ភ្នំពេញៈ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ (CHRC) ​ចាត់ទុក​របាយការណ៍​របស់​អង្គការ​ជាតិ និង​អន្តរជាតិ​មួយចំនួន​ដែល​បាន​ចោទប្រកាន់​រដ្ឋាភិបាល​កម្ពុជា​នាពេល​កន្លងមក​ថា បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នោះ​ជា​ការចោទ​ដោយ​លម្អៀង និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។ ប៉ុន្តែ​មន្ត្រី​សិទ្ធិមនុស្ស​ក្នុង​ស្រុក សម្តែង ការសោកស្តាយ​ចំពោះ​ការលើកឡើង​នេះ​។

CHRC នៅ​ថ្ងៃទី​ ៦ កុម្ភៈ បានចេញ​សេចក្តី​សង្ខេប​ព័ត៌មាន​ចំនួន​ ៦ ​ទំព័រ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់​កម្ពុជា​ឆ្នាំ​ ២០២០ ដោយ​លើកឡើងថា របាយការណ៍​ចោទប្រកាន់​ដោយ​លម្អៀង និង​គ្មាន​មូលដ្ឋាន​របស់​អង្គការ​ស្ថាប័ន​មួយចំនួន​ដែល​មាន​និន្នាការ​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​មិនបាន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​នោះទេ​។ ព្រោះ​របាយការណ៍​ទាំងនេះ​គ្រាន់តែ​ធ្វើការ​ប្រមូល​បូកសរុប​នូវ​ព្រឹត្តិការណ៍ និង​ធ្វើការ​សន្និដ្ឋាន តែ​លើ​រូបភាព​ខាងក្រៅ​តែប៉ុណ្ណោះ ពោល​គឺ​មិនបាន​សិក្សា​លើ​មូលហេតុ​លម្អិត​ដែល​នាំឱ្យ​កើតមាន​ព្រឹត្តិការណ៍​នីមួយៗ​ទិដ្ឋភាព និង​នីតិវិធី​ច្បាប់ អង្គហេតុ​នៃ​បទល្មើស និង​អំពើ​ដែលជា​ធាតុ​ផ្សំ​នៃ​បទល្មើស​ដែល​នាំឱ្យ​មានការ​ទទួល​ខុសត្រូវ​តាមផ្លូវ​ច្បាប់​នោះទេ​។

CHRC ​បញ្ជាក់ថា​៖ «​ជា​ទម្លាប់​របស់​អង្គការ​ទាំងនេះ​កាលណា​អាជ្ញាធរ​អនុវត្ត​ច្បាប់​លើ​ក្រុម​គោលដៅ​ដែល​គេ​មាន​របៀបវារៈ​ច្បាស់លាស់​ក្នុង​ការការពារ ដូចជា​សកម្មជន​អតីត​បក្សប្រឆាំង សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​និន្នាការ​ប្រឆាំង គឺ​ពួកគេ​តែងតែ​ធ្វើការ​សន្និដ្ឋាន និង​ចោទប្រកាន់ថា ជាការ​រំលោភសិទ្ធិ​មនុស្ស​ដោយ​មិន​ខ្ចី​អើពើ និង​ធ្វើការ​ពិចារណា​លើ​ទិដ្ឋភាព និង​នីតិវិធី​ច្បាប់ អង្គហេតុ​អំពើ​ដែល​ជា​ធាតុ​ផ្សំ​នាំឱ្យ​កើត​ជា​បទល្មើស ហើយ​ដែលនាំឱ្យ​មានការ​ទទួល​ខុសត្រូវ​តាមផ្លូវ​ច្បាប់ និង​ការចោទប្រកាន់​តាមផ្លូវ​តុលាការ​នោះទេ​»​។

