ភ្នំពេញ: លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា (CCU) កាលពីម្សិលមិញព្រមានធ្វើបាតុកម្មជាទ្រង់ទ្រាយធំ ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនព្រមទទួលយកអនុសាសន៍របស់សហគមន៍អឺរ៉ុបក្នុងការបន្ទន់ឥរិយាបថចរចាគ្នារកដំណោះស្រាយនយោបាយ ដើម្បីបញ្ចៀស កលិយុគនោះ ប៉ុន្ដែមន្ត្រីអះអាងពីជំហររាជរដ្ឋាភិបាលមិនអាចចរចាជាមួយគណបក្សប្រឆាំងទេ ហើយនឹងចាត់វិធានការចំពោះក្រុមអ្នកធ្វើបាតុកម្ម។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៨ កញ្ញា លោក រ៉ុង ឈុន ស្នើរាជរដ្ឋាភិបាលកម្ពុជាឲ្យទទួលយកសេចក្តីសម្រេចរបស់សហគមន៍អឺរ៉ុប ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ច និងរក្សាកំណើនសេដ្ឋកិច្ចបន្តទៀត ជាពិសេសរក្សាការងារជូនកម្មករកម្មការិនីទាំងជិត ៨០ ម៉ឺននាក់។
លោក ឈុន ថ្លែងថា៖ «យើងរៀបចំបាតុកម្មមួយដើម្បីឲ្យរដ្ឋាភិបាលងាកមកគិតរឿងផលប្រយោជន៍កម្មករ និងប្រជាជនទូទៅ។ ខ្ញុំហ៊ាននិយាយគឺខ្ញុំធ្វើវា (បាតុកម្ម) ហើយៗ យើងគ្រោងនឹងធ្វើនៅក្រោយភ្ជុំបិណ្ឌ»។
ក្នុងនោះលោក រ៉ុង ឈុន បានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាទទួលយកសេចក្តីសម្រេចរបស់សហគមន៍អឺរ៉ុបទាំង ១៣ ចំណុចដើម្បីចៀសវាងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬព្យួរ EBA ដែលជាក្ដីព្រួយបារម្ភចំពោះអនាគតរបស់កម្មករ-កម្មការិនីថានឹងបាត់បង់ការងារ និងបាត់បង់អត្ថប្រយោជន៍ផ្សេងៗ ប្រសិនបើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមិនព្រមទទួលយក ឬធ្វើតាមសេចក្ដីសម្រេចរបស់សហគមន៍អឺរ៉ុប (EU) នោះទេ។
លោក ឈុន បានអះអាងថា៖ «នៅពេលសហគមន៍អន្ដរជាតិបញ្ឈប់ការអនុគ្រោះពន្ធ និងឡោមព័ទ្ធសេដ្ឋកិច្ចនឹងបណ្ដាលឲ្យកម្មករគ្មានការងារធ្វើ កម្ពុជានឹងធ្លាក់ចូលសភាពកលិយុគ។ នៅពេលដែលកម្មករគ្មានការងារធ្វើ អ្នកដែលរងគ្រោះមិនត្រឹមតែកម្មកររោងចក្រទេ ប្រជាពលរដ្ឋទាំងអស់នឹងរងគ្រោះដែរ។ ខ្ញុំយល់ថាអ្នកនយោបាយបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ ត្រូវអង្គុយនិយាយគ្នា រកដំណោះស្រាយនយោបាយ និងរៀបចំការបោះឆ្នោតត្រឹមត្រូវឡើងវិញ ដើម្បីបញ្ចៀសកុំឲ្យកើតមានកលិយុគនៅកម្ពុជា»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានថ្លែងថាការប្រកាសធ្វើបាតុកម្មគ្រាន់តែចង់យកលេស និងឆ្លៀតឱកាសបង្កើតឲ្យមានអំពើអនាធិបតេយ្យនៅក្នុងសង្គមខ្មែរ ឬបម្រើនយោបាយបរទេសតែប៉ុណ្ណោះ មិនមែនចំណេញផលប្រយោជន៍ជាតិខ្មែរនោះឡើយ។ លើសពីនេះសហគមន៍អឺរ៉ុបនៅមិនទាន់ចេញជាវិធានផ្លូវច្បាប់ណាមួយប្រឆាំងនឹងកិច្ចមិនសហការជាមួយកម្ពុជានោះទេ។
