ភ្នំពេញៈ របាយការណ៍​ស្រាវជ្រាវ​មួយ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ ADB ​ស្នើឱ្យ​កម្ពុជា​ពិចារណា​លើ​ការអភិវឌ្ឍ​ផែនទី​នៃ​ការផ្លាស់ប្តូរ​ឧស្សាហកម្ម សម្រាប់​វិស័យ​សំខាន់ៗ ដើម្បី​ជួយ​ដល់​ការផ្លាស់ប្តូរ​ទៅរក​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ ដោយមាន​ការវិនិយោគ​គ្រប់គ្រាន់​លើ​ការពង្រឹង​​ជំនាញ​សម្រាប់​ការងារ​ថ្មី និង​ការងារ​ដែល​ត្រូវ​ផ្លាស់ប្តូរ​។

របាយការណ៍​ស្រាវជ្រាវ​នេះ​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​ដោយ​ដាក់​ចំណងជើង​ថា​ «​ការទទួល​បាន​អត្ថប្រយោជន៍​ពី​បដិវត្តន៍​ឧស្សាហកម្មទី៤ តាមរយៈ​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា​»​។

ការសិក្សា​នេះ​ផ្ដោត​ជា​សំខាន់​ទៅលើ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀកបំពាក់ និង​ទេសចរណ៍​នៅ​កម្ពុជា ដោយសារ​តែ​វិស័យ​ទាំង​ ២ ​នេះ​មាន​សារៈសំខាន់​សម្រាប់​កំណើន​ការងារ​ ភាពប្រកួតប្រជែង​អន្តរជាតិ និង ឧស្សាហកម្ម​ទី​៤​។

ការស្រាវជ្រាវ​រកឃើញ​ថា បដិវត្តន៍​ឧស្សាហកម្ម​ទី៤ នឹង​ធ្វើឱ្យ​បាត់បង់​ការងារ​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ និង​ទេសចរណ៍​ ប៉ុន្តែ​ការបាត់បង់​នេះ​នឹងត្រូវ​ជំនួស​ដោយ​ការកើនឡើង​នូវ​តម្រូវការ​ដែល​នាំមក​ដោយ​ផលិតភាព​ខ្ពស់ជាង​មុន​ ដែល​វា​អាចបង្កើត​កំណើន​ការងារ ៣៩ ​ភាគរយ ​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ និង​ ២ ​ភាគរយ​សម្រាប់​វិស័យ​ទេសចរណ៍​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ ADB បញ្ជាក់ថា ការបង្កើត​ការងារ​ជាទូទៅ​មាន​ភាពវិជ្ជមាន​នៅក្នុង​វិស័យ​ទាំង​ ២ ​នេះ ប៉ុន្តែ​ការសិក្សា​នេះ​ព្រមាន​ថា កម្មករ​ដែល​ការងារ​របស់ខ្លួន​ត្រូវបាន​ផ្លាស់ប្តូរ​មិន​ងាយស្រួល​រក​ការងារ​ដែល​បាន​បង្កើត​ថ្មី​នោះទេ បើ​គ្មាន​​ការវិនិយោគ​គ្រប់គ្រាន់ និង​ទាន់ពេលវេលា​ក្នុង​ការអភិវឌ្ឍ​ជំនាញ​របស់​ពួកគេ​។ ​ការផ្លាស់ប្តូរ​ការងារ​​នេះ​ទំនង​ជា​ជះឥទ្ធិពល​ដល់​ស្ត្រី​ដែល​មាន​ប្រហែល ៨១ ​ភាគរយ​ក្នុង​ឧស្សាហកម្ម​ផលិត​សម្លៀកបំពាក់​នៅ​កម្ពុជា​។

លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី មាន​ប្រសាសន៍​ថា​៖ «​ខណៈ​ដែល​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ អាច​នាំ​ដល់​ការប្រែប្រួល​ការងារ និង​ជំនាញ​នៅ​ប្រទេស​កម្ពុជា យើង​ត្រូវតែ​ដោះស្រាយ​ផលប៉ះពាល់​ដែល​នឹងមាន​លើ​ស្ត្រី​»​។

លោកស្រី​បន្តថា​៖ «​យើង​ត្រូវតែ​បង្កើន​ចំណេះដឹង​អំពី​បច្ចេកវិទ្យា​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​អត្ថប្រយោជន៍​របស់​វា ជួយ​សហគ្រាស​រួមទាំង​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​អាច​ទទួល​យក​បច្ចេកវិទ្យា​ជឿនលឿន​នេះ និង​ផ្តល់​ការគាំទ្រ​ដល់​ការបណ្តុះបណ្តាល ពង្រឹង​ជំនាញ និង​បង្កើត​ជំនាញ រួមទាំង​តាមរយៈ​ការលើកទឹកចិត្ត ដោយ​ការអនុគ្រោះ​ពន្ធ ដើម្បី​ធានាថា គ្មាន​នរណាម្នាក់​មិនត្រូវ​បានគិតគូរ​ដល់​»​។

