ភ្នំពេញៈ បណ្តាញ​សម្ព័ន្ធភាព​ដើម្បី​គណនេយ្យភាព​សង្គម (ANSA) ​និង​អង្គការ OXFAM បាន​រួមគ្នា​អនុវត្ត​គម្រោង​ដែលមាន​ឈ្មោះថា​ «​ការទទួល​បាន​មូលនិធិ​រ៉ែ សម្រាប់​អភិវឌ្ឍន៍​សហគមន៍​ដែល​រង​ផលប៉ះពាល់​នៅ​ប្រទេស​កម្ពុជា​» បន្ទាប់ពី​មើលឃើញ​ពី​ចំណូល​ដែល​បានមកពី​សារពើពន្ធ​នៃ​រ៉ែ​ហាក់​មិនទាន់បាន​ឆ្លើយតប​ទៅលើ​បញ្ហា​ជាក់ស្តែង និង​ជួយ​ដល់​សហគមន៍​ដែល​រង​ផលប៉ះពាល់​ក្នុង​សហគមន៍​។ នេះ​បើតាម​សេចក្តីប្រកាស​។

តាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​អង្គការ​ទាំង ​២ ចុះ​ថ្ងៃទី​ ២៥ មីនា បាន​ឲ្យ​ដឹងថា កាលពី​អំឡុង​ឆ្នាំ​ ២០១៥ ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្រសួង​រ៉ែ និង​ថាមពល​បាន​បង្កើត​ឲ្យ​មាន​មូលនិធិ​អភិវឌ្ឍន៍​ធនធាន​រ៉ែ​សម្រាប់​សហគមន៍​ដែល​រង​ផលប៉ះពាល់​តាមរយៈ​ចំណូល​បានមកពី​មូលនិធិ សួយសារអាករ ប្រាក់​ពិន័យ និង​ចំណូល​បានមកពី​ការផ្តល់សេវា​ជាដើម​។

តាមរយៈ​យន្តការ​ដែល​បានដាក់​ចេញ​នេះ មូលនិធិ​ទាំងនោះ​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់ ដើម្បី​បម្រើ​ឲ្យ​ការអភិវឌ្ឍ​សាធារណៈ​នៅតាម​សហគមន៍​ដូចជា​ផ្លូវ​គមនាគមន៍ សាលារៀន និង​អណ្តូងទឹក​ជាដើម ដែល​ត្រូវ​រង​ផលប៉ះពាល់​ពី​ការវិនិយោគ​ធនធាន​រ៉ែ​នេះ​។

ទោះយ៉ាងណា អង្គការ​ទាំង​ ២ ​នេះ​សង្កេត​ឃើញ​ថា តាមរយៈ​ចំណូល​ដែល​បានមកពី​សារពើពន្ធ​ទាំងនេះ​ហាក់​មិនទាន់​បាន​ឆ្លើយតប​ទៅលើ​បញ្ហា​ជាក់ស្តែង​ និង​ជួយ​ដល់​សហគមន៍ ដែល​រង​ផលប៉ះពាល់​ក្នុង​សហគមន៍​គួរ​ឲ្យ​កត់សម្គាល់​ទេ​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល គម្រោង​របស់​អង្គការ​ទាំង​ ២ មាន​គោលបំណង​រួមចំណែក​ដល់​រដ្ឋាភិបាល​ក្នុង​ការបង្កើត និង​ស្នើ​នីតិវិធី​ប្រតិបត្តិការ​ស្តង់ដា ដើម្បី​ជួយ​ដល់​សហគមន៍​ដែល​ទទួលរង​ផលប៉ះពាល់​ពី​ការវិនិយោគ​អាជីវកម្ម​រ៉ែ ដែល​នឹង​ធ្វើឡើង​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ ការពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន​រាជរដ្ឋាភិបាល​ទាំង​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការទទួលបាន​មូលនិធិ​រ៉ែ​សម្រាប់​អភិវឌ្ឍន៍​សហគមន៍ ដែលជា​ការឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​សហគមន៍​ដែល​រង​ផលប៉ះពាល់​ពី​ការវិនិយោគ​អាជីវកម្ម​រ៉ែ​។

