ភ្នំពេញៈ មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR បង្ហាញ​ថា ការរើស​អើង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅក្នុង​សហ​គម​ន៍​មានការ​ថយចុះ ដោយ​នាំ​មក​វិញ​នូវ​ការ ទទួលស្គាល់​ជា​វិជ្ជ​មាន ​ក្នុង​កម្រិត​ខ្ពស់ ប៉ុន្តែ​ពួកគេ​​នៅ​ខ្វះ​ការទទួលបាន​ការការពា​រ​ផ្នែក​ច្បាប់​សំខាន់ៗ ដែល​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​ច្បាប់​នៅ​កម្ពុជា។

របាយ​ការណ៍​ដែល​ចេញ​ផ្សា​យ​ស្របពេល​ពិភព​លោក​ចូលរួម​អបអរ​ទិវា​អន្ដរជាតិ​ប្រឆាំងនឹង​ការរើសអើង​ទៅលើ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា កាល​ពី​ថ្ងៃទី ១៧ ខែ​ ឧសភា ឆ្នាំ ២០១៩ បាន​បង្ហាញ​អំពី​របក​គំហើញ​សំខា​ន់​ៗ​របស់​របាយ​ការណ៍​ស្រាវជ្រាវ​ ដោយ​យោង​ទៅ​នឹង​របាយការណ៍​ស្រាវ​ជ្រាវ​ ក្នុង​ឆ្នាំ ២០១​៧ ដែល​មាន​ឈ្មោះ​ថា «គ្រួសារ​ឥន្ទធនូ​កម្ពុជា»។

របាយ​ការណ៍​ ​លើក​ឡើង​ថា ទោះបី​ជាមាន​​និន្នាការ​នៃ​ការ​ទទួល​ស្គាល់ខ្លះៗ​ក៏ដោយ​ក៏​ការស្រាវ​ជ្រាវ​របស់​ CCHR បាន​បង្ហាញ​ពី​លក្ខណៈ​នៃ​ការ​បដិសេធ និង​ការរើសអើង​នៃ​ក្របខ័ណ្ឌ​ច្បាប់​ដែល​ធ្វើ​ឲ្យ​គ្រួសារ​ឥន្ទធនូ​កម្ពុជា​ខ្វះ​ការ​ការពារ​ផ្នែក​ច្បាប់​សំខាន់ៗ ក្នុង​ផ្នែក​ជាច្រើន​នៃ​ជីវិត​គ្រួសារ រួម​មាន សិទ្ធិ​រៀប​អាពាហ៍​ពិពាហ៍ សិទ្ធិ​ស្មុំ​កូន​ពេញ​លេញ និង​សិទ្ធិ​ទទួល​ស្គាល់​យេនឌ័រ​តាម​ផ្លូវ​ច្បាប់។

របាយកា​រណ៍​នេះបញ្ជាក់​ថា​៖ «៨៨% នៃ​គូស្រករ​ ដែល​ត្រូវបាន​សម្ភាស អះអាងថា ការរើស​អើង​នឹង​អាច​កាត់​បន្ថ​យ​ ប្រសិន​បើ​ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រៀបការ​ជាមួយ​ដៃគូ​ស្របច្បាប់។ ការមិន​រាប់​ប​ញ្ចូ​ល​បុគ្គល​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ក្នុង​ចំណង​នៃ​អាពាហ៍ពិពាហ៍ គឺ​ផាត់​ពួកគេ​ចេញពី​មូលដ្ឋាន​គ្រឹះ​សង្គម​កម្ពុជា»។

ជាមួយ​នឹង​ការ​លើក​ឡើង​ពី​បញ្ហា​ទាំង​នេះ របា​យការណ៍​ក៏បាន​បញ្ចូល​នូវ​ការផ្ដល់​ជា​អនុសាសន៍​ជូន​ចំពោះ​រាជរដ្ឋាភិបាល​ដើម្បី​ធានា​នូវ​សិទ្ធិ​ស្មើ​គ្នា​នៃ​គ្រួសារ​ឥន្ទធនូ​កម្ពុជា ​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល ធ្វើ​វិសោធន​កម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ក្រមរដ្ឋ​ប្បវេណី និង​បង្កើត​ច្បាប់​មួយ​ចំនួន ​ដើម្បី​ផ្តល់ឱកាស​ឲ្យ​ជន​ស្រឡាញ់​ភេទ​ដូចគ្នា ​អាច​ទទួល​បាន​ការ​ការពា​រ​តាមផ្លូវ​ច្បាប់ ក្នុង​ជីវិត​គ្រួសារ​របស់​ពួក​គេ​បាន​ពេញ​លេញ។

