សៀមរាបៈ អង្គការ​មូលនិធិ​បុរាណវិទ្យា និង​អភិវឌ្ឍន៍​ (ADF) ​ក្រោម​ការគាំទ្រ​ពី​ក្រសួង​បរិស្ថាន និង​ UNDP ​កំពុង​ពង្រីក​តំបន់​ការពារ​ព្រៃឈើ​ដែល​មាន​ស្រាប់​ក្នុង​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​រហូតដល់​ទំហំ​ ៨០០ ​ហិកតា ដើម្បី​ចូលរួម​បញ្ឈប់​ការកាប់​ព្រៃឈើ និង​ចូលរួម​អភិរក្ស​បុរាណដ្ឋាន និង​វិស័យ​ទេសចរណ៍​នៅ​តំបន់​នោះ​។

លោក​ Jean-Baptiste Chevance នាយក​កម្មវិធី​អង្គការ ADF ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា អង្គការ​មូលនិធិ​បុរាណវិទ្យា និង​អភិវឌ្ឍន៍​គាំទ្រ​ពី​ក្រសួង​បរិស្ថាន និង UNDP បាននិង​កំពុង​ពង្រីក​តំបន់​ការពារ​ព្រៃឈើ​ដែល​មាន​ស្រាប់​ក្នុង​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​រហូត​ដល់​ទំហំ​ ៨០០ ​ហិកតា​។

លោក​ថ្លែងថា​៖ «​ការធ្វើ​បែបនេះ​នឹង​ចូលរួម​បញ្ឈប់​ការកាប់​ព្រៃ​ដើម្បី​ធ្វើ​ចម្ការ​ស្វាយចន្ទី​ក្នុង​សហគមន៍​។ វា​ក៏​ជួយ​ដល់​ការអភិរក្ស​បុរាណដ្ឋាន​ជាច្រើន​ក្នុង​តំបន់​នេះ សម្រាប់​វិស័យ​ទេសចរណ៍ ដូចជា ទឹកជ្រោះ​នៅលើ​ភ្នំ​ជាដើម​។ តំបន់​ទេសចរណ៍​អេកូធម្មជាតិ​ទាំងនេះ​បាន​ផ្តល់​ជា​ប្រភព​ចំណូល​បន្ថែម​សម្រាប់​សហគមន៍​»​។

បើតាម​លោក Jean-Baptiste Chevance មកដល់​បច្ចុប្បន្ន ADF ​បាន​ធ្វើការងារ​ជាង​ ១២ ​ឆ្នាំ​ហើយ​នៅ​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​។ ADF បាន​ធ្វើ​ការងារ​លើ​គម្រោង​ជាច្រើន​ដើម្បី​ធ្វើ​ការងារ​គាំទ្រ​ដល់​ឧទ្យាន​ជាតិ​នេះ​ក្នុងនោះ​ក៏មាន​គម្រោង​ពង្រីក​តំបន់​ការពារ​ព្រៃឈើ​នេះ​ផងដែរ​។

លោក​ថា​៖ «​ការបង្កើត​ឡើង​នូវ​គម្រោង​ការពារ​ព្រៃឈើ​នេះ ព្រោះ​ព្រៃឈើ​ជាច្រើន​នៅ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​កំពុង​ប្រឈម​នឹង​ការកាប់​បំផ្លាញ​ដោយ​ពលរដ្ឋ​ដើម្បី​យក​ដី​ទៅ​ដាំ​ដើម​ស្វាយចន្ទី​ជាដើម​»​។

លោក​ ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប​ថ្លែង​ថា រយៈពេល​ជាង​ ១២ ​ឆ្នាំ​កន្លង​មក​នេះ ADF ​ធ្វើ​ការងារ​ជាច្រើន​ក្នុង​ការជួយ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍ ការថែរក្សា​បុរាណដ្ឋាន និង​ការការពារ​ព្រៃឈើ​នៅ​តំបន់​ឧទ្យានជាតិ​ភ្នំ​គូលែន​។ លោក​ថា​៖ « អង្គការ ADF បាន​ចូលរួម​ពង្រីក​ការផ្សព្វផ្សាយ​ណែនាំ​ដល់​ពលរដ្ឋ​នៅក្នុង​សហគមន៍​មិនឱ្យ​កាប់​បំផ្លាញ​ព្រៃឈើ និង​បោះបង្គោល​កំណត់​តំបន់​ការពារ​ព្រៃឈើ​បន្ថែម​ទៀត​នៅក្នុង​សហគមន៍​»​។

កញ្ញា​ ហឿង ហ៊ូរ៉ាពេជ្រ មន្ដ្រី​ទំនាក់ទំនង ADF ​ឲ្យ​ដឹងថា គម្រោង​ពង្រីក​តំបន់​ការពារ​ព្រៃឈើ​មាន​ស្រាប់​នេះ​ធ្វើឡើង​តាមរយៈ​គម្រោង​ឈ្មោះ​ថា គម្រោង​ជំរុញ​បរិយាកាស​អំណោយផល​សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព ធ្វើ​ឡើង​ចាប់ពី​ខែ​មិថុនា ឆ្នាំ​ ២០១៩ ដល់​ខែ​ឧសភា ឆ្នាំ​ ២០២១​។

កញ្ញា​ថា​៖ «​ការងារ​នេះ​គឺ​យើង​ពង្រីក​តំបន់​ [​ការពារ​] ​នៅក្នុង​សហគមន៍​។ ក្នុងនោះ​យើង​នឹង​បោះបង្គោល​កំណត់​តំបន់​ព្រៃ​ការពារ​បន្ថែម​ទៀត​នៅក្នុង​សហគមន៍ ដើម្បី​ការពារ​តំបន់​នោះ​ឱ្យបាន​គង់វង្ស​ធំ​ជាង​មុន​ថែមទៀត​។ យើង​ក៏​ធ្វើការ​ផ្សព្វផ្សាយ​បន្ថែម​ចំពោះ​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​ធម្មជាតិ​ក្នុង​តំបន់​នេះ​ផងដែរ​ដោយ​សាងសង់​ជា​មជ្ឈណ្ឌល​ព័ត៌មាន​នៅតាម​តំបន់​មួយ​ចំនួន​នៃ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​នេះ​»​។

លោក​ នេត្រ ​ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ថ្លែង​ថា​៖ «​នេះ​ជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​នៅក្នុង​ការបង្កើត​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ពលរដ្ឋ​មាន​ចំណូល​គ្រប់គ្រាន់​អាច​ផ្គត់ផ្គង់​គ្រប់​គ្រួសារ​បាន​»៕