
ជនជាប់ចោទពេលនាំចូលសាលាឧទ្ធរណ៍កន្លងមក។ ហុង មិនា
ភ្នំពេញៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR អះអាងថា សិទ្ធិទទួលបានមេធាវីការពារក្តី និងសិទ្ធិមានវត្តមានក្នុងសវនាការនៅសាលាឧទ្ធរណ៍មិនទាន់ត្រូវបានអនុវត្តពេញលេញ ខណៈអ្នកនាំពាក្យក្រសួងយុត្តិធម៌ក៏ទទួលស្គាល់ដែរថាការអនុវត្តកម្មវិធីជំនួយផ្នែកច្បាប់នៅមានកម្រិត។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR កាលពីថ្ងៃពុធបានចេញផ្សាយព្រឹតិ្តបត្រស្ដីពីសិទ្ធិទទួលបានការជំនុំជម្រះក្ដីដោយយុត្តិធម៌នៅសាលាឧទ្ធរណ៍ ដោយបានឃ្លាំមើលសំណុំរឿងចំនួន ២១៨ ករណី ដែលមានជនជាប់ចោទសរុប ៣១៦ នាក់។ ការឃ្លាំមើលនេះធ្វើឡើងក្នុងរយៈពេល ១ ឆ្នាំពេញចាប់ពីថ្ងៃទី ១ ខែមករារហូតដល់ថ្ងៃទី ៣១ ខែធ្នូ។ គម្រោងនេះផ្ដោតសំខាន់លើសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ក្នុងសវនាការជំនុំជម្រះរឿងព្រហ្មទណ្ឌ កម្រិតនៃការមានមេធាវីការពារ និងវត្តមានរបស់ជនជាប់ចោទនៅក្នុងសវនាការ។
CCHR ពិនិត្យឃើញមានចំណុចវិជ្ជមានមួយនោះគឺជនជាប់ចោទបទឧក្រិដ្ឋ និងជនជាប់ចោទជាអនីតិជន សុទ្ធតែមានមេធាវីការពារទាំងអស់។ ក៏ប៉ុន្តែមានជនជាប់ចោទ ៨០ នាក់ស្មើនឹង ២៥ ភាគរយនៃករណីដែលបានអង្កេតដែលជាប់ចោទបទមជ្ឈិមមិនមានមេធាវីការពារ។
CCHR បានលើកមាត្រា ៣០១ នៃក្រមនីតិវិធីព្រហ្មទណ្ឌមកធ្វើជាសំអាងដោយពន្យល់ថា ជំនួយមេធាវីត្រូវតែមានដាច់ខាតចំពោះបទឧក្រិដ្ឋ និងអនីតិជន។ ប៉ុន្តែ CCHR បញ្ជាក់ថា៖ «ច្បាប់នេះមិនទាន់ស្របតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិនៅឡើយ ចំពោះករណីដែលពាក់ព័ន្ធនឹងបទល្មើសផ្សេងទៀត ក្រៅពីបទឧក្រិដ្ឋដូចជាបទមជ្ឈិម។ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ មិនបានបែងចែកបទល្មើសផ្សេងគ្នាដូច្នេះទេ ហើយជួសមកវិញគឺតម្រូវឲ្យមានសិទ្ធិមានមេធាវីដែលត្រូវអនុវត្តជាសកល និងមិនគិតពីប្រភេទនៃបទល្មើសឡើយ»។
CCHR ក៏បានអង្កេតលើសិទ្ធិមានវត្តមានក្នុងសវនាការដោយបានកត់សម្គាល់ឃើញថា ក្នុងចំណោមជនជាប់ចោទ ៣១៦ នាក់ មាន ៥៩ នាក់ ឬ១៩ ភាគរយ មិនមានវត្តមានក្នុងសវនាការ ឬសវនាការដោយកំបាំងមុខ។ សវនាការបែបនេះមិនអនុលោមតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិចំពោះសិទ្ធិមានវត្តមាននៅក្នុងសវនាការឡើយ។ ករណីខ្លះអវត្តមានកើតឡើងដោយសារជនជាប់ចោទមិនទទួលបានកាលបរិច្ឆេទសវនាការ និងកង្វះមធ្យោបាយដឹកជញ្ជូន។
