ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB) ​និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ពុធ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ដល់​ហិរញ្ញប្បទាន​ចំនួន​ ២ ​ដែល​មាន​ជា​ទឹកប្រាក់​ចំនួន​ ៨៩ ​លាន​ដុល្លារ​អាមេរិក​ ដើម្បី​លើកកម្ពស់​សេវា​ផ្គត់ផ្គង់​ទឹក​ និង​អនាម័យ​នៅតាម​តំបន់​ជនបទ និង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ ADB ​កាលពី​ថ្ងៃ​ពុធ​បញ្ជាក់ថា ពិធី​ចុះហត្ថលេខា​នេះ​បាន​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​​រវាង​លោកស្រី Sunniya Durrani-Jamal នាយិកា​របស់ ADB ប្រចាំ​នៅ​កម្ពុជា និង​លោក​ឧបនាយករដ្ឋមន្ត្រី​ អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ផ្គត់ផ្គង់​ទឹក​​ និង​អនាម័យ​ជនបទ​លើក​ទី​ ៣ ​និង​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​បរិយាប័ន្ន​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​លោកស្រី Durrani-Jamal បាន​ថ្លែង​ថា​៖ «​កម្មវិធី​ទាំង​ ២ ​គាំទ្រ​ដល់​វិស័យ​អាទិភាព​ទាំង​ ៤​ ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ ​ដែល​ជា​ការអភិវឌ្ឍ​ធនធាន​មនុស្ស​តាមរយៈ​ការកែលម្អ​ការថែទាំ​សុខភាព​ និង​អាហារូបត្ថម្ភ​សាធារណៈ ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​តាមរយៈ​ការលើក​កម្ពស់​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ និង​ធនាគារ ការអភិវឌ្ឍ​វិស័យ​ឯកជន​ការងារ​ និង​មុខរបរ​ដោយ​គាំទ្រ​សហគ្រាស​ធុន​តូច​ និង​មធ្យម និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​​ និង​បរិយាប័ន្ន​តាមរយៈ​ការជំរុញ​ការអភិវឌ្ឍ​កសិកម្ម និង​ជនបទ​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​​បញ្ជាក់​ថា ពលរដ្ឋ​ជាង​ ៤០ ​ម៉ឺន​នាក់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ផ្គត់ផ្គង់​ទឹក​ និង​អនាម័យ​ជនបទ​លើក​ទី​ ៣ ​ដែល​អនុម័ត​ដោយ ADB កាលពី​ខែ​កញ្ញា​តាមរយៈ​ការស្ថាបនា និង​ស្តារ​ឡើង​វិញ​នូវ​កន្លែង​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ចំនួន​ ២ ៥០០​ កន្លែង​ក៏ដូចជា​ការអនុវត្ត​យុទ្ធនាការ​លើក​កម្ពស់​ការយល់​ដឹង​ដល់​ពលរដ្ឋ​យ៉ាងហោចណាស់​ ៤០០ ​ភូមិ​នៅក្នុង​ខេត្ត​ចំនួន​ ១០ ​របស់​ប្រទេស​កម្ពុជា​។

សេចក្តី​ប្រកាស​របស់ ADB ដដែល​ថា សេវាកម្ម​ផ្គត់ផ្គង់​ទឹក​ និង​អនាម័យ​ប្រកប​ដោយ​ចីរភាព​ដែល​អាច​ជឿទុកចិត្ត​បាន​​នៅតែ​ខ្វះខាត​នៅឡើយ​ក្នុង​តំបន់​​ជនបទ​នៃ​ប្រទេស​កម្ពុជា​ដែល​មាន​ពលរដ្ឋ​ប្រមាណ ៧៧​ ភាគរយ​នៃ​ពលរដ្ឋ​សរុប​ ១៦,៤ ​លាន​នាក់​រស់នៅ​តំបន់​នេះ​។

ក្នុង​ឆ្នាំ ​២០១៧ ថ្វីបើ​ ៧៣ ​ភាគរយ​នៃ​គ្រួសារ​នៅ​ជនបទ​ទទួល​បាន​​ការផ្គត់ផ្គង់​ទឹកបាន​ប្រសើរ​ក្ដី ប៉ុន្តែ​មាន​តែ​ ១១ ​ភាគរយ​ប៉ុណ្ណោះ​​ទទួល​បាន​ការផ្គត់ផ្គង់​ទឹក​តាម​ទុយោ​។ ទន្ទឹម​នឹង​នេះ​ពលរដ្ឋ​នៅតាម​ជនបទ​ ៥៦ ​ភាគរយ​ទទួល​បាន​អនាម័យ​ប្រសើរ ប៉ុន្តែ​ក្នុងចំណោម​នោះ​ប្រមាណ​ ៤១ ​ភាគរយ​នៅតែ​បន្ទោបង់​ចំហ​ដែល​អាច​បណ្តាល​ឱ្យ​រាក និង​ប៉ះពាល់​សុខភាព​សាធារណៈ​។

លោក គឹម សុភៈ អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​បានទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។ ​ប៉ុន្តែ​លោក​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​ (AKP) ​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ហិរញ្ញប្បទាន​ពី​ ADB ​នឹង​បន្ត​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការអភិវឌ្ឍ​នៅ​​កម្ពុជា​ដែល​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ពី​ពលរដ្ឋ​។

លោក​បាន​បញ្ជាក់​ថា​៖ «​មក​ដល់​ពេល​នេះ ADB បាន​ផ្តល់​ហិរញ្ញប្បទាន​សរុប​ចំនួន​ប្រមាណ ៣,៣៦ ​ប៊ីលាន​ដុល្លារ​អាមេរិក​ដោយ​គិត​បញ្ចូល​ទាំង​កម្មវិធី​ទាំង​ ២ ​ដែល​បាន​ចុះហត្ថលេខា​ក្នុង​ថ្ងៃទី​​ ៣០ ខែ​តុលា ឆ្នាំ​ ២០១៩ នេះ​សម្រាប់​កម្មវិធី និង​​គម្រោង​អភិវឌ្ឍន៍​»​។

យ៉ាងណាក្ដី​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ADB ដដែល​ថា ខណៈ​សមិទ្ធផល​សម្រេច​បាន​ច្រើន ប៉ុន្តែ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​នៅតែ​មាន​កម្រិត​ជា​ពិសេស​នៅ​ជនបទ​។ ​ស្ទើរតែ​ ១ ​ភាគ​ ៣ ​នៃ​ពលរដ្ឋ​មិន​មាន​លទ្ធភាព​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​ទេ​។ ការខិតខំ​ប្រឹងប្រែង​ក្នុង​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​នេះ​ត្រូវបាន​រារាំង​ដោយសារ​ការយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​៕