ភ្នំពេញៈ អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF ) ដែល​ជួយ​ពលរដ្ឋ​ក្រីក្រ​នៅ​តាម​សហគមន៍​រើស​សំរាម​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ហិរញ្ញវត្ថុ​ ខណៈ​ដែល​ម្ចាស់ជំនួយ​នៅ​ក្រៅ​ប្រទេស​កំពុង​ជួបនឹង​វិបត្តិ​ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​ ហូយ លាងហ័ន (Hoy Leanghoin) ​ប្រធាន​កម្មវិធី​ទំនាក់ទំនង​សហគមន៍​នៃ​អង្គការ CCF ថ្លែង​ពី​ម្សិលមិញ​ថា បច្ចុប្បន្ន CCF កំពុង​ផ្ដល់​ជំនួយ​គាំទ្រ​ដល់​ពលរដ្ឋ​ក្រីក្រ​ជាង​ ៣ ​ពាន់​គ្រួសារ ហើយ​បើទោះ​ជា​មាន​សប្បុរសជន​នៅ​កម្ពុជា​មួយ​ចំនួន​បាន​ជួយ​ឧបត្ថម្ភ​ស្បៀង​ខ្លះៗ ប៉ុន្ដែ CCF នៅ​ត្រូវការ​ជំនួយ​បន្ថែម​ជាច្រើន​ទៀត ដើម្បី​អាច​បន្ត​គាំទ្រ​ដល់​ពលរដ្ឋ​ក្រីក្រ​បាន​ក្នុង​កាលៈទេសៈ​ដែល​កំពុង​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​ក្នុង​ពេល​វិបត្ដិ​កូវីដ​១៩​នេះ យើង​បាន​ជួយ​ដល់​ពលរដ្ឋ​នៅ​កម្ពុជា​ជិត ៤ ពាន់​នាក់​នៅក្នុង​សហគមន៍​។ នៅក្នុង​សហគមន៍​របស់ CCF មិនមាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​កើតឡើង​ឡើយ​។ CCF សង្ឃឹម​ថា​ប្រទេស​កម្ពុជា​អាច​ជោគជ័យ​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ ​១៩​ នេះ​។ CCF នៅ​កំពុង​ត្រូវការ​ជំនួយ​ពី​សប្បុរសជន​មកពី​គ្រប់​ផ្នែក​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។ តម្រូវការ​ចាំបាច់​បំផុត​សម្រាប់​ពួកយើង​គឺជា​ស្បៀងអាហារ និង​អង្ករ​»​។

បើតាម CCF «​សមាជិក​សហគមន៍​របស់​យើង​ភាគច្រើន​ជា​អ្នក​រើស​សំរាម ហើយ​បច្ចុប្បន្ន​មិនមាន​អ្នកទិញ​សម្ភារ​កែច្នៃ​របស់​ពួកគេ​ទេ​។ ជា​លទ្ធផល​មាន​សមាជិក​សហគមន៍​ជាច្រើន​គឺ​បាត់បង់​ចំណូល​។ យើង​កំពុង​ស្វែងរក​អ្វី​គ្រប់យ៉ាង​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ឆ្លងកាត់​ដំណាក់កាល​នេះ​រួមមាន​អង្ករ អាហារ និង​ការជួយឧបត្ថម្ភ​ចំពោះ​កន្លែង​ជួល​ស្នាក់នៅ​របស់​ពួកយើង ប៉ុន្តែ​តម្រូវការ​ដែល​សំខាន់បំផុត​នោះ​គឺ​អង្ករ​»​។

ទោះបី​យ៉ាងណា CCF បញ្ជាក់​ថា វិបត្ដិ​ជំងឺ​កូវីដ ១៩ ​នេះ​ ក៏​បាន​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​សាមគ្គី​គ្នា​ផងដែរ​។ ជាក់ស្ដែង​ក្នុង​រយៈពេល​ប្រឈម​នឹង​វិបត្ដិ​កូវីដ​ ១៩ CCF បាន​ទទួល​អំណោយ​ជា​ការឧបត្ថម្ភ​ជាច្រើន​ពី​សប្បុរសជន​នៅ​កម្ពុជា​ក្នុង​នោះ​រួមមាន អង្ករ​ជាង ៤,៥ តោន ចំណីអាហារ ប្រេងឆា និង​ទឹកបរិសុទ្ធ​ជាដើម​។

អ្នកស្រី ម៉េង រឹម អាយុ ៤៩ ឆ្នាំ ជា​ស្ដ្រី​មេម៉ាយ​មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​ដែល​មាន​កូន​ ៥ នាក់​ ក្នុង​បន្ទុក​បាន​មក​សុំ​ឲ្យ CCF ជួយ​ហើយ CCF បាន​ចាប់ផ្ដើម​ជួយផ្ដល់​ជំនួយ និង​ឲ្យ​កូនៗ​អ្នកស្រី​បាន​ចូលរៀន​តាំងពី​ ៧ ​ឆ្នាំមុន​រហូត​មក​ដល់​បច្ចុប្បន្ន​។

អ្នកស្រី​ឲ្យ​ដឹងថា​៖ «​ព្រោះតែ​ខ្ញុំ​ជា​ស្ដ្រី​មេម៉ាយ​ហើយ​មាន​កូន​ ៥ ​នាក់​ក្នុងបន្ទុក មាន​ជីវភាព​លំបាក​ពេក​ទើប​មក​សុំ​ឲ្យ​អង្គការ CCF ជួយ​។ បច្ចុប្បន្ន​ខ្ញុំ និង​កូនតូចៗ​កំពុង​រស់នៅ​សហគមន៍​ដែល​អង្គការ​ឲ្យ​រស់នៅ​ស្ទឹងមានជ័យ​។ អង្គការ​មិន​បាន​យក​ថ្លៃ​ផ្ទះ ហើយ​បាន​ផ្ដល់​អង្ករ​ឲ្យ​ខ្ញុំ​រាល់​ខែ​ទើបតែ​ខែ​នេះ​មិនទាន់​ទទួល​បាន​មិនដឹង​យ៉ាង​ម៉េចដែរ​»​។

អ្នកស្រី រឹម បាន​ឲ្យ​ដឹងថា ជាទូទៅ​ក្នុង​ ១ ​ខែៗ​អង្គការ​បានផ្ដល់​អង្ករ​ដល់​អ្នកស្រី ២០ គីឡូក្រាម និង​សម្លៀកបំពាក់ សៀវភៅ ដល់​កូនៗ​អ្នកស្រី​ផងដែរ​។ ក្រៅពីនេះ​នៅ​ពេល​មាន​រដូវ​បុណ្យទាន​ធំៗ អង្គការ​ក៏​បាន​ផ្ដល់​ជា​ថវិកា​ដល់​អ្នកស្រី​សម្រាប់​ទៅលេង​ស្រុក​កំណើត​ផង​ដែរ​៕