ភ្នំពេញៈ អង្គការ​ជនពិការ​កម្ពុជា CDPO បានប្រកាស​គម្រោង​សម្រង់​ទិន្នន័យ​ពិការភាព​នៅ​កម្ពុជា បន្ទាប់ពី​ជួប​សម្ភាស​ជនពិការ​ជាង ៤ ០០០ នាក់​ ដោយ​ក្នុងនោះ​ជាង ៦០​ ​ភាគរយ ​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ និង​មិន​ទទួលបាន​ការអប់រំ​ដែល​ការរកឃើញ​នេះ​ត្រូវ​បាន​មន្ត្រី​ចាត់ទុក​ថា​វា​ជា​ធាតុ​ចូល​មួយ​ជួយ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​គោលនយោបាយ​មួយ​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​ជួយ​លើកកម្ពស់​ជីវភាព​ជនពិការ​។

គម្រោង​សម្រង់​ទិន្នន័យ​ពិការភាព​នៅ​កម្ពុជា (DDA) ត្រូវ​បាន​អនុវត្ត​ដោយ​អង្គការ CDPO និង​អង្គការ​ចំនួន ១៣ ផ្សេងទៀត​គាំទ្រ​ដោយ GIZ ដើម្បី​ធ្វើការ​ប្រមូល​ទិន្នន័យ​ពិការភាព​ជាក់លាក់​ជុំវិញ​ពិការភាព​ខួរក្បាល និង​កាយសម្បទា​លើ​ជនពិការ​ប្រមាណ ៤ ៣០៤ ​នាក់​ ត្រូវ​បាន​ជួប​សម្ភាស​ដោយផ្ទាល់ និង​តាម​ទូរស័ព្ទ​ក្នុង​រាជធានី​ខេត្ត​ចំនួន​ ៨ មាន​ភ្នំពេញ កំពង់ចាម កំពង់ស្ពឺ ត្បូងឃ្មុំ កំពត ក្រចេះ បាត់ដំបង និង​ប៉ៃលិន​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

លោក​ ងិន សៅរ័ត្ន នាយក​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា​ថ្លែង​ក្នុង​សិក្ខាសាលា​កាល​ម្សិលមិញ​ថា ទិន្នន័យ​ដែល​ប្រមូល​បាន​នេះ​គឺ​សម្រាប់​យកទៅ​ប្រើប្រាស់​ជា​ឧបករណ៍​មួយ​ក្នុងការ​ស្វែងរក​មតិ​គាំទ្រ​ពី​អាជ្ញាធរ​ដែនដី ក្រសួង​ស្ថាប័ន និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ជនពិការ​នៅតែ​បន្ត​ជួបប្រទះ​។

លោក​បន្តថា កម្មវិធី​នេះ​ក៏​នឹង​ជួយ​ឲ្យ​មាន​ការដោះស្រាយ​តម្រូវការ​អាទិភាព និង​ផ្តល់​សេវា​ចំ​គោលដៅ​ព្រមទាំង​ជួយ​អន្តរាគមន៍​ដល់​ជនពិការ​ឲ្យ​បាន​ទាន់​ពេលវេលា​ក្នុង​គ្រា​មាន​គ្រោះមហន្តរាយ​ផ្សេងៗ ព្រោះ​ជនពិការ​ទាំងអស់​ត្រូវ​បាន​បង្ហាញ​ក្នុង​ផែនទី​នៃ​ការកំណត់​ទីតាំង​ច្បាស់លាស់ និង​ជាក់លាក់​តាម​ប្រព័ន្ធ GPS តាមរយៈ​សម្រង់​ទិន្នន័យ​ដែល​មាន​នៅក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​រួមមាន​ការបញ្ចូល​នូវ​ប្រវត្តិ​ច្បាស់លាស់​របស់​ជនពិការ​ផងដែរ​។

លោក​បញ្ជាក់​ថា​៖ «​តាមរយៈ​ជនពិការ​ទាំង​ជាង​ ៤ ០០០ ​នាក់​នេះ ​យើង​រកឃើញ​ ទី​១ ​មាន​ប្រមាណ​ជាង​ ៦០ ​ភាគរយ​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​។ ផ្លូវចេញចូល​ក្នុងការ​ទទួល​សេវាកម្ម access device ហ្នឹង​គឺថា​ពួកគាត់​ប្រឈមមុខ​នឹង​ការធ្វើ​ដំណើរ​ស្ទើរតែ​ ៥០ ​ភាគរយ​។ ចំណែក​ការអប់រំ កុមារ​ (​ពិការ​) ដែល​យើង​បាន​សម្ភាស​មាន​ជាង​ ៦០ ​ភាគរយ​ មិន​បាន​ចូលរៀន​។ អ៊ីចឹង​មាន​ន័យ​ថា ការអប់រំ​សម្រាប់​អ្នក​ទាំងអស់​គ្នា​ហ្នឹង មិន​ទាន់​បាន​សម្រេច​ដល់​កុមារ​ពិការ​ទេ​ហើយ​កុមារ​ពិការ​មិនទាន់​បាន​ចូលរៀន​មាន​ច្រើន​នៅ​ឡើយ​ទេ​»​។

