ភ្នំពេញ: មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR) ​បានបង្ហាញ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា មាន​ស្ត្រី​កម្ពុជា​យ៉ាង​ហោចណាស់​ម្នាក់​ក្នុង​ចំណោម​ ៥ ​នាក់ ​ធ្លាប់បាន​រង​នូវ​អំពើហិង្សា​ពី​ដៃគូ​ស្នេហា សមាជិក​គ្រួសារ សហការី អ្នក​ស្គាល់គ្នា មន្ត្រី​សាធារណៈ និង​អ្នកផ្សេងៗ​​ទៀត ខណៈ​ចំនួន​នេះ​ត្រូវ​បាន​រកឃើញ​កើនឡើង​ក្នុង​អំឡុងពេល​មាន​វិបត្តិ​កូវីដ​ ១៩​។

របាយការណ៍​របស់ CCHR ​បាន​​ចេញផ្សាយ​នៅ​ថ្ងៃទី​ ៦ ខែ​ធ្នូ ដែល ​ភ្នំពេញ​ ប៉ុស្ដិ៍​ ទទួល​បាន​ពី​ម្សិលមិញ​ថា ស្ថានភាព​អំពើហិង្សា​​ទាក់ទង​យេនឌ័រ​នៅ​កម្ពុជា​បច្ចុប្បន្ន​គឺ​មាន​ស្ត្រី​ ១ ​នាក់​ក្នុង​ចំណោម​ ៥ ​នាក់​ ធ្លាប់​បាន​ទទួល​​រង​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ ដោយ​សំដៅ​ដល់​សកម្មភាព​ដែល​ប៉ះពាល់​ផ្ទាល់​ទៅលើ​បុគ្គល​ដោយ​ផ្អែកលើ​យេនឌ័រ​របស់​ពួកគេ​ជាពិសេស​ប្រឆាំង​ស្ត្រី​។

របាយការណ៍​បន្តថា អំពើ​ហិង្សា​នេះ​កើត​ពី​ដៃគូ​ស្នេហា សមាជិកគ្រួសារ សហការី អ្នក​ស្គាល់គ្នា មន្ត្រី​សាធារណៈ និង​អ្នកផ្សេងៗ​ទៀត ដែល​ជា​ឫសគល់​នៃ​វិសមភាព​យេនឌ័រ ការរំលោភ​អំណាច និង​បទដ្ឋាន​សង្គម​ដែលមាន​លក្ខណៈ​មិន​អំណោយផល​។

អំពើហិង្សា​លើ​ស្ត្រី មិនត្រូវ​បានកំណត់​កម្រិត​​សកម្មភាព​ច្បាស់លាស់​ទេ ក្នុង​នោះ​រួមមាន អំពើហិង្សា​ប្រឆាំង​នឹង​ស្ត្រី​អំពើហិង្សា​ក្នុង​គ្រួសារ អំពើហិង្សា​ផ្លូវភេទ​ដូចជា ការរំលោភ​សេពសន្ថវៈ ការបៀតបៀន​ផ្លូវភេទ និង​ការរំលោភ​សេពសន្ថវៈ​ជា​ក្រុម​ (​ការរំលោភ​បូក​) និង​ការជួញដូរ​មនុស្ស​។

ការរកឃើញ​នេះ​ក្នុង​អំឡុងពេល​ដំណើរការ​យុទ្ធនាការ​រយៈពេល​ ១៦ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ២៥ ខែវិច្ឆិកា ដល់​ថ្ងៃទី​ ១០ ខែធ្នូ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​នៅ​កម្ពុជា​។ នៅ​ចំពោះមុខ​បញ្ហា​នេះ CCHR មើលឃើញ​បញ្ហា​ដោះស្រាយ​ហិង្សា​លើ​ស្ត្រី​នៅ​កម្ពុជា គឺ​ហាក់បី​ដូចជា​គ្មាន​ប្រសិទ្ធភាព​ទេ បើទោះបី​កម្ពុជា​មាន​កិច្ចការពារ​ជាច្រើន​មិន​ថា​តាមផ្លូវ​ច្បាប់​ក៏ដោយ​។