ក្រៅពីនេះ CCHR បានអង្កេតឃើញមានករណីមួយដែលជនជាប់ចោទពីបទឧក្រិដ្ឋ ៦ នាក់មានមេធាវីតែម្នាក់។ ករណីបែបនេះបានធ្វើឲ្យមានទំនាស់ផលប្រយោជន៍ ដោយសារតែជនជាប់ចោទឆ្លើយដាក់គ្នា។ CCHR លើកឡើងនូវអនុសាសន៍មួយចំនួនរួមមានការធ្វើឲ្យប្រសើរឡើងការដឹកជញ្ជូនជនជាប់ចោទទៅចូលរួមសវនាការចៀសវាងអវត្តមានពួកគេពីសវនាការពន្យារពេលសវនាការ ករណីអវត្តមានជនជាប់ចោទ ចៅក្រមគួរគោរពសិទ្ធិមានមេធាវីរបស់ជនជាប់ចោទដោយមិនកំណត់តាមបទល្មើស។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្លែងថា ការផ្ដល់ជំនួយផ្នែកច្បាប់ពីរដ្ឋាភិបាលនៅមានកម្រិតនៅឡើយ ទាំងផ្នែកហិរញ្ញវត្ថុ និងធនធានមនុស្ស និងមេធាវីការពារក្ដីសម្រាប់ជនក្រីក្រ។ ដូច្នេះហើយធ្វើឲ្យសំណុំរឿងខ្លះមានពាក់ព័ន្ធជនជាប់ចោទច្រើនតែមានមេធាវីតែមួយ។
ពាក់ព័ន្ធនឹងមេធាវីការពារក្ដី លោកបញ្ជាក់ថា ច្បាប់ប្រទេសផ្សេងខ្លះមានលក្ខណៈខុសពីកម្ពុជា គឺមេធាវីអាចតម្រូវសម្រាប់បទមជ្ឈិម ដោយសារតែគេមានធនធានការពារផ្នែកច្បាប់ច្រើន។ ប៉ុន្តែសម្រាប់កម្ពុជា សិទ្ធិដាច់ខាតត្រូវមានមេធាវីគឺសម្រាប់តែបទឧក្រិដ្ឋ និងអនីតិជន។
លោកបន្តថា៖ «ទោះបីជាយើងមានការខ្វះខាត ក៏យើងសង្កេតឃើញថាពី ១ ឆ្នាំទៅ ១ ឆ្នាំកម្មវិធីជំនួយផ្នែកច្បាប់មានភាពប្រសើរឡើង។ ថវិកាការពារក្ដីជនក្រីក្រក៏មានកើនឡើង ឆ្នាំ ២០២០ គឺថវិកាកើនឡើងដល់ ១៦០០ លានរៀលដែលពីមុនមានតែ ១ ២០០ លានរៀលទេ ហើយមុននេះទៀត យើងមានតែ ៩០០ លានរៀលទេ»។
លោកបន្តថា មេធាវីជំនួយផ្នែកច្បាប់សម្រាប់ការពារជនក្រីក្រក៏កើនឡើងដែរ ដែលសព្វថ្ងៃនេះមានជាង ៣០០ នាក់ក្នុងចំណោមមេធាវីទាំងអស់ជាង ១ ០០០ នាក់។ លោកថា ទៅថ្ងៃមុខនឹងមានការពង្រីកចំនួនថវិកា និងចំនួនមេធាវីសម្រាប់ជំនួយផ្នែកច្បាប់នេះ រួមទាំងសេវាផ្សេងទៀត។ អ្នកដែលនឹងទទួលប្រយោជន៍ពីការពង្រីកផ្នែកច្បាប់នេះក៏នឹងធ្វើឡើងសម្រាប់ជនផ្សេងទៀត ដូចជាស្ត្រី និងជនជាតិដើមភាគតិច។
ចំពោះការមិនបង្ហាញខ្លួនរបស់ជនជាប់ចោទលោកបញ្ជាក់ថា វាអាស្រ័យលើសំណុំរឿងនីមួយៗ។ សំណុំរឿងខ្លះអាចកាត់បានដោយមិនចាំបាច់មានមេធាវីតែសំណុំរឿងខ្លះចាំបាច់ត្រូវតែមានមេធាវី៕