ភ្នំពេញៈ ការស្ទង់មតិមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB រកឃើញថា និយោជក (ថៅកែ) ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍បានអះអាងថា អ្នកដែលបញ្ចប់ការសិក្សា ហើយទទួលបានការងារដំបូងក្នុងវិស័យនេះមិនបានត្រៀមខ្លួនល្អប្រសើរទេ មុនពេលពួកគេចូលបម្រើការងារ ប៉ុន្តែខាងគ្រឹះស្ថានអប់រំបានអះអាងថា សិស្ស និស្សិត របស់ខ្លួនបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការងារទាំងនោះ។
របាយការណ៍ស្រាវជ្រាវរបស់ ADB ត្រូវបានផ្សព្វផ្សាយកាលពីសប្ដាហ៍មុន ដោយផ្ដោតលើវិស័យធំបំផុតចំនួន ២ នៅកម្ពុជាគឺវិស័យកាត់ដេរ និងវិស័យទេសចរណ៍ និងពិនិត្យទៅលើការផ្ស៊ាំខ្លួននៃវិស័យទាំងនេះទៅនឹងការវិវឌ្ឍនៃឧស្សាហកម្ម ៤.០។ របាយការណ៍បញ្ជាក់ថា គ្រឹះស្ថានអប់រំ និងបណ្ដុះបណ្ដាលត្រូវធ្វើឱ្យសិស្ស និស្សិត ដែលបញ្ចប់ការសិក្សាត្រៀមខ្លួនឱ្យបានល្អជាងនេះ សម្រាប់មុខតំណែងដំបូងរបស់ពួកគេ។
របាយការណ៍សរសេរថា៖ «និយោជក ៩០ ភាគរយ ក្នុងវិស័យកាត់ដេរដែលត្រូវបានសម្ភាស និង ៧៩ ភាគរយ ក្នុងវិស័យទេសចរណ៍បានរាយការណ៍ថា អ្នកដែលបានបញ្ចប់ការសិក្សាកាលពីឆ្នាំកន្លងទៅមិនត្រូវបានជួយឱ្យត្រៀមខ្លួនល្អគ្រប់គ្រាន់ពីសំណាក់គ្រឹះស្ថានអប់រំ និងបណ្ដុះបណ្ដាលទេ»។
គ្រឹះស្ថានបណ្ដុះបណ្ដាល និងក្រុមហ៊ុននានាក្នុងវិស័យទាំង ២ នេះហាក់ដូចជា បានធ្វើទំនាក់ទំនងជាមួយគ្នាជាញឹកញាប់ ប៉ុន្តែគុណភាពនៃកម្មករដែលបញ្ចប់ការសិក្សាហាក់ដូចជា មិនទាន់គ្រប់គ្រាន់ ដែលនេះគឺជាហេតុផលគួរឱ្យបារម្ភមួយ។ នេះបើតាមរបាយការណ៍សិក្សាដដែល។
របាយការណ៍ដដែលសរសេរថា៖ «មើលទៅហាក់ដូចជា មានភាពមិនស៊ីគ្នាធ្ងន់ធ្ងររវាងគ្រឹះស្ថានបណ្ដុះបណ្ដាល និងនិយោជកអំពីការយល់ឃើញរបស់ពួកគេទៅលើការត្រៀមខ្លួនធ្វើការងារនៃអ្នកបញ្ចប់ការសិក្សា រួមបញ្ចូលទាំងជំនាញដែលចាំបាច់សម្រាប់តួនាទីនៅកម្រិតដំបូងជំនាញទូទៅ និងជំនាញជាក់លាក់»។ យ៉ាងណាក៏ដោយ គ្រឹះស្ថានបណ្ដុះបណ្ដាលជិត ៦០ ភាគរយនៅកម្ពុជាជឿថា សិស្សនិស្សិតដែលបញ្ចប់ការសិក្សាបានត្រៀមខ្លួនរួចល្អប្រសើរសម្រាប់មុខតំណែងកម្រិតដំបូងរបស់ពួកគេ។