CHRC ​សង្កត់ធ្ងន់​ថា​៖ «​ការចេញ​របាយការណ៍​មិន​គ្រប់​ជ្រុងជ្រោយ លម្អៀង និង​មាន​គោលដៅ​វាយប្រហា​រដ្ឋាភិបាល​បែបនេះ​អាច​នាំឱ្យ​មាន​គ្រោះថ្នាក់ និង​អស្ថិរភាព​សង្គម​ព្រោះថា របាយការណ៍​នេះ​ហាក់​ដូចជា​ការពារ​ និង​លើកទឹកចិត្ត​ដល់​ក្រុមប្រឆាំង​ដែល​តែងតែ​ធ្វើ​សកម្មភាព​ក្រោម​រូបភាព​ផ្សេងៗ​ដែល​រៀបចំ​ឧបត្ថម្ភ និង​ការគាំទ្រ​ដោយ​ចលនា និង​អង្គការ​ចាត់តាំង​ខុសច្បាប់​ពី​ខាងក្រៅ​»​។

CHRC ថា​៖ «​វិធានការ​របស់​ប្រទេស និង​ស្ថាប័ន​អន្តរជាតិ​មួយចំនួន​មកលើ​កម្ពុជា​មាន​ភាពលម្អៀង អយុត្តិធម៌ និង​មាន​ស្តង់ដា​ ២ ដែល​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ និង​យក​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ធ្វើជា​លេស ដើម្បី​ជ្រៀតចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​»​។

ការចេញ​របាយការណ៍​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នាពេល​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​សង្គម​ស៊ីវិល​ក្នុងស្រុក​ក៏ដូចជា​សហគមន៍​អន្តរជាតិ​ដែលជា​រឿយៗ​បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ខណៈ​កម្ពុជា​ប្រកាន់​ជំហរ​ថា ការអនុវត្ត​វិធានការ​កន្លងមក​ដើម្បី​រក្សា​ស្ថិរភាព​ក្នុង​ប្រទេស និង​ផ្អែកទៅលើ​មូលដ្ឋាន​ច្បាប់​។

ប៉ុន្តែ​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី​ ចក់ សុភាព ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ ដោយ​សម្តែង​ការសោកស្តាយ​ចំពោះ​របាយការណ៍​របស់​ CHRC​។ លោកស្រី​ចាត់ទុក​ការលើកឡើង​នេះ មិន​ឆ្លុះបញ្ចាំង​ពី​ការប្រឹងប្រែង​របស់​អង្គការ​ដែលជា​ដៃគូ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ក្នុងការ​ជំរុញ​ឱ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

លោកស្រី​ថ្លែងថា​៖ «​ជា​រឿង​មួយ​គួរឱ្យ​សោកស្តាយ​ហាក់បី​ដូចជា​រដ្ឋាភិបាល​មិនដែល​បានចាត់ទុក​អង្គការ​សង្គម​ស៊ីវិល ជាពិសេស​អង្គការ​ធ្វើការងារ​លើ​វិស័យ​សិទ្ធិមនុស្ស​ជា​ដៃគូ​ស្មើភាព​ទេ គាត់​តែងតែ​ច្រានចោល​។ ដូច្នេះ​រដ្ឋាភិបាល​បាត់​នូវ​ដៃគូ​មួយ​ក្នុង​ការបំពេញ​នូវ​ការងារ​ខ្វះចន្លោះ​របស់​រដ្ឋាភិបាល​»​។

ក្នុង​នាម​ជា​គណៈកម្មការ​សិទ្ធិ​មនុស្សលោក​គួរតែ​បំពេញ​នូវ​អាណត្តិ​របស់ខ្លួន​ក្នុងការ​រាយការណ៍​នូវ​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ នេះ​ជា​ការបញ្ជាក់​របស់​លោកស្រី​។

លោកស្រី​ ចក់ សុភាព ថ្លែងថា​៖ «​ខ្ញុំ​គិតថា​រដ្ឋាភិបាល​គួរតែ​ពិចារណា​ទៅលើ​អនុសាសន៍​ទាំងឡាយ​របស់​អង្គការ​ក្នុងស្រុក​។ ជាពិសេស​សហគមន៍​អន្តរជាតិ​ក៏​មាន​ការឆ្លើយតប​ច្រើន​ដែរ​។ ដូច្នេះ​មិនមែន​សហគមន៍​អន្តរជាតិ​រាយការណ៍​ពី​សិទ្ធិមនុស្ស ស្តាប់​សង្គម​ស៊ីវិល​តែ​ម្ខាង​ទេ ព្រោះ​ពួកគាត់​ក៏​ធ្វើការ​សន្ទនា​ជាមួយ​ខាង​រដ្ឋាភិបាល​ដែរ​»​។

