ភ្នំពេញៈ ការផ្គត់ផ្គង់គ្រឿងបរិក្ខារផ្នែករវេជ្ជសាស្ត្រពីកម្ពុជាកំពុងជួយប្រទេសកំពុងអភិវឌ្ឍន៍នានាក្នុងការប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃ COVID-19។ នេះបើតាមការផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពីថ្ងៃទី ៩ កក្កដា ឆ្នាំ ២០២០ ដែលភ្នំពេញប៉ុស្តិ៍ទទួលកាលពីចុងសប្ដាហ៍។
របាយការណ៍ព័ត៌មានរបស់ធនាគារនេះបានលើកឡើងថាជាការឆ្លើយតបបន្ទាន់ចំពោះកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាត COVID-19 ក្រុមជំនាញការផ្នែកសុខាភិបាលនៃនាយកដ្ឋានអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុ (SDCC) នៃធនាគារនេះបានកៀរគរមូលនិធិសម្រាប់ជំនួយបច្ចេកទេស (TA) ស្តីពីការគាំទ្រថ្នាក់តំបន់ដើម្បីដោះស្រាយការផ្ទុះជំងឺនេះនូវទឹកប្រាក់ ៤៨,៣ លានដុល្លារ នៅដើមឆ្នាំ ២០២០។
ទន្ទឹមនឹងនេះ ADB ក៏បានទទួលសំណើពីបណ្តាសមាជិកដែលជាប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីប្រើជំនួយបច្ចេកទេសផ្គត់ផ្គង់វេជ្ជសាស្ត្រដែលត្រូវការជាចាំបាច់សម្រាប់ពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលក្នុងការការពារ ការរកឃើញ និងព្យាបាលករណី COVID-19 ផងដែរ។
គិតត្រឹមចុងខែមិថុនាឆ្នាំនេះ ADB តាមរយៈនាយកដ្ឋានលទ្ធកម្មផលបត្រ និងការគ្រប់គ្រងហិរញ្ញវត្ថុ (PPFD) របស់ខ្លួនបានដំណើរការ និងផ្តល់កិច្ចព្រមពៀងចំនួន ១៥ លានដុល្លារ ក្រោមជំនួយបច្ចេកទេសជាមួយក្រុមផ្គត់ផ្គង់នានានៃឧបករណ៍ការពារខ្លួន (PPE) សម្ភារធ្វើតេស្ត ឧបករណ៍ធ្វើរោគវិនិច្ឆ័យ គ្រឿងពិសោធន៍ និង បរិក្ខារសំខាន់ៗផ្សេងទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ នេះជាការបន្ថែមលើសេវាកម្មលទ្ធកម្មចំនួន ១៦,៧ លានដុល្លារ ដែលត្រូវបានអនុវត្តដោយ UNICEF តាមរយៈជំនួយបច្ចេកទេសដូចគ្នា។
របាយការណ៍នេះគូសបញ្ជាក់ថា «ក្រុមហ៊ុន Medtecs ជាអ្នកផ្គត់ផ្គង់មួយក្នុងចំណោមអ្នកផ្គត់ផ្គង់ដែលបានជ្រើសរើសតាមរយៈដំណើរការលទ្ធកម្មប្រកបដោយភាពប្រកួតប្រជែងធ្វើឡើងដោយ PPFD ហើយត្រូវបានផ្តល់កិច្ចសន្យាក្នុងទឹកប្រាក់ ៥ លានដុល្លារ ដើម្បីផលិតឈុតគម្របស្បែកជើង និងសម្ភារការពារ រ៉ូបការពារ ដើម្បីចែកចាយដល់បុគ្គលិកសុខាភិបាលជួរមុខនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ១១»។
ក្រុមហ៊ុននេះបានដំណើរការនៅកម្ពុជាតាំងពីឆ្នាំ ១៩៩៩ និងមានបុគ្គលិកចំនួន ៥ ៥០០ នាក់ នៅរោងចក្រក្នុងខេត្តកំពង់ចាមដែលប្រមាណ ៨២ ភាគរយជាស្ត្រី។ រោងចក្រនេះបានផ្តល់ការងារប្រកបដោយស្ថិរភាពដល់ពលរដ្ឋកម្ពុជានៅទីនោះ និងរួមចំណែកដល់សេដ្ឋកិច្ចក្នុងតំបន់ដែលមានសារៈសំខាន់ ជាពិសេសខណៈកម្ពុជាកំពុងរងឥទ្ធិពលប៉ះពាល់ដល់សេដ្ឋកិច្ចបង្កដោយ COVID-19។
របាយការណ៍របស់ ADB បានបញ្ជាក់ថា៖ «ក្រុមហ៊ុនបានចំណាយពេលប្រមាណ ១ ខែពង្រីកប្រតិបត្តិការរបស់ខ្លួនដើម្បីឆ្លើយតបនឹងតម្រូវការ PPE សកលសម្រាប់ផលិតកម្មវាយនភណ្ឌសរុបជិត ១,២ លានឈុត។ បច្ចុប្បន្នក្រុមហ៊ុនមានសមត្ថភាពផលិតប្រចាំខែនូវរ៉ូបការពារ ៨ លានឈុតការពារ ២,៥ លាន និងគម្របស្បែកជើង ៤ លាន។ ទំនិញបានឆ្លងកាត់ការត្រួតពិនិត្យដោយភាគីទី ៣ ឯករាជ្យ ហើយបានចាប់ផ្តើមបញ្ជូនពីកម្ពុជានៅចុងខែមិថុនាទៅប្រទេសគោលដៅផ្សេងៗ»។
លោក Jesper Pedersen អ្នកឯកទេសជំនាញលទ្ធកម្មរបស់ ADB បានថ្លែងថា៖ «ទំនិញដំបូងដែលបានទិញក្រោមគោលការណ៍ណែនាំស្តីពីលទ្ធកម្មបន្ទាន់របស់ ADB សម្រាប់ឆ្លើយតបនឹង COVID-19 ត្រូវបានផលិតក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលជាប្រទេសត្រូវប្រើផលិតផលទាំងនោះដែរ។ ADB មានសេចក្តីរីករាយដែលបានចូលរួមចំណែកក្នុងការធ្វើលទ្ធកម្មដោយផ្ទាល់ និងជួយសម្រួលដល់ការកៀរគរការផ្គត់ផ្គង់សម្រាប់តម្រូវការបន្ទាន់ពីប្រភពនានាក្នុងសកលលោក និងទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗ»៕