹង​បរិហា​រផ្លូវ​ការ​ទៅ​តុលា​ការ​ខេត្ត​រតន​គិរី​ ដោយ​​ត្រៀម​ដាក់​នៅ​មុន​ថ្ងៃ​ទី ២៥​ ខែ​កុម្ភៈ ​ស្ដី​ពី​ការ​បាត់​បង់​ព្រៃ​ឈើ​ក្នុង​ខេត្ត​រតនគិរី។

លោក​ ប៊ុណ្ណារ៍ ថ្លែង​ថា​៖ ​«​ការ​បាត់​បង់​ព្រៃ​ឈើ​ក្នុង​តំបន់​ (​ខេត្ត​រតន​គិរី)​ ហ្នឹង​ គួប​ផ្សំ​នឹង​ការ​បង្ហាញ​ទ្រព្យ​សម្បត្តិ​របស់​គាត់​វា​ច្រើន​អ៊ី​ចឹ​ង​ទៅ ​យើង​ដាក់​ការ​សង្ស័យ​ថា គាត់​ប្រា​កដ​ជា​មាន​ចំណែក​ពី​ការ​កាង​អ៊ី​ចឹង​ហើយ​ (​កាង​រថ​យន្ត​ដឹក​ឈើ​ចូល​ក្នុង​ប្រ​ទេស​វៀតណាម) »៕