ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) កាលពី​ម្សិលមិញ​បាន​អនុម័ត​ផ្តល់​កម្ចី​ចំនួន​ ២៥០ ​លាន​ដុល្លារ​ ដើម្បី​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​ទៅនឹង​ជំងឺ​កូវីដ​ ១៩ ​តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​គាំពារ​សុខភាព​ក្នុង​ប្រទេស និង​បង្កើន​ជំនួយ​សង្គម​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ងាយ​រងគ្រោះ​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ADB កម្ចី​នេះ​ក៏​ចូលរួម​គាំទ្រ​សេដ្ឋកិច្ច​សម្រាប់​អាជីវកម្ម​ដែល​រួមមាន​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា​ផងដែរ​។ សេចក្តី​ប្រកាស​ដដែល​បញ្ជាក់​ថា​៖ «​ការគាំទ្រ​នេះ​នឹង​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការកាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន​នៃ​ជំងឺ​រាតត្បាត​នេះ​លើ​សុខភាព​ សង្គម ​និង​សេដ្ឋកិច្ច​»​។

ប្រទេស​កម្ពុជា ​ងាយ​រងគ្រោះ​ខ្លាំង​ពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​កូវីដ​ ១៩ ដោយសារ​សេដ្ឋកិច្ច​បើកចំហ​មូលដ្ឋាន​សេដ្ឋកិច្ច​ចង្អៀត និង​ប្រជាពលរដ្ឋ​ចល័ត​ច្រើន​។ ADB រំពឹង​ថា​សេដ្ឋកិច្ច​កម្ពុជា​អាច​ធ្លាក់ចុះ​ក្នុង​រង្វង់ -៥,៥% ក្នុង​ឆ្នាំ​ ២០២០ ​ដោយសារ​ការថយចុះ​នៃ​វិស័យ​ទេសចរណ៍ ការនាំចេញ​សម្លៀកបំពាក់ ​ស្បែកជើង ​និង​សម្ភារ​ធ្វើដំណើរ​តិចជាង​មុន​ និង​ការចុះថយ​នៃ​សកម្មភាព​សំណង់ ហើយ​ហានិភ័យ​នៃ​ការធ្លាក់ចុះ​នេះ​អាច​នឹង​នាំឲ្យ​ពលរដ្ឋ​ប្រមាណ​ ១,៣ លាន​នាក់​ទៀត​ធ្លាក់​ក្នុង​ភាពក្រីក្រ​។

កាលពី​ខែ​មីនា​កម្ពុជា​ប្រកាស​ពី​ដំណើរការ​ឆ្លើយតប​ស៊ីជម្រៅ​ទៅនឹង​ជំងឺ​កូវីដ​១៩ ជាមួយ​នឹង​កញ្ចប់​ថវិកា​វិធានការ​ដំបូង​សរុប​ ៨១៥,៧ លាន​ដុល្លារ​ដែល​ស្មើនឹង ៣,២% នៃ​ផលិតផល​ក្នុងស្រុក​សរុប​រំពឹងទុក​សម្រាប់​ឆ្នាំ​ ២០២០​។ ទាំងនេះ​រួមបញ្ចូល​នូវ​ការគាំទ្រ​ទៅលើ​ប្រព័ន្ធ​សុខាភិបាល​ ដើម្បី​ត្រៀម​បង្ការ​ការកើនឡើង​នៃ​ជំងឺ​កូវីដ ​១៩ ហើយ​សម្រាប់​កម្មករ​ និង​សហគ្រាស​ដែល​រួមមាន​ការចាក់​បញ្ចូល​ដើមទុន ១៥០ ​លាន​ដុល្លារ​ ដើម្បី​គាំទ្រ​ធនាគារ​ដែល​ផ្តល់​កម្ចី​ដល់​អាជីវកម្ម​ខ្នាតតូច​ និង​មធ្យម​។

កញ្ចប់​ថវិកា​គាំទ្រ​នេះ​រួមមាន ៣០០ ​លាន​ដុល្លារ​ សម្រាប់​ការផ្តល់​ជំនួយ​ជា​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ដែល​មាន​ក្នុង​បញ្ជី​ទិន្នន័យ​របស់​រាជរដ្ឋាភិបាល ហើយ​បញ្ជី​ទិន្នន័យ​ (IDPoor) ​នេះ​មាន​បញ្ចូល​គ្រួសារ​ក្រីក្រ ២,៤ លាន​គ្រួសារ​ និង​កំពុង​ត្រូវបាន​បញ្ចូល​បន្ថែម គ្រួសារ​ដែល​រង​ប៉ះពាល់​ដោយ​ជំងឺ​កូវីដ​​ ១៩ នេះ​បន្តទៀត​។ នេះ​បើតាម ADB​។