គ្រឹះស្ថានអប់រំផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការវាយតម្លៃគ្រូបណ្ដុះបណ្ដាល ប៉ុន្តែគ្រឹះស្ថានទាំងនោះមិនសូវផ្ដល់ឱកាសឱ្យលោកគ្រូបណ្ដុះបណ្ដាលបានចូលរួមនៅកន្លែងការងារផ្ទាល់ទេ។ មានគ្រឹះស្ថានតែ ៤១ ភាគរយប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យគ្រូបណ្ដុះបណ្ដាលមានពេលសម្រាប់ទទួលបានចំណេះដឹងពីការអនុវត្តផ្ទាល់ និងទទួលបានបច្ចេកទេសថ្មីសម្រាប់ការបង្រៀនចេញពីកន្លែងការងារ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា ការលើកឡើងនៅក្នុងរបាយការណ៍ស្រាវជ្រាវនេះគឺជាទស្សនៈបុគ្គលប៉ុណ្ណោះ។ ចំណែកលោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ និងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបដិសេធអត្ថាធិប្បាយ។
ប៉ុន្តែលោក Andrew Tey នាយកវិទ្យាស្ថានបណ្តុះបណ្តាលជំនាញក្នុងឧស្សាហកម្មកាត់ដេរកម្ពុជា (CGTI) បានយល់ស្របទៅនឹងការរកឃើញនេះ ដោយលោកថ្លែងដូច្នេះថា៖ «បាទ!ខ្ញុំយល់ស្របទៅនឹងការរកឃើញនេះ ព្រោះថា អ្នកបញ្ចប់ការសិក្សាភាគច្រើនមិនត្រូវបានបំពាក់បំប៉នជំនាញដែលត្រឹមត្រូវទៅនឹងអ្វីដែលវិស័យនេះត្រូវការទេ។ វិស័យទាំង ២ នេះទាមទារឱ្យមានការបណ្ដុះបណ្ដាលបច្ចេកទេស និងការបណ្ដុះបណ្ដាលនៅពេលបំពេញការងារបន្ថែមទៀត»។
ដើម្បីរួមចំណែកបំពេញភាពខ្វះចន្លោះនេះលោកថ្លែងថា វិទ្យាស្ថានរបស់លោកផ្ដល់ការបណ្ដុះបណ្ដាលដល់សិស្សនូវជំនាញបច្ចេកទេស និងជំនាញទន់រួមទាំងការបណ្ដុះបណ្ដាលដោយការអនុវត្តការងារផ្ទាល់រយៈពេល ១២ ខែ បន្ទាប់ពីទទួលបានការសិក្សាទ្រឹស្ដីរយៈពេល ៤ ខែ។ ក្នុងរយៈពេល ១២ ខែនៃការធ្វើការងារផ្ទាល់ សិស្សត្រូវត្រឡប់ទៅវិទ្យាស្ថានវិញដើម្បីទទួលបានការណែនាំបន្ថែម។ ធ្វើដូច្នេះគឺដើម្បីធានាបានថា អ្វីដែលពួកគេបានរៀននៅវិទ្យាស្ថានត្រូវបានអនុវត្តនៅក្នុងការងារ និងដើម្បីដឹងថា មានអ្វីទៀតដែលនៅខ្វះចន្លោះ។
លោកថ្លែងដូច្នេះថា៖ «ប្រសិនបើមានអ្វីលេចឡើងនៅពេលពួកគេអនុវត្តការងារផ្ទាល់ យើងនឹងបន្ថែមការបណ្ដុះបណ្ដាល និងការណែនាំបន្ថែមលើបញ្ហានោះ។ មុនពេលសិស្សចាប់ផ្ដើមការបណ្ដុះបណ្ដាលនៅកន្លែងការងារ យើងធានាថា ពួកគេទាំងអស់យល់ពីលំហូរការងារនៃវិស័យនេះ និងលក្ខខណ្ឌតម្រូវនៃការងារ»៕