លោក សែម សុខា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ថ្លែង​ថា ទិន្នន័យ​ថ្មី​នេះ​បានរួម​ចំណែក​មួយ​ដើម្បី​ជួយ​ដល់​ក្រសួង​ជំនាញ​ក្នុងការ​ស្រង់​ទិន្នន័យ និង​ជីវភាព​របស់​ជនពិការ​ផ្ទាល់​ដែល​វា​នឹង​ជួយ​ជា​ធាតុ​ចូល​មួយ​សម្រាប់​ក្រសួង និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដើម្បី​យកទៅ​ផ្សព្វផ្សាយ​ទៅដល់​ថ្នាក់ក្រោម​ជាតិ​បន្តទៀត​។ លោក​បន្តថា ជាពិសេស​ផ្សព្វផ្សាយ​នៅតាម​សហគមន៍​ជនពិការ​ផ្ទាល់ និង​គ្រួសារ​របស់​ពួកគេ​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​ដែល​យើង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការលើក​កម្ពស់​ជនពិការ និង​ចេញ​អនុក្រឹត្យ​ថ្មី​ខាង​មុខ​នេះ យើង​នឹង​បញ្ចូល​ធាតុ​ចូល​ទាំងអស់​នេះ និង​ពិភាក្សាគ្នា​បន្តទៀត​ពី​របប​គោលនយោបាយ​សម្រាប់​ជនពិការ​នេះ​»​។

ក្រៅពី​ការអះអាង​យ៉ាង​ដូច្នេះ​លោក​ សុខា ថ្លែងថា កន្លង​ទៅ​រដ្ឋាភិបាល​បាន​សម្រេច​បាន​នូវ​គោលនយោបាយ​សម្រាប់​ជន​មាន​ពិការភាព​ក្រីក្រ​នៅក្នុង​សហគមន៍​បាន​ជាង​ ១ ​ម៉ឺន​នាក់​រួមទាំង​ជំរុញ​ឲ្យ​ជន​មាន​ពិការភាព​បាន​ចូល​បម្រើ​ការងារ​ទូទាំង​ប្រទេស​ជិត​ ៦ ​ពាន់​នាក់ និង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​ផងដែរ​។

យោង​តាម​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​ឆ្នាំ​ ២០១៤ ​ប្រជាជន​កម្ពុជា​ចំនួន​ ១០% បាន​ជួបប្រទះ​នូវ​បញ្ហាលំបាក​មួយ​ចំនួន​ក្នុង​ការបំពេញ​សមត្ថភាព​មុខងារ​ជា​មូលដ្ឋាន​ (​ពិការភាព​)​។ ប៉ុន្តែ​បើ​តាម​លោក សុខា កម្ពុជា​មាន​ជនពិការ​ប្រមាណ ៣១ ​ម៉ឺន​នាក់​។

លោក មាន វិបុលរតនៈ វ័យ ២៩ ឆ្នាំ​ជា​ជនពិការ​ម្នាក់​ថ្លែងប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការខ្វះ​ការអប់រំ និង​ការគាំទ្រ​ពី​សង្គម​គឺ​រឹតតែ​ធ្វើឲ្យ​ជនពិការ​ធ្លាក់​ក្នុង​ស្ថានភាព​ក្រីក្រ និង​ប្រឈម​នឹង​បញ្ហាលំបាក​។

លោក​រំពឹង​ថា សម្រង់​ទិន្នន័យ​ពិការភាព​នេះ​នឹង​នាំ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​បាន​ដឹង​កាន់តែ​ច្បាស់​អំពី​ទីតាំង​ជាក់លាក់ និង​ស្ថានភាព​ជាក់ស្តែង​របស់​ជនពិការ​។ «​ខ្ញុំ​សូម​ឲ្យ​រាជរដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ​បង្កើត​នូវ​ការអនុវត្ត​ច្បាប់​ ឬ​គោលនយោបាយ​ផ្សេងៗ​ទាក់ទង​នឹង​ពិការភាព​ដើម្បី​ធានា​ថា មាន​ការចូលរួម​យ៉ាង​ពេញលេញ និង​ធានាថា​ជនពិការ​ទទួល​បាន​សេវា​អប់រំ​គ្រប់ៗ​គ្នា​»៕