មណ្ឌលគិរីៈ វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ជនបទ​កម្ពុជា CIRD កំពុង​ដំណើរការ​ស្នើសុំ​ចុះបញ្ជី ទឹកឃ្មុំ​ព្រៃ ខេត្តមណ្ឌលគិរី ឱ្យ​ក្លាយជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ដើម្បី​កុំឱ្យ​ផលិតផល​ទឹកឃ្មុំ​កន្លែង​ផ្សេង មក​បន្លំ​យកឈ្មោះ​ទឹកឃ្មុំ​មណ្ឌលគិរី​បន្តទៀត​។

លោក ប្រាក់ សេរីវឌ្ឍន៍ ប្រធាន CIRD ឱ្យដឹងថា មូលហេតុ​ដែល​ចង់ឱ្យមាន​ការចុះបញ្ជី​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​នេះ ដោយសារ​តែ​ឃ្មុំព្រៃ​មណ្ឌលគិរី​មាន​កិត្តិនាម​តាំងពី​យូរណាស់​មក​ហើយ​ដែលមាន​មនុស្ស​ជាច្រើន​បានដឹង ហេតុនេះ​ងាយស្រួល​ក្នុង​ការផ្សព្វផ្សាយ​។

លោក​ថ្លែងថា​៖ «​ផលិតផល​ហ្នឹង​វា​ជា​ផលិតផល​មួយ​ដែលមាន​កិត្តិនាម​តាំងពីដើម​មក ទាំងយើង​ទាំង​គេ​ធ្លាប់​ឮ​ហើយ​ថា កាលណា​និយាយ​ពី​ឃ្មុំ​ព្រៃ គឺ​មកពី​មណ្ឌលគិរី​ប្រៀប​ដូច​ថា បើ​យើង​និយាយ​ពី​ក្រូចពោធិ៍សាត់​គឺ​មកពី​បាត់ដំបង បើ​និយាយ​ពី​ម្រេច​គឺ​មកពី​កំពត អ៊ីចឹង​»​។

ការដំណើរការ​រៀបចំ​ចុះបញ្ជី​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​មកដល់​ពេលនេះ​បាន​បញ្ជូន​ទៅដល់​ក្រសួង​ពាណិជ្ជកម្ម​រួចរាល់​ហើយ នៅ​រង់ចាំ​តែ​ការសម្រេច​របស់​ក្រសួង​ប៉ុណ្ណោះ​។

លោក​ថា ​គោលបំណង​សំខាន់​ក្នុង​ការចុះបញ្ជី​ទឹកឃ្មុំ​ព្រៃ​នេះ​ដើម្បី​ការពារ​កម្មសិទិ្ធ​បញ្ញា​លើកកម្ពស់​ជីវភាព​អ្នក​ប្រមូល​ឃ្មុំ និង​ចូលរួម​រក្សា​ធនធាន​ធម្មជាតិ​បាន​មួយផ្នែក​ផងដែរ​។ «​យើង​ចុះបញ្ជី អ្នកណា​ដែល​មិនមែន​នៅក្នុង​តំបន់​ហ្នឹង​មិន​ផលិត​ទៅតាម​សៀវភៅ​បន្ទុក​គឺ​យើង​អត់ឱ្យ​ប្រើ​ឈ្មោះ​ឃ្មុំ​ព្រៃ​មណ្ឌលគិរី​ទៀត​ទេ អ៊ីចឹង​យើង​អាច​កាត់បន្ថយ​ការក្លែងបន្លំ​មួយចំនួន ហេតុនេះ​អ្នកប្រមូល​ឃ្មុំ​ពិតប្រាកដ​នឹង​បាន​ផលប្រយោជន៍​គឺ​គាត់​ស្រួល​លក់​ជាង​មុន​»​។

បើតាម​លោក កើញ បូផាត់ ប្រធាន​សមាគម​អភិរក្ស​ឃ្មុំ​ព្រៃ​ខេត្ត​មណ្ឌលគិរី ឱ្យដឹងថា ក្នុង​ ១ ​ឆ្នាំ​ជាទូទៅ​ប្រជាសហគមន៍​បាន​ប្រមូល​ទឹកឃ្មុំ​ព្រៃ​ចូលក្នុង​សហគមន៍​បាន​ចាប់ពី​ ២០​ តោន​ទៅ​ ៣០ ​តោន​ហើយ​បើ​បូកសរុប​ទូទាំង​ខេត្ត​មាន​ប្រហែល​ ៧០ ​តោន ហើយ​ទឹកឃ្មុំ​ដែល​សហគមន៍​ប្រមូល គឺ​ឃ្មុំចង្អេរ​ទាំងអស់​។

លោក​ថា ក្នុង​ ១ ​ថ្ងៃ​សហគមន៍​របស់លោក​លក់​ទឹកឃ្មុំ​បាន​ចាប់ពី​ ៥០ ​ទៅ​ ១០០ ​លីត្រ​។ ពេលវេលា​នៃ​ការប្រមូល​ទឹកឃ្មុំ​ព្រៃ​គឺ​នៅ​ចន្លោះ​ពី​ខែ​ ៣ ដល់​ខែ​ ៦​។ សហគមន៍​នេះ​មាន​អ្នកប្រមូល​ឃ្មុំ​ព្រៃ​ចំនួន​ ១១ ​ក្រុម​ដែលមាន​សមាជិក ៥១៦ ​នាក់​។ ទឹកឃ្មុំ​របស់​សហគមន៍​មាន​ទីផ្សារ​នៅ​ភ្នំពេញ ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ និង​លក់​តាម Online ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​តាមរយៈ​ការចងក្រង​ជា​សហគមន៍​នេះ​បាន​បង្វែរ​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ឱ្យ​រក្សា​ព្រៃឈើ ដោយសារ​តែ​ពួកគាត់​អាច​រកចំណូល​បាន​តាមរយៈ​រក​ទឹកឃ្មុំ​ព្រៃ​មក​លក់​ដែលមាន​តម្លៃ​សមរម្យ​»​។

អ្នកស្រី ស្រូវ ផារី តំណាង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ខេត្តមណ្ឌលគិរី និង​ជា​អ្នកប្រមូល​ឃ្មុំ​ព្រៃ​ឱ្យ​ដឹងថា ការប្រមូលទិញ​ទឹកឃ្មុំ​ព្រៃ មិនមែន​ចេះតែ​ទទួល​ទិញយក​នោះទេ​គឺ​ទាល់​តែ​អ្នក​ដែល​រក​ទឹកឃ្មុំ​ត្រូវ​ចូល​ជា​សមាជិក​ក្រុម​ឃ្មុំ​ជាមុនសិន​។ ​«​ការដែល​យើង​ឱ្យ​គាត់​ចូល​ជា​សមាជិក​ហ្នឹង​គឺ​ដើម្បី​ឱ្យ​គាត់​បាន​សិក្សា​រៀនសូត្រ​ដឹង​ពី​បច្ចេកទេស​ក្នុង​ការប្រមូល​ឃ្មុំ​ឱ្យ​មាន​និរន្តរភាព មិនមែន​ឱ្យតែ​ថា មាន​ទឹកឃ្មុំ​គឺ​ត្រូវតែ​ទទួល​យក​នោះទេ​»​។ ការទទួល​ទិញ​ទឹកឃ្មុំ​គឺ​មាន​ឧបករណ៍​ពិនិត្យ​ត្រឹមត្រូវ​ដែល​អាច​បញ្ជាក់ថា ​ទឹកឃ្មុំ​សុទ្ធ​ឬ​មិន​សុទ្ធ​៕