ក្រចេះ: ក្រុម​អង្គភាព​កំចាត់មីន នៃ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (CMAC) ប្រចាំ​ទិស​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃទី ២១ ខែ​មករា បាន​ចុះ​អន្តរា​គមន៍​ដោះ​គ្រាប់​បែក BLU-24 ដែល​ជា​ប្រភេទ​គ្រាប់​បែក​ចង្កោម​ចំនួន​មួយ​សាង​ស្មើ​នឹង ១៣២ គ្រាប់ នៅ​ចំណុច​ភូមិ​សម្រង ឃុំ​ខ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ។ នេះ​បើ​តាម​លោក កែវ សារ៉ាត់ ប្រធាន​អង្គភាព​កម្ចាត់​មីន​ទី ៥ ពី​ម្សិលមិញ។

លោក សារ៉ាត់ បញ្ជាក់ថា៖ «គ្រាប់បែក BLU-24 នេះ ជា​ផលិតផល​របស់​អាមេរិក និង​ជា​កាក​សំណល់​នៃ​សង្គ្រាម​នា​អំឡុង​ទសវត្ស​រិ៍​ឆ្នាំ ១៩៧០ ។ គ្រាប់​បែក​នេះ ជា​ប្រភេទ​គ្រាប់​បែក​ចង្កោម ដែល​ត្រូវ​បាន​គេ​ទម្លាក់​ពី​លើ​យន្តហោះ។ វា​ត្រូវ​បាន​គេ​ច្រក​នៅ​ក្នុង​បំពង់​ដែល​មាន​ប្រវែង ២ ម៉ែត្រ ដែល​ក្នុង​មួយ​សាង​របស់​វា​មាន​ចំនួន ៦ បំពង់​ស្មើ ១៣២គ្រាប់»។

បើតាម​លោក​សារ៉ាត់ គ្រាប់បែក​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សម្រង​ប្រទះ​ឃើញ​កប់​នៅ​ក្នុង​ដី​ស្រែ​របស់​ពួកគាត់ ក្រោយ​ពី​មាន​ការ​ដុត​ព្រៃ និង​កាប់​ឆ្ការ ដើម្បី​ពង្រីក​ផ្ទៃដី​ដាំ​ដុះ កាល​ពី​រសៀល​ថ្ងៃ​ទី ២០ មករា ឆ្នាំ ២០១៩ ហើយ​បាន​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរា​គមន៍​មក​កាន់​ក្រុម​មន្ត្រី​ជំនាញ​នៃ​អង្គភាព​កំចាត់មីន​ទី ៥ របស់​លោក​នៅ​ព្រឹក​ថ្ងៃទី ២១ ខែ​មករា ឆ្នាំ ២០១៩។ នៅ​រសៀល​ថ្ងៃ​ដដែល​មន្ត្រី​ជំនាញ​ទៅ​ដោះ​គ្រាប់​បែក BLU-24 នោះ​ដោយ​ជោគជ័យ។

លោក ហេង រតនា អគ្គនាយក CMAC កាលពី​ថ្ងៃ​ចន្ទ បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា វៀតណាម ឲ្យ​ប្រុង​ប្រយ័ត្ន និង​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រាប់​បែក ឬ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដោយ​ហាម​ប៉ះពាល់​ឬ​ជីក​កកាយ​វា​ជា​ដាច់​ខាត ព្រោះ​វា​អាច​បង្ក​ឲ្យ​ផ្ទុះ​ស្លាប់​បាន​គ្រប់​ពេល។ លោក​ថា៖​ «សូម​បងប្អូន​ប្រុង​ប្រយ័ត្ន កុំ​ប៉ះពាល់ ឬ​ជីក​កកាយ​វា​ជា​ដាច់​ខាត ព្រោះ​វា​ងាយ​នឹង​ផ្ទុះ​បំផុត»។

លោក​ឲ្យ​ដឹង​ដែរ​ថា យោងតាម​ទិន្នន័យ​ដែល CMAC ទទួលបាន អាមេរិក​បាន​ទម្លាក់​គ្រាប់​បែក​នៅ​កម្ពុជា​មាន​ចំនួន ១១៥-២៧៥ ទីតាំង មាន​ការ​ហោះហើរ​ទម្លាក់​គ្រាប់​ចំនួន ២៣០ ៥៤៤ លើក ស្មើ​នឹង​ជាង ២ លាន ៥៩ ម៉ឺន​គ្រាប់ ដែល​មាន​ទម្ងន់​សរុប​ជាង ២ លាន ៨ សែន​តោន (២,៨០៣,៨៦៨,១៥២ គីឡូក្រាម) ក្នុង​នោះ​មាន​គ្រាប់​បែក​ចង្កោម គិត​ជា​កូន​គ្រាប់​បែក​ចង្កោម ចំនួន​ជាង ២៧ លាន ៩ សែន​គ្រាប់៕