ភ្នំពេញ:​ សមា​ជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​កាល​ពី​ខែ​ឧសភា​ ដែល​ទទួល​បាន​តំ​ណែង​ថ្មី​លើក​ដំ​បូង​ឬ​ឈប់​​ជា​ស្ថា​ពរ​ពី​សមា​ជិក​​ហើយ​មិន​មាន​ជាប់​មុខ​ងារ​ផ្សេង​ទៀត​ដែល​មាន​កាត​ព្វ​កិច្ច​ប្រកាស​ទ្រព្យ​សម្បត្តិ​ ​និង​បំណុល​នោះ​ទេ ​ត្រូវ​អនុ​វត្ត​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ ​និង​បំណុល​យ៉ាង​យូរ​បំផុត​ ​៣០ ​ថ្ងៃ ​ក្រោយ​ការ​ចូល​កាន់​តំ​ណែង​ ​ឬ​ក្រោយ​ពី​ឈប់​ពី​មុខតំណែង​នេះ។​

យោង​តាម​សេច​ក្ដី​ជូន​ដំណឹង​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​(ACU) ​កាល​ពី​ថ្ងៃ​ទី​ ១៩​ ខែ​ មិថុ​នា។​ ​​ប៉ុន្តែ​សមា​ជិក​ក្រុម​ប្រឹក្សា​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក ​ឃុំ ​ខណ្ឌ​ ដែល​ធ្លាប់​បាន​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុលក្នុង​ឆ្នាំ ​២០១៨​ ​និង​ឆ្នាំ​ ២០១៩​ ​ហើយ​បាន​ជាប់​ឆ្នោត​បន្ត​តំណែង​ក្នុង​ក្រុម​ប្រឹក្សា ​មិន​មាន​​ការ​ចាំ​បាច់​អនុ​វត្ត​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ ​និង​បំណុល​នោះ​ទេ​ក្រោយ​ចូល​កាន់​តំ​ណែង​ថ្មី​ម្ដង​ទៀត​។​​ ​

​អ្នក​ចូល​កាន់​តំ​ណែង​ថ្មី​អាច​មក​ប្រ​កាស​ទ្រព្យ​សម្បត្តិ​និងបំណុល​ អាច​មក​កាន់ ​ACU​ ដោយ​មក​​ផ្ទាល់​ ​ឬ​ផ្ញើ​តាម​ក្រុម​ជនបង្គោល​ប្រឆាំង​អំ​ពើ​ពុ​ក​រលួយ​ប្រចាំ​រាជ​ធានី​ ​ខេត្ត​ ​ឬ​ក្រសួង​មហា​ផ្ទៃ​ផ្នែក​រដ្ឋ​បាល​ស៊ី​វិល​ ​ឬ​ផ្ញើ​តាម​បុគ្គល​ណា​ម្នាក់​ដែល​ខ្លួន​ទុក​ចិត្ត​។

លោក​ ​ប៉ា ​សុជា​តិ​​វង្ស​ ​ប្រធាន​ក្រុម​ប្រឹក្សា​រាជ​ធានី​ដែល​ទើប​ចូល​កាន់​តំណែង​ថ្មីៗ​នេះ​បាន​ថ្លែង​ថា តាម​ច្បាប់​ដែល​បាន​ចែង​ ​​មន្ត្រីរាជការ​ដែល​មាន​តួនា​ទី ​និង​ឈ្មោះ​ជាប់​ក្នុង​ច្បាប់​នោះ ​ត្រូវ​តែ​គោរព​ ​និង​អនុ​វត្ត​តា​ម​​ជា​កំហិត។​ ​

លោក​ថ្លែង​​ថា​៖​ «​ខ្ញុំ​គិត​ថា ​យើ​ង​មន្ត្រី​រាជ​ការ​ គឺ​ចូល​រួម​អនុ​វត្ត​ទាំង​អស់​គ្នា​ ​ព្រោះ​វា​មាន​ប្រយោជ​ន៍​ចំ​ពោះ​ជាតិ​យើង។​ ​អា​ហ្នឹង​​វា​មាន​ប្រយោជន៍​ហើយ​ ​បាន​ជា​គេ​ឲ្យ​យើង​ប្រកាស​ទ្រព្យ​សម្បត្តិ​យើង​បែប​នេះ ​យើង​ជា​អ្នក​ដឹក​នាំ​គេ ​អ៊ី​ចឹ​ង​ត្រូវ​ធ្វើ​ឲ្យ​វា​ត្រឹម​ត្រូវ​អ៊ី​ចឹង​ហើយ​»​។​

​លោក​ ​ព្រាប​ ​កុល​ ​នា​យក​ប្រតិ​បត្តិ​អង្គ​ការ​តម្លា​ភាព​កម្ពុជា ​(TI)​ បាន​ថ្លែង​ថា​ ការ​ជូនដំណឹង​​របស់​ ​ACU​ នេះ ​គឺ​ស្រប​តាម​​ច្បា​ប់​ ប៉ុន្ដែ​អ្វី​ដែល​សង្គម​ស៊ីវិល ​និង​ប្រជា​ពល​រដ្ឋ​ចង់​បាន​នោះ ​គឺ​ចង់​ឃើញ​ការ​ប្រ​កា​ស​​នេះ ​ប្រព្រឹត្ត​ទៅ​ឲ្យ​មាន​តម្លាភាព ​និង​តម្កល់​ឯក​សារ​ជា​សាធារណៈ។​ ​ដូច្នេះ​ ​តម្រូវ​ឲ្យ​ធ្វើ​វិសោធន​កម្ម​ច្បាប់​បច្ចុ​ប្បន្ន​នេះ​ ដើម្បី​ឲ្យ​មាន​ការ​តម្កល់​ឯក​សារ​ជា​សាធារ​ណៈ​ឲ្យ​មហា​ជ​ន​បាន​ដឹង​ឮ ​ឬ​ទុក​នៅ​កន្លែង​ដែល​អាច​ទទួល​យក​បាន​ពេល​ដែល​​​ត្រូវ​ការ​វា។​

លោក​ថ្លែង​​ថា​៖​ «​រឿង​ហ្នឹង​វា​មាន​ប្រ​យោជ​ន៍​ដែរ​ តែ​វា​តិច​តួច​ទេ​ ខ្ញុំ​ថា​ បើ​មាន​មន្ត្រី​សាធា​រ​ណៈ​ម្នាក់​ហ្នឹង​ ​ទទួល​ការ​ស្នើ​សុំ​​ពី​​តុលា​ការ​ ​តាម​បណ្ដឹង​ណា​មួយ​អ៊ីចឹង​ ទើប​តុលា​កា​របញ្ជា​ឲ្យ​បើក​ស្រោម​សំ​បុត្រ​ហ្នឹង​ ​ដើម្បី​មើល​អ្វី​ក្នុង​សំបុត្រ​ហ្នឹង​ ​អ៊ី​ចឹង​វា​មាន​ប្រយោ​ជន៍​​នៅ​ពេល​ហ្នឹង​ ប៉ុន្ដែ​នៅ​ស្រុក​យើង​ ​តើ​មាន​ប៉ុន្មាន​នាក់​ដែល​ឆ្លង​កាត់​ការ​ប្ដឹង​ផ្ដល់​បែប​នេះ?​ខ្ញុំ​ថា​ វា​មិន​ទាន់​មាន​ទេ​ បើ​មាន​ក៏​ក្នុង​ករ​ណី​ពិសេស​ ​រឿង​នយោ​បាយ​ដែរ​»​​៕​