ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ហិរញ្ញប្បទានជាង ២៩ លានដុល្លារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាតាមរយៈកំណែទម្រង់សំខាន់ៗ ចំពោះការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការនៅតាមតំបន់ជនបទដែលភាគច្រើនមានពលរដ្ឋក្រីក្ររស់នៅ។
ការប្រកាសពីការអនុម័តនេះ ធ្វើឡើងដើម្បីបំពេញបន្ថែមលើកម្មវិធីទី១ នៃការអភិវឌ្ឍផ្នែកសេវា និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ បន្ទាប់ពីកម្ពុជាបានធ្វើកំណែទម្រង់វិមជ្ឈការកាលពីឆ្នាំ ២០០១ និងបន្តដំណើរការដល់ពេលបច្ចុប្បន្ន។
តាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ដែលបានចេញផ្សាយកាលពីថ្ងៃទី ២២ ខែកញ្ញា ឲ្យដឹងថា កម្មវិធីទី២ នៃការអភិវឌ្ឍន៍ផ្នែកសេវា និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈនេះ រួមមានប្រាក់កម្ចី ផ្តោតលើគោលនយោបាយចំនួន ២០ លានដុល្លារ ក្នុងការគាំទ្រដល់វិធីសាស្ត្រ ដើម្បីពង្រឹងផែនការ និងការគ្រប់គ្រងសារពើពន្ធនៃរដ្ឋបាលមូលដ្ឋានក៏ដូចជារដ្ឋបាលសាធារណៈ។
ហិរញ្ញប្បទាននេះក៏រួមបញ្ចូលប្រាក់កម្ចីអនុវត្តគម្រោងចំនួន ៩,៣៥ លានដុល្លារ ដើម្បីជួយកសាងសាលារដ្ឋបាលមូលដ្ឋានជាតិ ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជរដ្ឋាភិបាលក្នុងតំបន់ ស្របពេលដែលរាជរដ្ឋាភិបាលក៏នឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ ចំនួន ១,៧ លានដុល្លារផងដែរ។
លោកស្រី Jhelum Thomas អ្នកជំនាញជាន់ខ្ពស់ផ្នែកគ្រប់គ្រងវិស័យសាធារណៈ របស់ធនាគារ ADB មានប្រសាសន៍ថា គម្រោងនេះមានគោលបំណងជួយដល់រដ្ឋបាលមូលដ្ឋាននៅទូទាំងប្រទេសកម្ពុជា ក្នុងការផ្តល់នូវសេវាសាធារណៈមូលដ្ឋានប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។ គម្រោងនេះក៏នឹងបង្រួមគម្លាតតំបន់ជនបទ និងទីប្រជុំជនឱ្យទទួលបានសេវាសាធារណៈរបស់រដ្ឋកាន់តែប្រសើរផងដែរ។
លោកស្រីបញ្ជាក់ថា៖ «គម្រោងនេះ ចាំបាច់ណាស់ ខណៈដែលជំងឺរាតត្បាតកូវីដ ១៩ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន បានផ្លាស់ទីពីទីក្រុងទៅជនបទ។ ប្រការនេះនឹងនាំឱ្យមានសម្ពាធបន្ថែមដល់រដ្ឋបាលមូលដ្ឋានក្នុងការផ្តល់ជំនួយសង្គម និងសេវាកម្មចាំបាច់ដូចជាផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹក និងអនាម័យ ដើម្បីគាំទ្រដល់ការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌»។
បើតាម ADB ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា បានកើនឡើង ៨,០ ភាគរយជារៀងរាល់ឆ្នាំ ចាប់តាំងពី ឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១៩ ដោយបានកាត់បន្ថយភាពក្រីក្រមកនៅត្រឹម ១៣,៥ ភាគរយ ក្នុងឆ្នាំ ២០១៤ ខណៈកាលពីឆ្នាំ ២០០៧ មានចំនួន ៤៧,៨ ភាគរយ។
ប៉ុន្តែ ADB នៅតែមើលឃើញថា ពលរដ្ឋកម្ពុជាជាង ៧០ ភាគរយ នៅតែរស់នៅជាមួយចំណូលតិចជាង ៣ ដុល្លារ ក្នុង ១ ថ្ងៃ ហើយការទទួលបានសេវាមូលដ្ឋានក៏មិនទាន់មានភាពស្មើគ្នា ខណៈគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅតែប្រឈមហានិភ័យធ្ងន់ធ្ងរ។
ADB រំពឹងថា ការផ្តល់ហិរញ្ញប្បទាននេះនឹងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងចំណូល និងចំណាយ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងមូលដ្ឋាន និងដោះស្រាយនូវកង្វះខាតនៃជំនាញសម្រាប់រយៈពេលវែងរបស់មន្ត្រីរដ្ឋបាលមូលដ្ឋាន។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្វាគមន៍ចំពោះការអនុម័តផ្តល់ហិរញ្ញប្បទាននេះ ដោយសារតែវាមានសារៈប្រយោជន៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបាននូវការធ្វើកំណែទម្រង់វិមជ្ឈការ។
លោកបានបញ្ជាក់ថា៖ «ជំហររបស់ក្រសួងសេដ្ឋកិច្ច មើលឃើញដូចគ្នាទៅនឹងការលើកឡើងរបស់ ADB ក៏ដូចជាផលដែលយើងបានព្រមព្រៀងហ្នឹង។ គោលបំណងរបស់យើង គឺរួមគ្នាធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាតាមរយៈកំណែទម្រង់សំខាន់ៗ ចំពោះការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ»។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានសាទរចំពោះការផ្តល់ហិរញ្ញប្បទានរបស់ ADB នេះដែលលោកថា នឹងក្លាយជាកម្លាំងចលករបន្ថែមទៀត ដើម្បីជួយទៅដល់ដំណើរការកែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោម ក៏ដូចជាការផ្តល់សេវាទៅដល់ប្រជាពលរដ្ឋ។
បើតាមលោក ច័ន្ទរឿន ក្នុងអំឡុងពេលវិបត្តិកូវីដ ១៩ នេះ រដ្ឋាភិបាលកម្ពុជាបានកាត់បន្ថយថវិកាជាច្រើន ដែលធ្វើឱ្យវិស័យនេះ អាចនឹងជួបប្រទះនូវការខ្វះខាត ហើយដំណើរការនៃការធ្វើកំណែទម្រង់នឹងមានភាពយឺតយ៉ាវ។
លោក ច័ន្ទរឿន បញ្ជាក់ថា៖ «ជាការពិតប្រទេសកម្ពុជា បើទោះបីជាមួយរយៈក្រោយចំណូលថវិការដ្ឋពឹងផ្អែកលើចំណូលរបស់រដ្ឋខ្លួនឯង បានពីការប្រមូលពន្ធ និងវិស័យដទៃទៀតក្តី ក៏ប៉ុន្តែកម្រិតថវិកាដែលយើងយកមកប្រើនៅក្នុងរដ្ឋបាលថ្នាក់ក្រោមហ្នឹងនៅមានកម្រិតនៅឡើយ។ បើសិនមានតែគោលនយោបាយក្នុងការកែទម្រង់ តែមិនមានគោលនយោបាយផ្នែកហិរញ្ញវត្ថុក៏ការកែទម្រង់អត់ទៅលឿន និងមិនមានប្រសិទ្ធភាពដែរ»៕