ភ្នំពេញៈ សហភាព​សហជីព​កម្ពុជា​ (CCU) កាលពី​ថ្ងៃ​សៅរ៍​បាន​រិះគន់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប.ស.ស​) ចំពោះ​ការ​លើក​ឡើង​ថា ការដួលសន្លប់​ដែល​បណ្តាល​មកពី​ការខ្វះ​ជាតិ​ស្ករ សូដ្យូម និង​ប៉ូតាស្យូម​ក្នុង​ឈាម​ត្រូវ​បាន​​ទុក​ថា​ជា​ករណី​គ្រោះថ្នាក់​បុគ្គល​​មិនមែន​ដោយសារ​លក្ខខណ្ឌ​ការងារ​មិន​ល្អ​ទេ ប៉ុន្តែ​ការរិះគន់​នេះ​ត្រូវ​បាន ប ស ស បដិសេធ​ភ្លាមៗ​ដោយ​ព្រមាន​ថា​នឹង​ប្ដឹង​ទៀត​ផង​។

ប.ស.ស បាន​និយាយ​ថា​ចាប់ពី​ថ្ងៃទី​ ១ ខែ​មិថុនា​ខាងមុខ ប.ស.ស នឹង​ទទួល​ស្គាល់​ករណី​ខ្វះ​សារជាតិ​ទាំង​នេះ​ថា​ជា​បញ្ហា​ជំងឺ​បុគ្គល ដែល​មិនមែន​មកពី​បរិយាកាស​ការងារ​ទេ​។ ​ដូច្នេះ​កម្មករ​នឹង​ទទួល​ការព្យាបាល​ និង​ថែទាំ​វេជ្ជសាស្ត្រ​ក្រោម​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​វិញ​។ ប៉ុន្តែ​ក្នុង​ករណី​ដួល​សន្លប់​បណ្តាល​មកពី​គ្រោះថ្នាក់​ការងារ ប.ស.ស នឹង​ផ្តល់​សំណង​ដល់​ទាំង​បុគ្គល​ និង​គ្រួសារ​។

ប៉ុន្តែ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​រិះគន់ ប.ស.ស ដោយ​ថ្លែង​ថា ប្រសិនបើ​កម្មករ​ដួល​សន្លប់​ក្នុង​អំឡុង​ម៉ោង​ការងារ និង​ក្នុង​អគារ​ក្រុមហ៊ុន ក្រុមហ៊ុន​គួរតែ​ទទួល​ខុសត្រូវ និង​ផ្តល់​សំណង​ពេញលេញ​សម្រាប់​​ការថែទាំ​សុខភាព​ និង​ផ្តល់​ទៅ​សមាជិក​គ្រួសារ​ពួកគេ​ផង​។

លោក ឈុន បាន​បញ្ជាក់​ថា​៖ «​យើង​កំពុង​ធ្វើ​ការងារ​ដើម្បី​ឲ្យ​ប្រាកដ​ថា សមាជិក​របស់​យើង​ និង​កម្មករ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ក្រុមហ៊ុន ប្រសិន​បើ​ពួកគេ​ឈឺ​។ ប្រសិន​បើ​ឃើញ​កម្មករ​បាត់បង់​អត្ថប្រយោជន៍​​ក្នុង​លក្ខណៈ​បែប​នេះ​យើង​ជា​សហជីព​ត្រូវ​តែ​ការពារ​»​។

CCU ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ថា ប្រសិន​បើ​ការឈឺ​​នេះ​បណ្តាល​ឲ្យ​ពួកគេ​ស្លាប់ ប្រសិន​បើ​វា​មិន​គ្របដណ្តប់​ដោយ ប.ស.ស ថា​ជា​គ្រោះថ្នាក់​ការងារ សមាជិក​គ្រួសារ ដូចជា កូន និង​ឪពុកម្ដាយ​នឹង​មិន​ទទួល​បាន​សំណង​។ នេះ​ជា​ការ​​បំពាន​មាត្រា​ ២៤៨ និង​ ២៥៦ ២៤៨ នៃ​ច្បាប់​ស្តីពី​ការងារ​។

អ្នក​នាំពាក្យ ប.ស.ស លោក ជាវ ប៊ុរិទ្ធ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាលពី​ម្សិលមិញ ខណៈ​ទូរស័ព្ទ​រោទ៍​តែ​គ្មាន​​អ្នក​ទទួល​។ ​ប៉ុន្តែ​កាលពី​ថ្ងៃ​សៅរ៍ បសស បាន​បដិសេធ​ដោយ​ចាត់ទុក​ការរិះគន់​ថា ផ្ទុយ​នឹង​​ខ្លឹមសារ​នៃ​លិខិត​ខ្លួន ហើយ​ថា​នឹង​ដាក់​ពាក្យ​ប្ដឹង​លោក ឈុន ចំពោះ​ការធ្វើឲ្យ​ខូច​កិត្តិយស​។

យ៉ាង​ណាក្ដី​លោក​ រ៉ុង ឈុន បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​បារម្ភ​ទេ​ចំពោះ​ ប.ស.ស ដែល​នឹង​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​ខ្ញុំ​ពីព្រោះ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​។ ផ្ទុយ​ទៅ​វិញ ពួកគេ​គួរ​តែ​ស្តាប់​សហជីព និង​គាំទ្រ​កម្មករ​...»៕ PS