ភ្នំពេញៈ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ (CHRC) ​បាន​រៀបចំ និង​ដាក់​ឲ្យ​អនុវត្ត​កម្មវិធី​ប្រឹក្សា​ច្បាប់​តាម​ទូរស័ព្ទ​ដោយ​ឥតគិត​កម្រៃ ដើម្បី​លើកស្ទួយ​សិទ្ធិ​ទទួល បាន​យុត្តិធម៌​របស់​ពលរដ្ឋ ជួយ​សម្រួល​ការលំបាក និង​បង្ខិត​សេវា​ប្រឹក្សា​ច្បាប់​ទៅដល់​ពលរដ្ឋ​គ្រប់​ទីកន្លែង​ទាំងអស់​តាម​ប្រព័ន្ធ​ទូរស័ព្ទ ដែល​កម្មវិធី​នេះ​មាន​ការគាំទ្រ​ពី​សង្គម​ស៊ីវិល ប៉ុន្ដែ​ជំរុញ​ឲ្យ​អនុវត្តមាន​ប្រសិទ្ធភាព និង​តម្លាភាព​។

លោក​ ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​ក្រុមអ្នកច្បាប់ និង​មេធាវី​សិទ្ធិមនុស្ស​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​រៀបចំ និង​ដាក់​ឲ្យ​អនុវត្ត​កម្មវិធី​ប្រឹក្សា​ច្បាប់​តាម​ទូរស័ព្ទ​ដោយ​ឥត​គិត​កម្រៃ​។ គោលបំណង គឺ​ដើម្បី​លើកស្ទួយ សិទ្ធិ​ទទួល​បាន​យុត្តិធម៌​របស់​ពលរដ្ឋ​ជួយ​សម្រួល​ការលំបាក​។ ជាពិសេស​បង្ខិត​សេវា​ប្រឹក្សា​ច្បាប់​នេះ​ទៅដល់​ពលរដ្ឋ​គ្រប់​ទីកន្លែង​ទាំងអស់​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​មក​ទទួល​សេវា​ដោយផ្ទាល់​នៅ​ការិយាល័យ​រាជធានី​ភ្នំពេញ​។

លោក​បាន​បន្តថា កម្មវិធី​ប្រឹក្សា​ច្បាប់​តាម​ទូរស័ព្ទ​ដោយ​ឥត​គិត​កម្រៃ​នេះ​មាន​ក្រុម​មេធាវី​សិទ្ធិមនុស្ស​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ប្រចាំការ​ជា​រៀងរាល់ថ្ងៃ​សរុប​ចំនួន​ ៣៥ ​នាក់​។ ក្នុង​ ១ ​ថ្ងៃ​មាន​អ្នក​​ប្រចាំការ​ចាំ​ទទួល​ទូរស័ព្ទ និង​ឆ្លើយតប​ទៅនឹង​ចម្ងល់ និង​ក្តីកង្វល់​ផ្សេងៗ​របស់​សាធារណជន​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវច្បាប់​ចំនួន​ ៥ ​នាក់​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក​យើង​បាន​ជួយ​ប្រឹក្សា​ផ្នែក​ច្បាប់​នៅ​ការិយាល័យ​យើង​ផ្ទាល់ និង​ការពារ​ក្ដី​ជូន​គាត់​នៅតាម​តុលាការ​។ ប៉ុន្ដែ​យើង​យល់ថា ប្រជាពលរដ្ឋ​ខ្លះ​គាត់​មាន​ការលំបាក​ក្នុង​ការមក​ទីស្នាក់ការ​យើង​ផ្ទាល់ ដូចជា គាត់​នៅ​ឆ្ងាយ តំបន់​ដាច់ស្រយាល​ជាដើម​នោះ​។ អ៊ីចឹង​បានជា​យើង​សម្រេច​បង្កើត​កម្មវិធី​នេះ​ឡើង​ដើម្បី​ឲ្យ​គាត់​ងាយស្រួល​បំផុត​»​។

លោកស្រី អ៊ិត មធុរា សមាជិក​មេធាវី​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្លែងថា លោកស្រី​នឹង​ខិតខំ​ប្រឹងប្រែង​ជួយ​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​ការប្រឹក្សា​ផ្នែក​ច្បាប់​ដោយ​មិន​គិត​កម្រៃ​។ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​បង្កើត​កម្មវិធី​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ពលរដ្ឋ​ដែល​នៅតាម​ជនបទ ហើយ​កំពុង​មាន​បញ្ហា​រំលោភ​លើ​សិទ្ធិ​របស់​ពួកគាត់​។

លោកស្រី​បាន​បន្តថា កន្លងមក​ពលរដ្ឋ​នៅតាម​ជនបទ​មួយ​ចំនួន​ធ្លាប់មាន​បញ្ហា​រំលោភសិទ្ធិ និង​បញ្ហា​ទាក់ទង​នឹង​ផ្នែក​ច្បាប់​។ ប៉ុន្ដែ​ពួកគេ​គ្មាន​អ្នកប្រឹក្សា និង​គ្មាន​អ្នក​ផ្ដល់យោបល់ ទាក់ទង​ច្បាប់ ខណៈ​ដែល​ពួកគេ​មិន​សូវ​យល់ដឹង​ពី​ច្បាប់​ទៀត​នោះ ទើប​បាន​ធ្វើឲ្យ​មាន​ឧបសគ្គ​ក្នុង​ការតតាំង​ក្ដី​នៅ​តុលាការ​ជាមួយ​ភាគី​ម្ខាង​ទៀត​។

