ភ្នំពេញៈ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR) ​បាន​រកឃើញ​ថា សិទ្ធិ​ទទួល​បាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​ជា​មូលដ្ឋាន​មួយចំនួន​ក្នុង​សវនាការ​សាលាឧទ្ធរណ៍​អនុវត្តបាន​ល្អប្រសើរ ប៉ុន្តែ​មួយ​ចំនួន​ទៀត​ពុំទាន់​អនុវត្ត​បាន​ពេញលេញ​នៅ​ឡើយ​ទេ បើទោះ​ជា​មន្ត្រី​អះអាង​ថា​រាល់​សិទ្ធិ​ទាំងអស់​ត្រូវ​បាន​អនុវត្ត​ពេញលេញ​ក៏ដោយ​។

របាយការណ៍​ប្រចាំឆ្នាំ​ស្ដីពី​របកគំហើញ​សំខាន់ៗ​ពី​ការសង្កេត​សវនាការ​នៅ​សាលាឧទ្ធរណ៍​របស់​ CCHR ចេញ​ផ្សាយ​កាលពី ថ្ងៃទី​ ២១ តុលា បង្ហាញ​ថា សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​ជា​មូលដ្ឋាន​មួយចំនួន រួមមាន​សិទ្ធិ​ក្នុង​ការទទួល​បានការ​ជំនុំជម្រះ​ជា​សាធារណៈ​។ សិទ្ធិ​យល់ដឹង​អំពី​ប្រភេទ និង​មូលហេតុ​នៃ​ការចោទប្រកាន់​។ សិទ្ធិ​មាន​មេធាវី​របស់​ជនជាប់ចោទ​ជា​នីតិជន​សម្រាប់​បទមជ្ឈិម​។ សិទ្ធិ​សន្មត​ទុក​ជាមុន​ថា​គ្មាន​ទោស គឺ​មិនទាន់​អនុវត្តបាន​ពេញលេញ និង​យកចិត្ត​ទុកដាក់​គ្រប់គ្រាន់​នៅឡើយ​ទេ​។

ការរកឃើញ​នេះ​បន្ទាប់ពី CCHR បាន​ចូលរួម​សង្កេតការណ៍​ក្នុង​សវនាការ​នៅ​សាលាឧទ្ធរណ៍​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន​ ២១៣ ​ករណី​ចាប់ពី​ថ្ងៃទី​ ១ ខែ វិច្ឆិកា ឆ្នាំ​ ២០១៧ ដល់ ថ្ងៃទី​ ៣១ ខែ​ តុលា ឆ្នាំ​ ២០១៨​។ របាយការណ៍​បន្តថា ការអនុវត្ត​មិនបាន​ពេញលេញ​នូវ​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​សាធារណៈ ព្រោះ​ក្នុង​ចំណោម​ការចុះ​សង្កេតការណ៍ គ្មាន​សវនាការ​ណាមួយ​ដែល​បិទ​ផ្សាយ​ជូនដំណឹង​កាលវិភាគ​សវនាការ​នៅក្រៅ​បន្ទប់​សវនាការ​ដើម្បីឱ្យ​សាធារណជន​បានដឹង​ឡើយ​។

ឯ​ចំនួន​ភាគរយ​នៃ​សំណុំរឿង​ជនជាប់ចោទ​ដែល​ត្រូវបាន​ប្រាប់​អំពី​ប្រភេទ​ និង​មូលហេតុ​នៃ​ការចោទប្រកាន់​ក៏​បាន​ធ្លាក់ចុះ​ពី​ ៨៦% ​មក​ត្រឹម​ ៦៩% បើ​ប្រៀបធៀប​ទៅនឹង​ការសង្កេតការណ៍​សវនាការ​កាលពី​ឆ្នាំ​កន្លងទៅ​។ ជនជាប់ចោទ​ជា​នីតិជន​ក្នុង​សំណុំ​រឿង​នៃ​បទមជ្ឈិម​ចំនួន ​២៥% គឺ​ពុំមាន​មេធាវី​តំណាង​ឡើយ ដែល​នេះ​ផ្ទុយ​ទៅ​នឹង​បទដ្ឋាន​នៃ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​។

