ព្រះវិហារ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី ២៤ ឧសភានេះ បានកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៦ ប្រភេទ សរុបចំនួន ១០០ គ្រាប់ គឺ ១ ថ្ងៃ បន្ទាប់ពីបុរសម្នាក់ប្រទះឃើញ ខណៈកំពុងភ្ជួរដីនៅភូមិ-ឃុំ-ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពាក់ព័ន្ធគ្រឿងផ្ទុះ មន្ត្រីខាងអាវុធជាតិផ្ទុះខេត្តអះអាងថា អ្នករងគ្រោះដោយគ្រាប់មិនទាន់ផ្ទុះមានចំនួនតិចតូច។
លោក ទន់ ទិន នាយនគរបាលប៉ុស្តិ៍ជាំក្សាន្ត ឱ្យដឹងនៅថ្ងៃទី ២៤ ឧសភាថា គ្រាប់យុទ្ធភណ្ឌទាំងនោះរួមមាន ទី១- មីនប្រឆាំងមនុស្សទំហំ ៦០mm ម៉ាក Pomz 2m ចំនួន ៧១ គ្រាប់ ទី២- មីនប្រឆាំងមនុស្សទំហំ ៦០mm ម៉ាក mbv 78a1 ចំនួន ១០ គ្រាប់ ទី៣- គ្រាប់មីនប្រឆាំងមនុស្សទំហំ ៦០mm ម៉ាក type 69 ចំនួន ១ គ្រាប់ ទី៤- គ្រាប់មិនធាក់ថយ ទំហំ 82mm ម៉ាក type 65 ចំនួន ១៥ គ្រាប់ ទី៥- គ្រាប់មិនធាក់ថយ ទំហំ 57mm ម៉ាក m306 ចំនួន ២ គ្រាប់ និងទី៦- ក្បាលគ្រាប់ចំនួន ១ គ្រាប់ សរុបមានចំនួន ១០០ គ្រាប់។
លោកប្រាប់ថា៖ «ព្រឹកមិញនេះ (ថ្ងៃទី ២៤ ឧសភា) ខាងអង្គការកម្ទេចមីនកម្ពុជាយកទៅកម្ទេចចោលអស់ហើយ។ សំណល់គ្រាប់ទាំងនោះនៅមានគុណភាពអាចផ្ទុះបាន ប្រសិនបើគេយកវាទៅដំ ឬធ្វើអ្វីមួយប៉ះទង្គិចវា»។
បើតាមលោក ទន់ ទិន កាលពីព្រឹកថ្ងៃទី ២៣ ឧសភា បុរសជាកសិករម្នាក់បានទឹមគោទៅភ្ជួរដី ដើម្បីធ្វើស្រែនៅក្នុងដីស្រែមួយកន្លែងក្នុងភូមិជាំក្សាន្ត។ ពេលគាត់កំពុងភ្ជួរលើដីជង្ហុកមួយកន្លែង ស្រាប់តែគ្រាប់ទាំងនោះបានផុសចេញពីរណ្តៅដីរាក់។ ពេលឃើញគ្រាប់ បុរសម្នាក់នោះបានរាយការណ៍មកនគរបាលប៉ុស្តិ៍ឃុំជាំក្សាន្ត ហើយកម្លាំងសមត្ថកិច្ចរបស់លោកបានចុះដល់ទីតាំងដីស្រែនោះ ហើយក៏រាយការណ៍បន្តទៅខាងអង្គការកម្ទេចមីនកម្ពុជាដែលមានមូលដ្ឋានក្នុងខេត្តព្រះវិហារ និងបានចុះមកប្រមូលយកគ្រាប់នៅថ្ងៃដដែល។
លោកប្រាប់ថា៖ «ទីតាំងឃើញគ្រាប់នោះជាអតីតបន្ទាយចាស់របស់មូលដ្ឋានទ័ពរដ្ឋកម្ពុជា និងកងទ័ពវៀតណាមផង វាចម្រុះគ្នាមិនដឹងជាគ្រាប់ខាងណាទេ។ តែខាងអង្គការ គាត់រាវអស់ហើយ តែដូចជានៅចន្លោះប្រហោង ១ អន្លង់យ៉ាងម៉េចទេ។ ឥឡូវរាវយកចេញអស់ហើយ»។
ដោយឡែក លោក សំ សាមឿន ស្នងការរងទទួលផែនការងារអាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារថ្លែងថា ខេត្តព្រះវិហារ ដែលមួយផ្នែកមានព្រំប្រទល់ជាប់ប្រទេសឡាវ និងប្រទេសថៃ កន្លងមកក្នុងសម័យសង្គ្រាមពាក់ព័ន្ធអាវុធជាតិផ្ទុះនេះគឺសម្បូរការកប់មីនក្នុងដីច្រើន។ ភូមិសាស្ត្រ ដែលជាទីតាំងអតីតទីបញ្ជាការរបស់កងទ័ពវៀតណាម ដែលមូលដ្ឋានគាត់ផ្លាស់ទៅកន្លែងណា គឺគាត់រាយមីនដើម្បីការពារមូលដ្ឋានគាត់។
លោកថ្លែងថា៖ «និយាយរួមមកមិនដឹងខាងណាខាងណីទេ គឺកងទ័ពគាត់ដាក់មីនទាំងអស់តែគ្នាហ្នឹង។ តែដោយសារមានការពន្យល់អប់រំពីគ្រោះថ្នាក់ដោយគ្រាប់មិនទាន់ផ្ទុះ អ៊ីចឹងមិនសូវមានពលរដ្ឋរងគ្រោះទេ»។
លោកបន្ថែមថាតំបន់ដែលមានគ្រាប់មីនច្រើនគឺមានស្រុកជាំក្សាន្ត និងស្រុកឆែប។ ប៉ុន្តែដោយសារ ការអប់រំណែនាំពីអាជ្ញាធរមានសមត្ថកិច្ច តាមរយៈការផ្សព្វផ្សាយអប់រំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទៅ បានធ្វើឱ្យពលរដ្ឋមានការយល់ដឹងខ្ពស់។ ពេលពួកគាត់ប្រទះឃើញសំណល់គ្រាប់កន្លែងណា គឺពួកគាត់រាយការណ៍ដល់អាជ្ញធរមានសមត្ថកិច្ចភ្លាមដើម្បីចុះទៅយកគ្រាប់ទាំងនោះ។
លោកថា៖ «ប៉ុន្មានឆ្នាំមុនប្រជាពលរដ្ឋមិនទាន់បានយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់ គឺពេលគាត់រើសបានក៏យកទៅដំលេងអ៊ីចឹងទៅ។ តែក្រោយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីស៊ីម៉ាក់ពន្យល់អប់រំពីបញ្ហានេះទៅគឺគ្រោះថ្នាក់ដោយគ្រាប់ផ្ទុះមានមួយៗទេ»។
អគ្គនាយកនៃមជ្ឈមណ្ឌល CMAC លោក ហេង រតនា មិនអាចទាក់ទងសុំអត្ថាអធិប្បាយបានទេ នាថ្ងៃនេះ៕