ភ្នំពេញៈ ការឃ្លាំមើលរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅក្នុងសវនាការសាលាឧទ្ធរណ៍ រកឃើញថាភាគច្រើនចៅក្រមជំនុំជម្រះបានប្រាប់ពីការចោទប្រកាន់ដល់ជនជាប់ចោទ ប៉ុន្តែមានសំណុំរឿងខ្លះចៅក្រមប្រាប់ពីការចោទប្រកាន់មិនពេញលេញ និងមិនបានប្រាប់ទាល់តែសោះ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) កាលពីថ្ងៃចន្ទបានចេញព្រឹត្តិបត្រព័ត៌មានស្ដីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដោយផ្ដោតសំខាន់លើសិទ្ធិទទួលបានការពន្យល់ប្រាប់ពីសិទ្ធិរបស់ជនជាប់ចោទនៅក្នុងសវនាការនៅសាលាឧទ្ធរណ៍។ CCHR បានដាក់ភ្នាក់ងារសង្កេតការណ៍នៅសាលាឧទ្ធរណ៍ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩ ដល់ខែមេសា ឆ្នាំ ២០២០ ដោយបានឃ្លាំមើលការកាត់ក្ដីសំណុំរឿងចំនួន ២៧៣។
ក្នុងចំណោមសំណុំរឿងទាំងនេះ CCHR បានឃ្លាំមើលថា តើចៅក្រមបានប្រាប់ និងពន្យល់អំពីសិទ្ធិរបស់ជនជាប់ចោទដែរឬទេ។ សិទ្ធិរបស់ជនជាប់ចោទដែលចៅក្រមត្រូវពន្យល់ប្រាប់ដល់ជនជាប់ចោទរួមមាន សិទ្ធិទទួលបានការពន្យល់ប្រាប់ សិទ្ធិ ការយល់ដឹងពីប្រភេទ និងមូលហេតុនៃការចោទប្រកាន់សិទ្ធិមានមេធាវី សិទ្ធិការពារខ្លួនដោយផ្ទាល់ខ្លួន និងសិទ្ធិនៅស្ងៀម។
របាយការណ៍របស់ CCHR លើកឡើងថា៖ «នៅក្នុងអំឡុងពេលនៃការសង្កេតការណ៍សវនាការ CCHR បានរកឃើញថា ភាគច្រើនចៅក្រមបានប្រាប់អំពីការចោទប្រកាន់ដល់ជនជាប់ចោទ និងពន្យល់អំពីប្រភេទនៃការចោទប្រកាន់ដល់ជនជាប់ចោទដែលមានសំណុំរឿង ១៩៦ ឬ ៧២ ភាគរយក្នុងចំណោមសំណុំរឿងទាំងអស់»។
CCHR បន្តថា៖ «ទោះយ៉ាងនេះក្ដីក្នុងចំណោមសំណុំរឿងចំនួន ៦៤ (២៣%) ចៅក្រមបានត្រឹមតែពន្យល់ផ្នែកខ្លះអំពីបទចោទប្រកាន់ដល់ជនជាប់ចោទតែប៉ុណ្ណោះហើយក្នុងចំណោមសំណុំរឿងចំនួន ៣១ (៥%) ចៅក្រមមិនបានប្រាប់អំពីការចោទប្រកាន់ដល់ជនជាប់ចោទឡើយ»។
ចៅក្រមបានប្រាប់ទៅជនជាប់ចោទអំពីសិទ្ធិមានមេធាវីការពារ ឬការពារក្ដីដោយខ្លួនឯងចំនួន ៣០ សំណុំរឿង ឬស្មើនឹង ១១ ភាគរយ។ ប៉ុន្តែមានសំណុំរឿង ២០ ដែលចៅក្រមមិនបានប្រាប់ដល់ជនជាប់ចោទអំពីសិទ្ធិមានមេធាវីការពារ ឬការការពារខ្លួនដោយខ្លួនឯង។