លោក MasatsuguAsakawa ប្រធាន ADB ថ្លែង​ថា​កម្ពុជា​មាន​កំណត់ត្រា​នៃ​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ល្អ​។ ប៉ុន្តែ​លោក​ថា ជំងឺ​កូវីដ​​ ១៩ បាន​គំរាមកំហែង​ធ្វើឲ្យ​ថយចុះ​នូវ​ការរីកចម្រើន​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ ជាពិសេស​ក្នុងចំណោម​ក្រុម​ងាយ​រងគ្រោះ ដូចជា​ស្ត្រី​ និង​កម្មករ​ចំណាកស្រុក​។ «​កម្ចី​នេះ​ជា​ផែនការ​ចូលរួម​រយៈពេល​វែង​របស់​ ADB ដែល​ផ្តោតទៅលើ​ការគាំទ្រ​ការស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​និរន្តរភាព​ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា​»​។

លោក​ថា កម្មវិធី​គាំទ្រ​ការចំណាយ​ និង​ឆ្លើយតប​សកម្ម​ទៅនឹង​ជំងឺ​កូវីដ ១៩ របស់​ ADB (​ដែល​ហៅ​កាត់​ថា CARES) ត្រូវ​បាន​ផ្តល់​ថវិកា​តាមរយៈ​ជម្រើស​ឆ្លើយតប​នឹង​ជំងឺ​កូវីដ ​១៩ (​ហៅ​កាត់​ថា CPRO) ក្រោម​ការជ្រោមជ្រែង​របស់ ADB ដើម្បី​ដោះស្រាយ​ដំណើរ​សេដ្ឋកិច្ច​មិន​ប្រក្រតី​។ CPRO ​ផ្តួចផ្តើមឡើង​តាមរយៈ​ជំនួយ​របស់ ADB ដែល​ត្រូវបាន​ពង្រីក​រហូត​ដល់ ២០ ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃទី​ ១៣ ​ខែ​មេសា​ សម្រាប់​សមាជិក​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ការឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​។

អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក មាស សុខសេនសាន លោក​គឹម សុភៈ ​និង​លោក នុប សុធនវិចិត្រ មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​បាន​ទេ​ដោយសារ​ទូរស័ព្ទ​ពុំមាន​អ្នកទទួល​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិនដឹង​លម្អិត​ពី​កម្ចី​ថវិកា​របស់ ADB ក្នុង​ពេល​នេះ​ទេ​។ ប៉ុន្តែ​លោក​រៀបរាប់​ថា ជារួម​ការចំណាយ​​របស់​រដ្ឋាភិបាល​គឺ​មាន​ ២ ប្រភេទ គឺ​ការចំណាយ​ចរន្ត និង​ការចំណាយ​ក្នុង​ការអភិវឌ្ឍ​។

លោក​ថា​៖ «​គេ​មាន​ការចំណាយ​ទី​១ គឺ​ការចំណាយ​ចរន្ត​គឺ​យើង​មាន​គ្រប់គ្រាន់​មិន​មាន​បញ្ហា​អ្វី​ទេ ដោយ​សំដៅ​ទៅលើ​ការចាយវាយ​ដល់​ប្រាក់ខែ​អីហ្នឹង​។ ដល់ទី​២ គឺ​ចំណាយ​វិនិយោគ​លើ​សេវា​សាធារណៈ​អីហ្នឹង គឺ​ចំណាយ​វិនិយោគ​ខ្លះ ...​។ បន្ថែម​ពី​នេះ​យើង​ត្រូវការ​លុយ ដើម្បី​ទម្លាក់​ទៅក្នុង​ស្ថានភាព​ណា​ដែល​ត្រូវការ​ចាំបាច់​សម្រាប់​ជួយ​ដល់​វិស័យ​ឯកជន​ឲ្យ​មាន​ស្ថិរភាព​ផ្នែក​សេដ្ឋកិច្ច កុំ​ឲ្យ​បិទទ្វារ​»៕