លោក កែវ សារិទ្ធ វ័យ​ជាង ៣០ ឆ្នាំ ដែល​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា បាន​និយាយ​ថា ពិត​ណាស់ នៅ​កម្ពុជា ការរើសអើងសម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា មាន​កាន់តែ​តិច​ទៅៗ ​ព្រោះតែ​ពលរដ្ឋ​ទទួល​បាន​ការយល់​ដឹង​កាន់​តែ​ច្រើន​ជុំវិញ​បញ្ហា​នេះ។ តែ​យ៉ាង​ណា លោក ថា ​ចំពោះ​បញ្ហា​សិទ្ធិ​ទទួល​បាន​ការ​ការពារ​តាម​ផ្លូវ​ច្បាប់ នៅ​មិន​ទាន់​ល្អ​ប្រសើរ​នៅ​ឡើយ​នោះ​ទេ។

លោក​ថា​៖ «ការពារ​តាមផ្លូវ​ច្បាប់​ហ្នឹង​សម្រាប់​ខ្ញុំគឺ ៥០/​៥០​ វា​អត់​ពេញ​ជា ១០០ ភាគ​រយ​ទេ។ កន្លែង​ខ្លះ​វា​មាន​ច្បាប់ តែ​ពិបាក​សម្រាប់​ការ​អនុវត្ត ព្រោះ​ដូចជា​ការ​រៀប​ការ​អ៊ីចឹង យើង​សុំ​មេឃុំ មេភូមិ ​ដើម្បី​ការ​បាន តែ​ការ​ទទួល​ស្គាល់​ធំ​ដូច​ជា ផ្លូវ​ច្បាប់ មាន​លិខិត​ស្នាមគឺ​មិន​មាន​ទេ»។

លោក​ ផៃ ស៊ី​ផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​ ​ថ្លែង​កាល​​ពី​ម្សិល​មិញ​ថា កន្លង​ទៅ​ រដ្ឋាភិបាល​ បាន​គាំទ្រ​ចំពោះ​ការស្រឡាញ់​​ភេទ​ដូចគ្នា និង​បាន​ជំរុញ​ដោយ​ធ្វើយ៉ាង​ណា​ ដើម្បី​កុំ​ឲ្យ​មាន​ការ​រើសអើង​ និង​សម្រួល​ឲ្យ​កាន់​តែ​​មាន​ភាព​ងាយ​​ស្រួល​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ដូច​ជាការ​ទុក​ដាក់​ទ្រព្យសម្បត្តិ​រួមគ្នា និង​ការ​អនុគ្រោះ​តាម​ផ្លូវ​ច្បាប់​មួយ​ចំនួន។

តែ​យ៉ាងណាសម្រាប់​ការ​កែប្រែ​​ច្បាប់​​នោះ លោក​អះអាង​ថា វា​អាស្រ័យទៅលើ​ការពិនិត្យ​មើល​នូវ​ភាពចាំបាច់​នៃ​ច្បាប់ ហើយក៏​ត្រូវធ្វើ​យ៉ាង​ណា​ឲ្យ​ស្របទៅ​តាម​ប្រពៃណី ទំនៀម​ទម្លាប់​ដ៏​ផូរផង់​របស់​ខ្មែរ​ជាមុន​ផងដែរ។

លោក​បន្តថា​៖ «វា​ជា​រឿង​ថ្មី​មួយ​សម្រាប់​ការរៀបចំ​ប្រទេស​យើង​ តាម​គតិ​យុ​ត្ត​ដោយ​យើង​ខំប្រឹង​ប្រែង​ដើម្បី​ជួយ​ដល់​សង្គម​របស់​យើងដូច្នេះ​សង្គម​ស៊ីវិល​គួរតែ​ប្រើ​ប្រាស់​បំណង និង​ការចង់​សម្រេច​របស់ខ្លួន​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​មាន​ច្បាប់​ការពារ គឺ​គួរតែ​រៀប​ចំ គួរតែ​ធ្វើ​យ៉ាង​ម៉េច ឲ្យ​អ្នក​ច្បាប់​គេ​ទទួល​ស្គាល់​ហើយ​​​ចូលរួម​ក្នុង​រឿង​ហ្នឹង»។

បើ​តាម CCHR កាលពី​ឆ្នាំ ២០១៦ អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា មាន​ប្រមាណ ១ លាន ៤ សែន នាក់​ខណៈ​ដែល​ពួកគេ​កាន់តែ​ច្រើន​ឡើង​ៗ ហ៊ាន​បង្ហាញ​អត្ត​សញ្ញាណ​ថា ​ពួកគេ ​កំពុង​ស្រឡាញ់​ភេទ​ដូច​គ្នា​ ដោយ​គ្មាន​លាក់​លៀម៕