របាយការណ៍​បញ្ជាក់ថា «​នៅក្នុង​ថ្ងៃ​ដ៏មាន​សារៈសំខាន់​ (​ថ្ងៃ​ធ្វើ​យុទ្ធនាការ​) ​ទាំងនេះ CCHR សូម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការលើក​កម្ពស់ ការពារ និង​គោរព​សិទ្ធិមនុស្ស​នៅ​ទូទាំងប្រទេស ពិសេស​ចាត់វិធានការ ដើម្បី​ការពារ​សិទ្ធិ​ស្រី្ត និង​លើកកម្ពស់​សមភាព​យេនឌ័រ​»​។

លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR) ​បាន​ឱ្យដឹងពី​ម្សិលមិញ​ថា លោកស្រី ចង់​ឱ្យ​រដ្ឋាភិបាល និង​​អ្នកពាក់ព័ន្ធ​ដាក់ចេញ​វិធានការ​ជាក់លាក់​ណាមួយ ដើម្បី​លើកកម្ពស់​សិទ្ធិ​ស្ត្រី​នៅក្នុង​សង្គម​ដោយ​ប្រើ​វិធានការ​ទាំងនេះ​លុបបំបាត់​ការរើសអើង ការប្រើប្រាស់​អំពើហិង្សា​ទៅលើ​ស្ត្រី​គ្រប់​រូបភាព​ទាំងអស់​។

លោកស្រី​បញ្ជាក់ថា​៖ «​យើង​ដឹង​ហើយ​ថា បើ​និយាយ​ពី​សិទ្ធិ​ស្ត្រី​គឺ​ម្នាក់ៗ​គ្មាន​ការប្ដេជ្ញា​ទទួលស្គាល់​គុណតម្លៃ​ស្ត្រី​ទាល់តែ​សោះ ជាក់ស្ដែង​ស្ត្រី​នៅតែ​បន្ត​រងគ្រោះ​ពី​អំពើហិង្សា​គ្រប់​ទម្រង់​ ឬ​គ្រប់​រូបភាព​។ ក្នុង​បរិបទ​កូវីដ​១៩​នេះ យើង​ឃើញថា បើទោះបី​ជា​មិនមាន​ការចងក្រង​របាយការណ៍​អ្វី​ឱ្យបាន​ច្បាស់លាស់ ប៉ុន្ដែ​វា​ហាក់​ដូចជា មាន​របត់​មួយ​គឺ​ស្រី្ត​បន្ថែម​ការ​ប្រឈម​នឹង​អំពើហិង្សា​កាន់តែខ្លាំង​ថែមទៀត ដោយសារ​ពួកគាត់​ភាគច្រើន​ត្រូវ​មក​ធ្វើ​ការងារ​នៅផ្ទះ​ច្រើនជាង​នៅ​ខាងក្រៅ​»​។

លោកស្រី ម៉ាន ចិន្តា អ្នកនាំពាក្យ​របស់​ក្រសួង​កិច្ចការនារី​​ពី​ម្សិលមិញ មិនទាន់​បាន​ឆ្លើយតប​នឹង​សំណួរ​តាមរយៈ​សារ​អេឡិចត្រូនិក​ទេ​។

តាមរយៈ​ការស្ទង់មតិ​នៅ​ឆ្នាំ​ ២០១៥ របស់​ក្រសួង​កិច្ចការ​នារី​បាន​បង្ហាញថា ស្ត្រី ​២១ ​ភាគរយ​ត្រូវបាន​រាយការណ៍​ថា ពួកគេ​ធ្លាប់​រង​នូវ​អំពើហិង្សា​លើ​រូបរាងកាយ ឬ​ផ្លូវភេទ​ពី​ដៃគូ​យ៉ាងហោច​ម្ដង​។ ​២០ ​ភាគរយ​ទៀត​ត្រូវបាន​រាយការណ៍​ថា ការរួម​ភេទ​លើក​ទី​ ១ ​របស់ខ្លួន​កើតចេញ​ពី​ការបង្ខិតបង្ខំ​ និង​គំរាមកំហែង​។ រីឯ​ ៤៩ ​ភាគរយ​ទៀត មិនបាន​ប្រាប់​ទៅ​នរណាម្នាក់​អំពី​ហិង្សា​ទេ​ដោយសារ​​ភាពភ័យខ្លាច​ក្នុង​ការរាយការណ៍ ភាពខ្មាសអៀន ឬ​ជឿថា អំពើ​នេះ​ជា​រឿង​ធម្មតា​៕