ការសិក្សា​ស្នើថា កម្ពុជា​គួរតែ​មាន​វិធីសាស្ត្រ​ថ្មីៗ​ដើម្បី​ពង្រឹង​បរិយាប័ន្ន និង​កិច្ចគាំពារ​សង្គម​សម្រាប់​កម្មករ​ទើប​ចូល​បម្រើ​ការងារ កម្មករ​ដែល​ប្រឈម​នឹង​ហានិភ័យ ដោយ​មាន​ការផ្លាស់ប្តូរ​ក្នុង​ការងារ និង​កម្មករ​ដែល​ត្រូវការ​ជំនាញ​បន្ថែម​។ កម្ពុជា​គួរតែ​អភិវឌ្ឍ​កម្មវិធី​អប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ (TVET) ​ដោយ​ផ្តោតលើ​ការទទួល​ស្គាល់​ឧស្សាហកម្ម​ទី​៤ ​ក្នុង​វិស័យ​ផលិតកម្ម​សម្លៀកបំពាក់ និង​ទេសចរណ៍​។

និយោជក​នៅ​កម្ពុជា​មាន​ការយល់ដឹង​អំពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ​ទាប​ជាង បើ​ប្រៀបធៀប​ទៅនឹង​និយោជក​ដែល​ត្រូវបាន​ស្ទង់​មតិ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ហ្វីលីពីន និង​វៀតណាម​។ នេះ​បើតាម​របាយការណ៍​​ដដែល​។

លោកស្រី Shanti Jagannathan អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​អប់រំ​របស់ ADB បាន​ថ្លែងថា​៖ «​នៅពេល​បច្ចេកវិទ្យា​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ​ការវិនិយោគ​យ៉ាងច្រើន​លើ​ជំនាញ​ឌីជីថល​នឹង​ជួយ​បង្កើន​ឱកាស​របស់​យុវជន និង​មនុស្ស​ចំណាស់​ក្នុង​ការទទួល​បាន​ការងារ​ដែលមាន​គុណភាព​ខ្ពស់​ ​និង​បន្ថយ​ហានិភ័យ​នៃ​ការបាត់បង់​ការងារ​»​។

លោកស្រី​បន្តថា​៖ «​ឥឡូវនេះ​គឺជា​ពេលវេលា​ដើម្បី​គិត​ឡើងវិញ​នូវ​ការផ្តល់​ជំនាញ​ដោយ​ប្រើ​វេទិកា​តាម​អនឡាញ និង​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត ព្រមទាំង​អភិវឌ្ឍ​ស្ថាប័ន​បណ្តុះបណ្តាល​ឱ្យ​ភាពរហ័សរហួន​ក្នុង​ការផ្តល់​នូវ​វគ្គ​សិក្សា និង​សញ្ញាបត្រ​ដែល​ត្រូវ​នឹង​តម្រូវការ​ទីផ្សារ​»​។

លោក អ៊ុំ សុថា អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ថ្លែង​ពី​ម្សិលមិញ​ថា កម្ពុជា​មាន​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម និង​យន្តការ​បន្ថែម​មួយចំនួន​ទៀត ដើម្បី​ចាប់យក​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ​នេះ​។ យ៉ាងណា​ក៏ដោយ​លោក​ថា កម្ពុជា​ក៏មាន​បញ្ហា​ប្រឈម​ដោយសារ​តែ​ធនធានមនុស្ស​លើ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​នៅ​មាន​កម្រិត​។

លោក​បាន​បញ្ជាក់ថា​៖ «​អ៊ីចឹង​ហើយ​បានជា​នៅ​ចំពោះមុខ​នេះ ក្រសួង​បានស្នើ​សុំ​គោលការណ៍​គឺ​យើង​ធ្វើ​ម៉េច​ស្រាវជ្រាវ​រក​អ្នក​ដែលមាន​ចំណេះដឹង​ខាង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍​ដើម្បី​បង្កើត​ជា​បញ្ជី​រួមមួយ​។ ​នៅពេល​យើង​បាន​បញ្ជីមេ​មួយ​ទាក់ទង​នឹង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​នវានុវត្តន៍​ក្នុង​ប្រទេស​កម្ពុជា​យើង ហើយ​យើង​ចាត់ទុក​ថា​យើង​មាន​ខួរក្បាល​ធំ​មួយ​»​។

លោក​បាន​បញ្ជាក់ថា ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​មាន​ភារកិច្ច​ធ្វើការ​សម្របសម្រួល​លើ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ​នេះ ប៉ុន្តែ​វា​ជា​កិច្ចការ​រួម ព្រោះ​ថា​គ្រប់​វិស័យ​ទាំងអស់​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ផ្នែក​វិទ្យាសាស្ត្រ​៕