បន្ថែម​ពីនេះ គម្រោង​នេះ​ក៏​រួមចំណែក​ជួយ​ដល់​សហគមន៍​ដែល​រង​ផលប៉ះពាល់​ពី​អាជីវកម្ម​រ៉ែ​អាចមាន​លទ្ធភាព​ទទួល​បាន​មូលនិធិ​អភិវឌ្ឍន៍​ធនធាន​រ៉ែ តាមរយៈ​ការលើកឡើង​ពី​បញ្ហា​ប្រឈម​ផ្សេងៗ តម្រូវការ​នៃ​ការអភិវឌ្ឍ​សហគមន៍ និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។

លោកស្រី​ លឹម សូលីន នាយិកា​អង្គការ OXFAM ថ្លែងថា​៖ «​ការវិនិយោគ​ទៅលើ​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម​បាន​លូតលាស់​យ៉ាង​ឆាប់រហ័ស នៅក្នុង​ប្រទេស​កម្ពុជា​។ អង្គការ​អុកស្វាម​ចង់​ឃើញ​វិស័យនេះ​ត្រូវបាន​វិនិយោគ​ប្រកប​ដោយ​ចីរភាព រួមចំណែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ និង​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សង្គម និង​បរិស្ថាន ហើយ​ប្រាក់ចំណូល​ដែល​ប្រមូលបាន​នឹង​ត្រូវបាន​គ្រប់គ្រង​ដោយមាន​ការទទួលខុសត្រូវ​»​។

លោក​ យស មុនីរ៉ាត់ អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្នុងនាម​ក្រសួង​សាមី​ក្នុង​ការអនុវត្ត​គម្រោង​មូលធិនិ​រ៉ែ​សម្រាប់​អភិវឌ្ឍន៍​សហគមន៍​ដែល​រង​ផលប៉ះពាល់​នៅក្នុង​ប្រទេស​កម្ពុជា លោក​មិន​បានដឹង​ពី​សកម្មភាព​របស់​អង្គការ​ទាំង​ ២ ​នេះ​នោះទេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មិន​យល់​ផង​ថា ម៉េច បាន​អង្គការ​ទាំង ២ ​នេះ​ទៅធ្វើ​សេចក្តី​ប្រកាស​រឿង​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ​ផង​។ រឿងនេះ គឺជា​រឿង​ការផ្តួចផ្តើម​របស់​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​រ៉ែ និង​ថាមពល​ដែល​បាន​បង្កើត​ឲ្យ​មាន​មូលនិធិ​រ៉ែ ដើម្បី​ទ្រទ្រង់​ការអភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​»​។

លោក​បន្តថា​៖ «​យើង​អនុវត្ត​ជាក់ស្តែង មិនចាំបាច់​ត្រូវការ​អង្គការ​ហ្នឹង មក​ចូលរួម អនុវត្ត​ផង ព្រោះ​យើង​មាន​នីតិវិធី​របស់​យើង​ច្បាស់លាស់​ជាមួយ​នឹង​សហគមន៍​មូលដ្ឋាន ដោយ​មាន​យន្តការ​ឃុំ​សង្កាត់ ដែល​រង​ផលប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ពី​ការធ្វើ​អាជីវកម្ម​រ៉ែ​»​។

ទោះយ៉ាងណា លោក យស មុនីរ៉ាត សង្កត់ធ្ងន់​ថា វា​ពិតជា​ប្រសើរ បើ​អង្គការ​ទាំងនេះ​មាន​បំណង​កៀរគរ ថវិកា​បន្ថែម​ដើម្បី​ជួយ​គាំទ្រ​ដល់​សហគមន៍​រងផលប៉ះពាល់​។ ប៉ុន្តែ​ចំពោះ​មូលនិធិ​នេះ គឺ​ក្រសួង​បាន​អនុវត្ត​ទៅតាម​ខ្សែ​បណ្តាយ​របស់ខ្លួន អាស្រ័យ​ទៅតាម​ថវិកា​ដែលមាន​តិច ឬ​ច្រើន​បាន​មកពី​គម្រោង​នីមួយៗ ដើម្បី​ធ្វើការ​អភិវឌ្ឍ​សហគមន៍​រង​ផលប៉ះពាល់​។