ជាមួយ​គ្នា​នេះ​ការអនុវត្ត​មិនបាន​ពេញលេញ​នូវ​សិទ្ធិ​សន្មត​ទុកជាមុន​ថា​គ្មាន​ទោស ដោយសារ​ជនជាប់ចោទ​ចំនួន​ ២៦% ​បានបង្ហាញ​ខ្លួន​ចំពោះ​មុខ​តុលាការ​ក្នុង​ឯកសណ្ឋាន​ជា​ទណ្ឌិត​ក្នុង​សវនាការ​។ រីឯ​សិទ្ធិ​ទទួល​បាន​សេចក្ដីសម្រេច​ដែល​មាន​សំអាង​ហេតុ ក៏​នៅតែ​ជា​បញ្ហា ដោយសារ​ចៅក្រម​ពុំបាន​បញ្ជាក់ លម្អិត និង​ច្បាស់លាស់​ពី​មាត្រា​ច្បាប់ និង​ភ័ស្ដុតាង ដែល​ប្រើប្រាស់​ជា​មូលដ្ឋាន​ដើម្បី​ឈាន​ទៅ​សម្រេច​សាលដីកា​។ ប៉ុន្តែ​ចៅក្រម​គ្រាន់តែ​បញ្ជាក់​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រក្សា​ទុក​ដដែល ឬ​ច្រានចោល ហើយ​មិន​បាន​ពន្យល់​លម្អិត​ និង​ច្បាស់​លាស់​ឡើយ​។

លោកស្រី​ ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លើកឡើង​ថា ដើម្បី​ឱ្យ​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​ត្រូវបាន​គោរព​អនុវត្តបាន​ល្អប្រសើរ​ទូទាំង​ប្រទេស​គឺ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវតែ​ចាត់វិធានការ​បន្ទាន់​ដើម្បី​ធានា​ដល់​សិទ្ធិ​ទាំងនោះ​។

លោកស្រី​ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​៖ «​យើងខ្ញុំ​សូម​ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​បន្ទាន់​ និង​សមស្រប ដើម្បី​ធានា​ថា​សិទ្ធិ​ទទួល​បានការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​។ ជាពិសេស សិទ្ធិ​ទទួល​បានការ​សន្មត​ទុកជាមុន​ថា​គ្មាន​ទោស​។ សិទ្ធិ​យល់ដឹង​អំពី​ប្រភេទ​ និង​មូលហេតុ​នៃ​ការចោទប្រកាន់​។ សិទ្ធិ​ទទួល​បាន​សម្រេច​តាម​សម្អាង​ហេតុ និង​ការការពារ​ឯកជនភាព​របស់​អនីតិជន​ឱ្យបាន​ពេញលេញ​»​។

លោក​ ទូច ថារិទ្ធ អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ថ្លែងថា លោក​មិនអាច​ឆ្លើយតប​បានទេ​ជុំវិញ​ការរកឃើញ​នេះ ដោយសារ​លោក​ពុំទាន់​បានឃើញ​របាយការណ៍​របស់ CCHR នេះ​នៅឡើយ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា រាល់​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការទទួល​បាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​នៅ​សាលាឧទ្ធរណ៍ សុទ្ធតែ​ត្រូវបាន​អនុវត្តបាន​ពេញលេញ​ទាំងអស់​ស្រប​តាម​គោលការណ៍​ច្បាប់​ និង​នីតិវិធី​។

លោក​ថ្លែងថា​៖ «​សំខាន់​ការសង្កេត​របស់​អង្គការ​ហ្នឹង មិន​ដឹង​ថា​តើ​គាត់​សង្កេត​ និង​ឃ្លាំមើល​ដោយ​វិធី​ណាមួយ និង​នីតិវិធី​ណាមួយ​ដែរ​។ អ៊ីចឹង​ទាល់តែ​មាន​របាយការណ៍​ហ្នឹង​មក​ដល់ដៃ​ខ្ញុំ​សិន ដើម្បី​ខ្ញុំ​ពិនិត្យមើល​តាមផ្លូវ​ច្បាប់​ និង​ការសង្កេត​របស់​គាត់ ហើយ​ខ្ញុំ​នឹង​រាយការណ៍​ជូន​ឯកឧត្តម​ប្រធាន​»​។

ជាមួយ​គ្នា​នេះ​លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ក៏​មិនអាច​អធិប្បាយ​ជុំវិញ​ការរកឃើញ​របស់ CCHR នេះ​ដែរ​ដោយ​លោក​អះអាង​ថា កំពុង​ជាប់​រវល់​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស​។

ទោះបី​យ៉ាងណា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​អះអាង​ថា សិទ្ធិ​មាន​ពេលវេលា និង​មធ្យោបាយ​គ្រប់គ្រាន់​ដើម្បី​រៀបចំ​ការពារ​ក្ដី សិទ្ធិ​ទទួល​បាន​ការប្រកាស​សេចក្ដី​សម្រេច​ជា​សាធារណៈ និង​សិទ្ធិ​មិន​ត្រូវ​បាន​បង្ខិតបង្ខំ​ឱ្យ​សារភាព​ពី​ពិរុទ្ធភាព​គឺ​ត្រូវ​បាន​គោរព​ល្អប្រសើរ​៕