លោក ផៃ ស៊ីផាន ថ្លែងថា៖ «រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់នឹងចាត់វិធានការតាមផ្លូវច្បាប់ក្នុងកិច្ចថែរក្សាអធិបតេយ្យ ឯករាជ្យ និងឯកភាពជាតិ។ ខ្ញុំសូមទាញអារម្មណ៍សាជាថ្មីដល់លោក រ៉ុង ឈុន និងបក្ខពួកថាសហគមន៍អឺរ៉ុប មិនមែនជាអាណានិគមលើកម្ពុជានោះទេ ហើយកម្ពុជាមានកិច្ចសហការល្អណាស់ជាមួយគ្នាអស់រយៈពេលច្រើនទសវត្សរ៍មកហើយ»។
លោក អ៊ូ ច័ន្ទរ័ត្ន តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ (CNRP) បានថ្លែងថាអ្វីដែលសម្រេចដោយសហគមន៍អឺរ៉ុប ពួកគេមិនចង់ឲ្យប្រទេសកម្ពុជាវិនាសទេ គឺគេចង់ឲ្យកម្ពុជាត្រឡប់មករកគន្លងប្រជាធិបតេយ្យវិញ ដើម្បីការអភិវឌ្ឍ ប្រជាជនមានការងារធ្វើចិញ្ចឹមជីវិត និងឈានទៅរកចំណុចរីកចម្រើនដូចបណ្ដាប្រទេសមួយចំនួនទៀត។
លោកថ្លែងថា៖ «ខ្ញុំយល់ថារដ្ឋាភិបាលគួរតែសម្របសម្រួលតាមសេចក្ដីសម្រេចហ្នឹង ហើយធ្វើទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន ហើយកាលដែលធ្វើបាតុកម្មក្ដី ឬមិនធ្វើក្ដី គឺជាឆន្ទៈទេ កាលណាពលរដ្ឋគាត់រស់លែងកើត វាប៉ះពាល់ដល់សិទ្ធិសេរីភាព និងជីវភាពគាត់អាហ្នឹងថ្ងៃណាមួយ វានឹងផ្ទុះឡើងជាមិនខានទេ»។
យោងតាមគេហទំព័រសភាអឺរ៉ុបកាលពីថ្ងៃទី ១១ ខែកញ្ញាបានឲ្យដឹងថាក្រុមសមាជិកសភាអឺរ៉ុបបានលើកឡើងនូវសេចក្តីយោង និងសំអាងហេតុមួយចំនួនដែលរួមមាន ការបង្ហាញក្តីបារម្ភអំពីការបោះឆ្នោតឆ្នាំ ២០១៨ ទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសង្គមស៊ីវិលបញ្ឈប់ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើក្រុមប្រឆាំង និងធ្វើឲ្យមានកិច្ចសន្ទនាជាមួយក្រុមប្រឆាំងធានានូវឯករាជភាពនៃប្រព័ន្ធតុលាការ និងគណៈកម្មាធិការរៀបចំការបោះឆ្នោតជំរុញឲ្យមានការបន្តស៊ើបអង្កេតអំពីការរំលោភដីធ្លីនៅកម្ពុជា និងជំរុញឲ្យបេសកកម្មស្វែងរកការពិតរាយការណ៍ពីការរកឃើញរបស់ខ្លួនទៅកាន់សភាអឺរ៉ុប និងស្នើឲ្យព្យួរប្រព័ន្ធអនុគ្រោះពន្ធ (EBA) ប្រសិនបើកម្ពុជាបានរំលោភសិទ្ធិមនុស្ស។
លើសពីនេះទៀត ក៏មានការស្នើឲ្យសេវាកម្មការងារក្រៅប្រទេសរបស់អឺរ៉ុប (EEAS) និងគណៈកម្មការអឺរ៉ុប «ដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិបុគ្គលដែលទទួលខុសត្រូវចំពោះការរំលាយគណបក្សប្រឆាំង និងការរំលោភសិទ្ធិមនុស្សផ្សេងទៀតរួមទាំងមន្ត្រីដែលស្ថិតក្នុងបញ្ជីរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលចេញផ្សាយនៅខែមិថុនា ឆ្នាំ ២០១៨»។
សំណើនេះក៏បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាបន្តអនុស្សរណៈនៃការយោគយល់ក្នុងការដាក់ការិយាល័យ OHCHR ដែលនឹងត្រូវអស់សុពលភាពនៅចុងខែធ្នូ៕