លោកស្រី​បន្តថា​៖ «​យើង​មើលឃើញ​ទាំងអស់​គ្នា​នៃ​ការ​ដៅ​មុខសញ្ញា និង​ការប្រើប្រាស់​នូវ​វិធាន​ច្បាប់​ដែលមាន​លក្ខណៈ​រឹតបន្តឹង​មកលើ​សកម្មជន​ក្នុង​ឆ្នាំ​ ២០២០​។ ជាពិសេស​សកម្មជន​បរិស្ថាន​ផ្ទាល់ និង​យុវជន​ជា​អ្នកប្រឈម​ខ្លាំង​ក្នុង​ជួរមុខ​នៃ​ការចូលរួម​ចំណែក​នៃ​បុព្វហេតុ​បរិស្ថាន និង​សិទ្ធិមនុស្ស​»​។

លោកស្រី​សួរថា តើ​វា​ជា​បទល្មើស​អ្វី​នៅពេល​ដែល​សកម្មជន​បរិស្ថាន​ខ្វាយខ្វល់​ពី​ការបំផ្លាញ​ធនធាន​ធម្មជាតិ​? ឬ​មួយ​ក៏​រដ្ឋាភិបាល​ត្រូវ​ចំណាយ​ធនធាន និង​ពេលវេលា​របស់ខ្លួន​ក្នុង​ការទប់ស្កាត់​បទល្មើស​ព្រៃឈើ​ទៅវិញ​។ កន្លងមក​មាន​ការរាយការណ៍​ច្រើន ប៉ុន្តែ​មិនឃើញ​មាន​ឈ្មួញ ឬ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​កាប់​ព្រៃឈើ​បំផ្លាញ​ធនធាន​ធម្មជាតិ​នាំមក​កាត់ទោស​ទេ តែ​ផ្ទុយទៅវិញ​គឺ​សកម្មជន​ទៅវិញ​ទេ​ដែល​ត្រូវបាន​ប្រឈម​។

អ្នកនាំពាក្យ​ CHRC ​លោក​ ជិន ម៉ាលីន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រដ្ឋាភិបាល​ក៏​ខកចិត្ត​ចំពោះ​សង្គម​ស៊ីវិល​ដែរ​។

លោក​ថ្លែងថា​៖ «​សង្គម​ស៊ីវិល​ដើរតួ​ជា​ដៃគូ​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​ ប៉ុន្តែ​បែរជា​ធ្វើការ​រិះគន់​គ្រប់បែប​យ៉ាង​ដោយ​ចាត់ទុក​រដ្ឋាភិបាល​​ជា​សត្រូវ​របស់ខ្លួន​។ យើង​មើល​ការសន្និដ្ឋាន​របស់គាត់​ក្នុង​នាម​ជា​ដៃគូ ឬ​មិនមែន​ជា​ដៃគូ​។ ការរិះគន់​របស់គាត់​គឺ​មិន​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ និង​ស្ថានភាព​ពិត​ជាក់ស្តែង​។ ជាពិសេស​ការរិះគន់​ទៅលើ​វិធានការ​ច្បាប់ ដោយ​មិនមាន​មូលដ្ឋាន​ច្បាប់​បាន​ន័យថា​ផ្អែកលើ​រូបភាព និង​របៀបវារៈ​នយោបាយ​៕ ឱ្យតែ​យើង​អនុវត្ត​ច្បាប់​លើ​គោលដៅ​ ឬ​សកម្មជន​ដែល​ជា​គ្នីគ្នា​គាត់ គាត់​តែងតែ​សន្និដ្ឋាន​ថា ជាការ​រំលោភសិទ្ធិ​ផ្នែក​នយោបាយ សិទ្ធិ​នៃ​ការជួបជុំ ប៉ុន្តែ​គាត់​អត់​ទទួល​យក​ការបកស្រាយ និង​ទឡ្ហីករណ៍​ផ្នែក​ច្បាប់​នោះទេ​»៕