ភ្នំពេញៈ គណៈ​កម្មាធិការ​សិទ្ធិ​​មនុស្ស​កម្ពុជា​​​ (CHRC) នឹង​បង្កើត​ក្រុម​ផ្តល់​ជំនួយ​ផ្លូវ​ច្បាប់​​ ដើម្បី​ការ​ពារ​ប្រជា​ពល​រដ្ឋ​ដែល​​​ទទួល​រង​ការ​រំលោ​ភ​​​បំពាន​លើ​សិទ្ធិ​របស់​ពួក​គេ​។ នេះ​បើ​យោង​តាម​​ហ្វេស​ប៊ុក​​របស់ CHRC ។

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ CHRC បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​​ថា ​ក្រុម​ផ្តល់​ជំនួយ​ផ្លូវ​ច្បាប់​​របស់​ CHRC នឹង​ត្រូវ​បង្កើត​ឡើង​​ជា​ក្រុម​ផ្តល់​ជំនួយ​ផ្លូវ​ច្បាប់​​បន្ថែម​។

លោក​ថ្លែង​ថា​៖ «​​នេះ​ជា​យន្ត​ការ​បន្ថែម​មួយ​​​ដើម្បី​ធ្វើ​ឲ្យ​ប្រជា​​​ពល​រដ្ឋ​​មាន​ជម្រើស​ជាង​មុន​។ ​យើង​មាន​រួច​ហើយ ​នូវ​​​ជំនួយ​ផ្លូវ​ច្បាប់​​ ដែល​ផ្តល់​ដោយ​​ក្រសួង​យុត្តិ​ធម៌​ ​គណៈ​​មេ​ធាវី​ អង្គការ​ក្រៅ​រដ្ឋា​ភិបាល ​និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ទៀតដូច​ជា​ ក្រសួង​មហា​ផ្ទៃ ក្រសួង​ការ​ពារ​ជាតិ ​និង​ក្រសួង​កិច្ច​ការ​នារី​។ ​ជា​ង​នេះ​ទៀ​ត​ ក៏​មាន​យន្ត​ការ​ឯក​ជន​​ផង​ដែរ​ ដូច​ជា​យន្ត​ការ​​នៃ​ក្រុម​ផ្តល់​ជំនួយ​ផ្លូវ​ច្បាប់​​រប​ស់​សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​​​»​​។

លោក ម៉ាលីន ​ថ្លែង​ថា ក្រុម​ផ្តល់​ជំនួយ​ផ្លូវ​ច្បាប់​​របស់​ CHRC មាន​ការ​​ងារ​ធំ​ៗ​ ​៣​​ រួម​មាន​ការ​ផ្តល់​ប្រឹក្សា​យោប​ល់​ផ្លូវ​ច្បាប់​ដល់​ប្រជា​ពល​រដ្ឋ​ ​ការ​សម្រប​សម្រួល​​​ក្នុង​ការ​ដោះ​ស្រាយ​​ជម្លោះ​ក្រៅ​​​ប្រព័ន្ធ​តុលាការ​ ​និង​​ការ​ការ​ពារ​សិទ្ធិ​​ចុង​ចោទ​នៅ​ក្នុង​សវនាការ​តុលាការ​សម្រា​ប់​​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​។

​CHRC ក៏​បាន​លើក​ឡើង​នូវ​ប្រធាន​បទ​នេះ​ទៅ​​លោក Simon Walker តំណាង​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ផង​ដែរ​ ក្នុង​អំឡុង​កិច្ច​ជំនួប​​លាគ្នា​​កាល​ពី​ថ្ងៃ​​ចន្ទ​។

លោក Walker បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​​កាល​ពី​ថ្ងៃ​អង្គារ​​ថា ​ប្រជា​ពល​រដ្ឋ​គ្រប់​រូប​ មាន​សិទ្ធិ​ទទួល​បាន​ជំនួយ​ផ្លូវ​​ច្បាប់​ដូច្នេះយន្ត​ការ​​ណា​ក៏​ដោយ ​​​ដែល​ផ្តល់​​ជំនួយ​​ផ្លូវ​​ច្បាប់​គឺ​ទទួល​​បាន​ការ​ស្វាគមន៍។​

លោក​​ថ្លែង​តាម​អុីមែល​ថា​៖ «​​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជា​ជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ គាំ​ទ្រ​ការ​ពង្រឹង​និង​ការ​សម្រប​សម្រួល​​​​ការ​ផ្តល់​​ជំនួយ​ផ្លូវ​ច្បាប់​​ ក្នុង​បរិបទ​នេះ​ ​ហើយ​បាន​និង​កំពុង​ធ្វើ​ការ​ជា​មួយ​​ក្រសួង​យុត្តិធម៌​​​​ អំពី​ដំណើរ​ការ​វិវឌ្ឍន៍​នៃ​គោល​នយោ​​បា​យ​​ការ​ផ្តល់​ជយ​ផ្លូវ​ច្បាប់​។ ការិយា​​​​​ល័យ​ឧត្តម​ស្នង​ការ​​ជំរុញ​ឲ្យ​​មាន​​ការ​អនុវត្ត​គោល​នយោបាយ​​​នេះ​លឿន​ៗ ជា​មួយ​នឹង​​ការ​ផ្តល់​ធន​ធាន​គ្រប់​គ្រាន់​​ដើម្បី​គាំ​ទ្រ​វា​»។

លោក យុង ផា​និត អនុ​ប្រធាន​​នាយក​ដ្ឋាន​​ការ​ពារ​ផ្លូវ​ច្បាប់​​ សម្រាប់​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​​នៅ​គណៈ​មេ​ធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​​​ កាលពី​ថ្ងៃ​​អង្គារ​ថា លោក​ស្វាគមន៍​​ គំនិត​ផ្តួច​ផ្តើម​នេះ​។ លោក​​ថ្លែង​ថា ការណ៍​នេះ​នឹង​កាត់​បន្ថយ​សំណើ​សុំ​មេធាវី​​ដែល​បានកើន​ឡើង​នៅ​គណៈ​មេ​ធាវី។

លោក​​ថ្លែង​ថា​៖ «​​ប្រសិន​បើ​គោល​ដៅ​របស់​ពួក​គេ​ គឺ​សម្រាប់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ ​ការ​ងារ​របស់​ពួក​គេ​នឹង​កាត់​បន្ថយ​បន្ទុក​​ដែ​ល​​គណៈ​មេធាវី​កំពុង​ជួប​ប្រទះ​។ ​គណៈ​​មេ​ធាវី​ការ​ពារ​តែ​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​​ប៉ុណ្ណោះ​»។

លោក ផានិត ​ថ្លែង​ថា ចំនួន​​នៃ​ការ​ស្នើ​សុំ​ការ​ផ្តល់​ជំនួយ​ផ្លូវ​ច្បាប់​​មក​គណៈ​មេ​ធាវី​​បាន​កើន​ឡើង​ពី ​១ ​ឆ្នាំ​ទៅ ១ ​ឆ្នាំ​ ដោយ​ក្នុង​នោះ​មាន​ចំនួ​ន ២ ៣០៤ ករណី ក្នុង​ឆ្នាំ​ ២០១៧ ចំនួន ២ ៦៥៥​ ករណី ក្នុង​ឆ្នាំ​ ២០១៨ និង​ ១ ៨៨៦ ករណី​ក្នុង​រយៈ​ពេល​ ៨ ខែ​ក្នុង​ឆ្នាំ ​២០១៩៕