ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ​បាន​ចេញ​លិខិត​ឱ្យ​លោក យឹម ឡាលី ប្រធាន​ក្រុមចម្រុះ​អធិការកិច្ច​ហត្ថពលកម្ម​បរទេស​នៅ​ខេត្ត​ព្រះសីហនុ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ចូល​ឆ្លើយបំភ្លឺ​ជុំវិញ​ការទទួល​យកលុយ​ជនបរទេស​ដែល​គ្មាន​បណ្ណ​ការងារ​លើស​ពី​ចំនួន​កំណត់​ត្រូវ​ផាកពិន័យ​ជា​ករណី​ដែល​សាមីខ្លួន​បាន​បដិសេធថា​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ច្បាប់​។

កាលពី​ថ្ងៃទី​ ៩ កញ្ញា លោក​ ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ផ្ញើលិខិត​ទៅ​លោក​ឧត្ដមសេនីយ៍ទោ យឹម ឡាលី ដែល​ជា​មន្ត្រី​នគរបាល​មាន​តួនាទី​ជា​ប្រធាន​ក្រុមចម្រុះ​អធិការកិច្ច​ហត្ថពលកម្ម​បរទេស​នៅ​ខេត្ត​ព្រះសីហនុ​ ដើម្បី​ឲ្យ​ឆ្លើយ​បំភ្លឺ​អំពី​នីតិវិធី និង​លក្ខខណ្ឌ​នៃ​ការផាកពិន័យ និង​ការទទួល​បាន​ថវិកា​លើស​ពី​ការផាកពិន័យ​ដោយ​ត្រូវ​ផ្ដល់​ឯកសារ​ពាក់ព័ន្ធ​មក ACU ឱ្យបាន​ឆាប់​ដើម្បី​មាន​ជា​មូលដ្ឋាន​បន្ត​នីតិវិធី​។

លិខិត​នោះ​បញ្ជាក់​ថា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ទទួល និង​ពិនិត្យ​លើ​ពាក្យបណ្ដឹង​ដែល​បាន​រៀបរាប់​ថា​កាលពី​ថ្ងៃទី​ ១២ ខែ​ សីហា ឆ្នាំ​ ២០១៩ ក្រុមចម្រុះ​អធិការកិច្ច​ហត្ថពលកម្ម​បរទេស​នៅ​ខេត្ត​ព្រះសីហនុ​ដឹកនាំ​ដោយ​លោក​ (​យឹម ឡាលី​) ​បាន​ចុះ​ដល់​ទីតាំង​កាស៊ីណូ​ស៊ឹង​ឈឹង​នៅ​សង្កាត់​ ១ ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ​ដើម្បី​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ និង​ច្បាប់​ការងារ​»​។

បើ​តាម​លិខិត​ដដែល​ពេល​ចុះ​អធិការកិច្ច​នោះ​គឺ​មាន​ការផាកពិន័យ​ជនបរទេស​គ្មាន​បណ្ណ​ការងារ​ចំនួន​ ៥៧ ​នាក់ ​ដោយ​ក្នុង​ ១ ​នាក់​ ត្រូវ​បង់​ចំនួន​ ១២៥ ​ដុល្លារ និង​សរុប​ទាំង​ ៥៧ ​នាក់​ ស្មើនឹង​ ៧ ១២៥ ​ដុល្លារ និង​ការពិន័យ​ដាក់​ដោយឡែក​ចំនួន​ ១ ៦៨០​ ​ដុល្លារ​ ដោយសារ​មិន​អនុវត្តតាម​សេចក្ដី​ជូន​ដំណឹង​ស្ដីពី​បុគ្គលិក​សេចក្ដី​ប្រកាស​ជូន​ដំណឹង​ស្ដីពី​ចលនា​បុគ្គលិក និង​លិខិត​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ហត្ថពលកម្ម​បរទេស​។

ប៉ុន្តែ​លិខិត​លោក​ ឱម យ៉ិនទៀង បាន​បន្តថា លោក​ យឹម ឡាលី បែរជា​ទទួល​បាន​ប្រាក់​ពី​តំណាង​កាស៊ីណូ​ចំនួន​ ២ ​ម៉ឺន​ដុល្លារ​ លើស​ពី​ចំនួន​ត្រូវ​ផាកពិន័យ​រហូត​ចំនួន​ ១១ ១៩៥ ​ដុល្លារ​។