លោកស្រី មធុរា ថ្លែង​ថា​៖ «​ដោយសារ​យើង​ឃើញ​មាន​ករណី​​ ១ ​ចំនួន​គឺ​ពួកគាត់​នៅ​តំបន់​ឆ្ងាយ តែ​គាត់​ត្រូវការ​ជំនួយ​ផ្នែក​ច្បាប់​។ ប៉ុន្ដែ​គាត់​គ្មាន​មធ្យោបាយ​មក​ភ្នំពេញ​ជួប​មេធាវី ឬ​មករក​សេវា​ផ្នែក​ច្បាប់ ហើយ​គាត់​ត្រូវ​ចំណាយលុយ​ទៀត ហើយ​ត្រូវ​ខាត​ការងារ ខាត​ពេលវេលា​ជាដើម​។ អ៊ីចឹង​ការផ្ដល់​សេវា​ឲ្យ​គាត់​តាម​ទូរស័ព្ទ​នេះ គឺជា​ការផ្តល់​ភាពងាយស្រួល​បំផុត ហើយ​នៅពេល​ដែល​ពួក​ខ្ញុំ​ដឹងថា គាត់​ត្រូវ​បាន​គេ​រំលោភ​លើ​សិទ្ធិ​គាត់​ធ្ងន់ធ្ងរ គឺ​ក្រុម​អ្នកច្បាប់​យើង​នឹង​ចុះទៅ​ជួប​គាត់​ដល់ផ្ទះ​តែម្ដង ដើម្បី​ជួយ​គាត់​»​។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស (LICADHO) ​ថ្លែងថា លោក​គាំទ្រ​ឲ្យ​មាន​សេវា​នេះ​។ ព្រោះ​ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​តាម​ជនបទ​មិនសូវ​បាន​យល់ដឹង​ពី​បញ្ហា​ច្បាប់ ឬ​នៅពេល​មាន​បញ្ហា​អ្វីមួយ​គឺ​ពួកគាត់​មិនដឹងថា ត្រូវ​ទៅរក​អ្នកណា​ឲ្យ​ជួយ ខណៈ​ពួកគាត់​ខ្លះ​មិនមាន​សែស្រឡាយ អ្នកចេះដឹង អ្នកធ្វើការងារ​ធំ និង​គ្មាន​សាច់ញាតិ​អ្នកចេះ​ច្បាប់​។ ដូច្នេះ​ពួកគាត់​កំពុង​មាន​បញ្ហា​ច្រើន​ទាក់ទង​ជាមួយ​ផ្នែក​ច្បាប់​នេះ​។

លោក​បាន​បន្តថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ដែល​បាន​បង្កើត​កម្មវិធី​ដោយ​ឥត​គិត​កម្រៃ​នេះ​គឺជា​ជំហាន​មួយ​ល្អប្រសើរ​។ ប៉ុន្តែ​អ្វីដែល​សំខាន់​វា​ស្ថិតនៅលើ​សេវាកម្ម និង​ឆន្ទៈ​បម្រើ​ប្រជាពលរដ្ឋ​បាន​កម្រិតណា​។ លោក​ផ្តល់​ជា​យោបល់​ថា បញ្ហា​ទាំងនេះ​គួរតែ​បង្កើត​ឲ្យ​មាន​តាំងពី​យូរ​មកហើយ ដើម្បី​ជួយ​ពលរដ្ឋ​មួយចំនួន​ដែល​មាន​បញ្ហាដីធ្លី ឬ​បញ្ហា​សិទ្ធិមនុស្ស​មួយ​ចំនួន​ទៀត​។

លោក​ សំអាត ​បាន​បញ្ជាក់ថា​៖​ «​កន្លងមក​ទន្ទឹម​នឹង​ការខ្វះ​អ្នកប្រឹក្សា​ផ្នែក​ច្បាប់​នេះ ពលរដ្ឋ​យើង​ក៏​នៅ​ខ្វះ​មេធាវី​ជាច្រើន ដើម្បី​ជួយ​ពួកគាត់​ក្នុង​ការតតាំងក្ដី​នៅ​តុលាការ​ហើយ​ប្រសិនបើ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ជួយ​ផ្ដល់​មេធាវី​ឲ្យ​ពលរដ្ឋ​ដោយ​ឥត​គិត​កម្រៃ​ទៀត​គឺ​កាន់តែ​ល្អប្រសើរ ព្រោះ​អ្នក​នៅតាម​ជនបទ គាត់​ក៏​មិនសូវ​មាន​លុយ​ទៅ​ជួល​មេធាវី​ទេ​»៕