ភ្នំពេញៈ ​ក្លឹប​អ្នក​កាសែត​កម្ពុជា បាន​អះ​អាង​ថា «ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ក្លែង (Fake News)»​ កំពុង​តែរីក​រាលដាល​ខ្លាំង​ឡើង​ នៅ​​លើ​បណ្ដាញ​សង្គម ខណៈ​ដែល​ គ.ជ.ប ​បាន​បង្កើត​ក្រុម​តាម​ដាន​ព័ត៌​មាន​មិន​ពិត​នេះ ដែល​អាច​នឹង​មាន​ការ​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ចុង​សប្តាហ៍​នេះ​។

នៅ​ក្នុង​កិច្ចពិភាក្សា​ពិសេស​ស្តីពី «ព័ត៌មាន​មិន​ពិត និង​ដំណើរការ​នៃ​ការបោះឆ្នោត​នីតិកាល​ទី៦» ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០​១៨ លោក ប៉ែន បូ​ណា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា (CCJ) បាន​លើកឡើង​ថា ​​«ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ក្លែង (Fake News)​» គឺជា​ប្រធានបទ​មួយ​ ដែល​សំខាន់ ហើយ​ធំ​នាពេល​បច្ចុប្បន្ន និង​កំពុង​ក្លាយជា​ប្រធានបទ​ក្ដៅ​​បំផុត​មួយ ​នៅក្នុង​ពិភពលោក​ផងដែរ។

លោក​​បន្ដថា៖«ក្នុងនាម​ជា​អ្នកសារព័ត៌មាន យើង​មាន​តួនាទី​ការពារ វិជ្ជាជីវៈ​សារព័ត៌មាន ព្រោះ​ការ​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​មិន​ពិត​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សារព័ត៌​មាន​របស់​យើង ប៉ះពាល់​ដល់​ជំនឿ​របស់​មហាជន​មកលើ​វិស័យ​សារព័ត៌មាន ព្រោះតែ​សារព័ត៌​មាន​ក្លែងក្លាយ​នេះ បាន​បំពុល​បរិយា​កាស ពិសេស​បណ្ដាញ​សង្គម»។

បើតាម​លោក បូ​ណា បន្ត​ថា ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​នឹង​លិច​ចេញមកកាន់​​តែ​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ការសម្រេច​ចិ​ត្ដទៅ​បោះឆ្នោត​របស់​ប្រជា​ពលរដ្ឋ។

លោក​បញ្ជាក់​ថា​៖«សល់​ពេល​ប្រហែល​មួយ​សប្តាហ៍​​​ទៀត យើង​នឹង​ដល់​ពេល​បោះ​ឆ្នោត​។ ​ដូច្នេះ​ព័ត៌មាន​មិន​ពិត អាច​នឹង​ផ្ទុះឡើង​រឹតតែ​ច្រើន​»។

លោក ឌឹម សុ​វណ្ណារុំ ​អ្នក​នាំ​ពាក្យ គ.ជ.ប បាន​លើក​ឡើង​ នៅ​ក្នុង​កិច្ច​ពិភាក្សា ​​ដែល​រៀប​ចំ​​ធ្វើ​ឡើង ​ដោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា​នេះ​ផង​ដែរ​​ថា ​គ.ជ.ប​ នឹង​ផ្ដល់​ព័ត៌​មាន​ទៅ​គ្រប់​ស្ថាប័ន​ព័ត៌មាន ដែល​បាន​ចុះ​បញ្ជី​​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «គ.ជ.ប ​មាន​ក្រុម​ការងារ ធ្វើ​​ការ​តាម​ដាន​លើ​ការផ្សព្វ​ផ្សាយ​ព័ត៌​មាន​ផ្សេងៗ​ បើសិន​ជា​មាន​កំហុស​ឆ្គង គ.ជ.ប នឹង​ប្រាប់​ឲ្យ​ស្ថាប័ន​ព័ត៌មាន​នោះ​កែតម្រូវ​ឡើង​វិញ​»។

ទាក់ទិន​ទៅ​នឹង​​ការ​ទប់​ស្កាត់​ព័ត៌មាន​មិន​ពិត​នេះ លោក សុ​វណ្ណារុំ បាន​បញ្ជាក់​ដែរថា ​គ.ជ.ប​ មិន​ទាន់​មាន​យន្ត​ការ​ណា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត នឹង​ការផ្សព្វផ្សាយ​ព័ត៌​មាន​នៅលើ​បណ្ដាញ​សង្គម​ទេ។

លោក​បាន​បន្ដ​បក​ស្រាយ​ថា៖ «ប៉ុន្ដែ​មាត្រា​ ១៤២ នៃ​ច្បាប់​ស្ដីពី​ការបោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​ បាន​និយាយ​ថា ជន​ណា​ក៏ដោយ​ ដែល​ប្រើ​គ្រប់​មធ្យោ​បាយ​ទុច្ចរិត,… ឥឡូវ​យក​​ចំណុច​មួយ​ពាក់ព័ន្ធ​នឹង​ការ​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ ចុះផ្សាយ​ទៅធ្វើ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ ​នាំ​ឲ្យ​មាន​ការ​បាត់​បង់​ទំនុក​ចិត្ដ​នៃ​ការបោះ​ឆ្នោត បង្ក​ការរំខាន​ដល់​ការបោះ​ឆ្នោត​ បាត់​ទំនុក​ចិត្ដ​លើ​ការ​សម្ងាត់​នៃ​ការបោះ​ឆ្នោត នឹង​ត្រូវ​ពិន័យ​ជាប្រាក់​ពី ៥​លាន​រៀល​ទៅដល់ ២០​ លាន​រៀល»។

​លោក ​ផុស ​សុវណ្ណ ​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ព័ត៌​មាន និង​សោត​ទស្សន៍​នៃក្រសួង​ព័ត៌មាន​ក៏​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ​ដែរ​​ថា ចំពោះ​ការផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ក្រសួង​នឹង​ចាំ​ស្ដាប់​បញ្ជា​ពី គ.ជ.ប​។

លោក​បន្ដ​ថា​៖​«បើ​ស្ថាប័ន​នោះ​បាន​ចុះបញ្ជី​ត្រឹម​ត្រូវ ក្រសួង​ព័ត៌​មាន​នឹង​សុំ​ឲ្យ​គាត់​កែតម្រូវ​ នូវ​កំហុស​របស់​ពួក​គាត់​»។

លោក​បាន​រំឭកថា៖«ដូច​កាលពី​ឆ្នាំ ២០១៣ មាន​ស្ថាប័ន​វិទ្យុ​មួយ គាត់​បាន​ផ្សាយ​ព័ត៌​មាន​ខុស​ ក្រសួង​បានស្នើ​សុំ​ឲ្យ​គាត់​កែ​តម្រូវ ប៉ុន្ដែ​គាត់​មិន​កែ​តម្រូវ ក្រសួង​បាន​ចុះទៅ​បិទ​ស្ថានីយនោះ​តែ​ម្ដង»៕