លោក​ សន ជ័យ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លើកឡើង​ថា គម្រោង​នេះ​គ្រាន់តែ​ធ្វើឡើង​ដើម្បី​ស្វែងរក​ធាតុ​ចូល ធ្វើយ៉ាងណា ធានា​ដល់​ការទទួល​បាន​មូលនិធិ​ពី​អាជីវកម្ម​រ៉ែ ប្រកប​ដោយ​ប្រសិទ្ធភាព និង​តម្លាភាព​ប៉ុណ្ណោះ​។

លោក​អះអាង​ថា​៖ «​អ្វីដែល​យើង​ធ្វើ​នេះ គ្រាន់តែ​ចង់​ឲ្យ​មាន​នីតិវិធី​ប្រតិបត្តិការ​ស្តង់ដា ដើម្បី​ជា​នីតិវិធី​មួយ​ជា​លក្ខណៈ​បែប​ចូលរួម​ និង​ជា​ធាតុ​ចូល​របស់​សង្គមស៊ីវិល និង​ពី​សហគមន៍​មូលដ្ឋាន ដើម្បី​យក​ទៅ​ពិចារណា សម្រាប់​ការផ្តល់​មូលនិធិ​នេះ​កាន់តែ​ទូលំទូលាយ​»​។

លោក សន ជ័យ សង្ឃឹម​ថា​លទ្ធផល ឬ​ធាតុ​ចូល​ដែល​ទទួលបាន​ក្នុង​ការអនុវត្ត គម្រោង​សាកល្បង​សម្រាប់​ឆ្នាំ​ ២០២១ នៅតាម​សហគមន៍​រងគ្រោះ​ទាំងអស់​នឹង​ត្រូវបាន​រដ្ឋាភិបាល ជាពិសេស​ក្រសួង​រ៉ែ​ទទួល​យក​ដើម្បី​អនុវត្ត​គម្រោង​មូលនិធិ​រ៉ែ​សម្រាប់​អភិវឌ្ឍ​សហគមន៍ ប្រកប​ដោយ​សមភាព តម្លាភាព និង​គណនេយ្យភាព​។

នៅ​ចុងខែ​មីនា ឆ្នាំ​ ២០២០ ក្រសួង​បានផ្តល់​អាជ្ញាប័ណ្ណ​ថ្មី​ចំនួន​ ១៦ ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ដើម្បី​រុករក​រ៉ែ​នៅក្នុង​តំបន់​គោលដៅ​នៃ​ខេត្ត​ទាំង​ ៦ រួមមាន ខេត្តមណ្ឌលគិរី ព្រះវិហារ ក្រចេះ ស្ទឹងត្រែង សៀមរាប និង​ខេត្តកំពង់ធំ​។

ក្នុង​សន្និសីទ​ស្តីពី​សមិទ្ធផល​ប្រចាំឆ្នាំ​របស់​ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២០ ក្រសួង​រ៉ែ និង​ថាមពល​បាន​ធ្វើ​បច្ចុប្បន្នភាព​ថា មាន​ក្រុមហ៊ុន​ដែល​បានផ្តល់​អាជ្ញាប័ណ្ណ​ក្នុង​ការធ្វើ​អាជីវកម្ម​រ៉ែ​មាន​ចំនួន​ ១៧ ក្រុមហ៊ុន​ដែល​បានផ្តល់​អាជ្ញាប័ណ្ណ​ក្នុង​ការរុករក​រ៉ែ​មាន​ចំនួន ៣៧ និង​ក្រុមហ៊ុន​ដែល​បានផ្តល់​អាជ្ញាប័ណ្ណ​សម្រាប់​អាជីវកម្ម​រ៉ែ​សំណង់​មាន​ ៣២៣ ​ក្រុមហ៊ុន​។ នេះ​បើតាម​ការអះអាង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ទាំង​ ២ ​នេះ​៕