CCHR បានលើកឡើងទៀតថា មានសំណុំរឿងចំនួន ១៧៩ ដែលចៅក្រម មិនចាំបាច់ប្រាប់ពីសិទ្ធិមានមេធាវី ដោយសារតែជនជាប់ចោទមានមេធាវីការពារស្រាប់។ សំណុំរឿងចំនួន ១៤២ ដែលចៅក្រមខកខានមិនបានប្រាប់ពីសិទ្ធិនៅស្ងៀមរបស់ជនជាប់ចោទ។ នេះបើតាមព្រឹត្តិបត្ររបស់ CCHR ដដែល។
CCHR បញ្ជាក់ថា៖ «ដោយផ្អែកលើតួលេខខាងលើបង្ហាញយ៉ាងច្បាស់ថា មានចំនួនសំណុំរឿងតិចនៅឡើយដែលចៅក្រមបានប្រាប់ និងពន្យល់ពេញលេញដល់ជនជាប់ចោទអំពីសិទ្ធិរបស់ពួកគេ។ ហេតុដូចនេះសិទ្ធិរបស់ជនជាប់ចោទមិនទាន់ត្រូវបានគោរពពេញលេញនៅឡើយទេ ហើយការអនុវត្តរបស់តុលាការបែបនេះគឺមិនបានអនុលោមទៅតាមបទដ្ឋានជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅឡើយ»។
CCHR បានលើកឡើងនូវអនុសាសន៍ចំនួន ៤ ចំណុចដល់ចៅក្រមនៅតាមតុលាការនានាទូទាំងប្រទេសកម្ពុជា រួមមានការប្រាប់ និងពន្យល់សិទ្ធិដល់ជនជាប់ចោទប្រាប់សិទ្ធិទាំងអស់ដែលជនជាប់ចោទមានក្នុងសវនាការ ជំនុំជម្រះឲ្យបានពេញលេញ និងដោយសេរី និងអនុវត្តពេញលេញដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ផ្អែកលើបទដ្ឋានជាតិ និងអន្តរជាតិ និងការអនុវត្តល្អៗនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្លែងកាលពីម្សិលមិញថា លោកមិនអាចអត្ថាធិប្បាយលើករណីជាក់ស្ដែងនៅសាលាឧទ្ធរណ៍បានទេ មានតែមន្ត្រីគ្រប់គ្រងនៅទីនោះទេ ដែលអាចពន្យល់បកស្រាយលើការលើកឡើងរបស់ CCHR។ ទោះយ៉ាងណាលោកថ្លែងជារួមថា តាមលោកពិនិត្យមើលរបាយការណ៍របស់ CCHR ហាក់ដូចជាមិនមានអ្វីខុសពីរបាយការណ៍ដែល អង្គការនេះធ្លាប់ចេញពីមុនទេ។
លោកថ្លែងថា៖ «សម្រាប់ក្រសួងគឺយើងមានការបណ្ដុះបណ្ដាលសមត្ថភាពចៅក្រមយើងច្បាស់លាស់ណាស់ពាក់ព័ន្ធនឹងរបៀបសរសេរសាលក្រម ការអនុវត្តការការពារ ក៏ដូចជាសិទ្ធិរបស់ជនជាប់ចោទ តាមនីតិវិធីក្រមព្រហ្មទណ្ឌក៏ដូចជានីតិវិធីក្រមរដ្ឋប្បវេណី ដែលមានជាធរមាន។ ក្រៅពីការបណ្ដុះបណ្ដាល ចៅក្រមក៏ទទួលបានជាប់ជាប្រចាំដែរពាក់ព័ន្ធនឹងការងារទាំងអស់នេះ។ អ៊ីចឹងបើរបាយការណ៍គាត់លើកមកថា មានចំណុចខ្វះខាតទាល់តែទាក់ទងទៅស្ថាប័នដែលអនុវត្តផ្ទាល់ទើបអាចធ្វើការសន្និដ្ឋានបាន»។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងលោក ជូ ប៊ុនរីន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋបាលសាលាឧទ្ធរណ៍បានទេ៕