ទោះជា​យ៉ាងណា​កាលពី​ម្សិលមិញ​លោក​ យឹម ឡាលី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា លោក​មិន​បាន​ធ្វើអ្វី​ខុស​នឹង​នីតិវិធី​ឡើយ ហើយ​នឹង​ចូលទៅ​បំភ្លឺ​ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុង​សប្ដាហ៍​នេះ ប៉ុន្តែ​មិនទាន់​បាន​កំណត់ពេល​ជាក់លាក់​នៅ​ឡើយ​ទេ​។

លោក​ថា​៖ «​ខ្ញុំ​មិនទាន់​ដឹង​ថ្ងៃ​ណា​ទេ​ ប៉ុន្តែ​ខ្ញុំ​នឹង​ចូលទៅ​បំភ្លឺ​ក្នុង​សប្ដាហ៍​ក្រោយ​ (​សប្ដាហ៍​នេះ​) ​នៅពេល​ដែល​រៀបចំ​ឯកសារ​ហើយ​»​។

កាលពី​ម្សិលមិញ​ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ និង​លោក​ អាត់ ប៊ុននី អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានទេ ដោយសារ​មិនមាន​អ្នក​លើក​ទូរស័ព្ទ​។

ទោះបី​ជា​យ៉ាងណា​កាលពី​ថ្ងៃទី​ ១៣ ​សីហា​ លោក យឹម ឡាលី បានធ្វើ​លិខិត​រាយការណ៍​មក​លោក គៀត ច័ន្ទថារិទ្ធ អំពី​មូលហេតុ​ទទួល​យក​លុយ​លើស​នោះ​ថា​គឺ​ដោយសារ​ខាង​ភាគី​កាស៊ីណូ​បាន​ផ្ដល់​ឱ្យ​ក្រុមការងារ​ដែលមាន​មន្ត្រី​តំណាង​ស្នងការរង​ទទួល​ផែន​អន្តោប្រវេសន៍ តំណាង​មន្ទីរ​ការងារ​ខេត្ត​ និង​ក្រុម​អធិការកិច្ច​មកពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​សម្រាប់​ចំណាយ​ដោះស្រាយ​ផ្សេងៗ​។

លោក​អះអាង​ថា​ការទទួល​ទឹកប្រាក់​ទាំង​ ២ ​ម៉ឺន​ដុល្លារ​នោះ​ គឺ​ធ្វើ​ឡើង​នៅ​ចំពោះ​ក្រុម​ការងារ​ទាំងអស់ ហើយ​ក្រុម​ការងារ​គឺ​បាន​ឯកភាព​ទទួល​យក​ទាំង​អស់​គ្នា​។

លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់ថា លោក​មិន​បាន​ដឹង​រឿងនេះ​ច្បាស់​ទេ ដោយសារ​ការចុះ​ធ្វើ​អធិការកិច្ច​ជនបរទេស​ជា​ក្រុម​ការងារ​ដាច់​ដោយ​ឡែក​ដែល​មាន​លោក យឹម ឡាលី ជា​ប្រធាន និង​លោក យ៉ូវ ខេមរា ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ជា​អនុប្រធាន ហើយ​មិនមែន​ជា​ការទទួល​ខុសត្រូវ​របស់​ស្នងការ​ខេត្ត​ឡើយ​។

លោក​ថា​៖ «​ខាង​ខ្ញុំ គឺ​គ្រាន់តែ​ជូនដំណឹង​ទេ គឺ​ដំណឹង​ទីតាំង​ផ្សេងៗ​អ៊ីចឹងទៅ​! ហើយ​ដល់​ការចុះ​ដឹកនាំ​ (​កម្លាំង​) ​និង​ផាកពិន័យ គឺជា​បច្ចេកទេស​របស់​គាត់​ [​យឹម ឡាលី​]»​។

កាលពី​ម្សិលមិញ​មិនអាច​ទាក់ទង​លោក​ យ៉ូវ ខេមរា ប្រធាន​មន្ទីរ​ការងារ​សុំ​ការបំភ្លឺ​បាន​ទេ​ដោយសារ​មិន​អាច​ទាក់ទង​បាន​។

ដោយឡែក​លោក សន ជ័យ នាយកប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ក៏​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​បញ្ហា​នេះ​បាន​ដែរ ខណៈ​ទូរស័ព្ទ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិនមាន​អ្នកទទួល​កាលពី​ម្សិលមិញ​៕