ភ្នំពេញៈ ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២០ កម្លាំង​អង្គភាព​ស៊ីម៉ាក់​សហការ​ជាមួយ​កម្លាំង​នគរបាល ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ដល់​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​ជិត ១ ​លាន ២ ​សែន​នាក់​។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ប្រាប់​ឲ្យ​ដឹងថា ការងារ​អប់រំ​យល់ដឹង​និង​ផ្សព្វផ្សាយ​ធ្វើ​ក្នុង​ក្របខ័ណ្ឌ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។

លោក រតនា បញ្ជាក់ថា ក្នុង​រយ:ពេល​ ១១ ​ខែ ​ឆ្នាំ​ ២០២០ ​នេះ​បាន​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ចំនួន​ជាង ១៧ ០០០ ​លើក ចុះ​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​បាន​ចំនួន​ជិត​ ៦០០ ០០០ ខ្នង​ផ្ទះ​។

លោក​ រតនា ថ្លែងថា​៖ «​យើង​បាន​លាតសន្ធឹង​ធំ​ជាង​ឆ្នាំមុន អ៊ីចឹង​ចំនួន​នេះ​កើនឡើង ប្រមាណ​ជា​ ៣៨ ​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​ ២០១៩ ដោយសារ​តែ​យើង​បាន​ពង្រីក​ការអប់រំ​នេះ​ទៅ​បណ្តា​ស្រុក​គោលដៅ​ថ្មី​មួយចំនួន ដូចជា នៅ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ខេត្ត​ស្ទឹងត្រែង ព្រះវិហារ ត្បូងឃ្មុំ ជាដើម​»​។

លោក រតនា បាន​ថ្លែងថា លទ្ធផល​នេះ​បាន​ឆ្លើយតប​សំណើ​ជួប​គ្រាប់​បន្ទាន់ៗ​របស់​ប្រជាពលរដ្ឋ​ជាង​ ៦០០០ ករណី​ដែល​បាន​បោសសម្អាត​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​ចំនួន​ជិត ​១០ ០០០ ​គ្រាប់​។ ក្នុង​រយៈពេល​ ១១ ខែ ឆ្នាំ​ ២០២០ ​នេះ​កម្លាំង​ស៊ីម៉ាក់​ប្រមូលបាន​គ្រាប់​មិនទាន់​ផ្ទុះ និង​សំណល់​ពី​សង្គ្រាម​បាន​ជាង​ ៤ ​ម៉ឺន​ ១ ​ពាន់​គ្រាប់​ដែល​ភាគច្រើន​បាន​យកទៅ​កម្ទេច​ចោល លើកលែង​គ្រាប់​ធំៗ​មួយចំនួន​ត្រូវ​ធ្វើការ​បន្សាប​។

លោក​ថា​៖ «​លទ្ធផល​នៃ​ការចុះ​អប់រំ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​ច្រើនជាង​មុន ព្រមទាំង​បាន​សហការ​សកម្ម​ក្នុង​ការផ្តល់​ព័ត៌មាន​បានល្អ ឥរិយាបថ​របស់​ពលរដ្ឋ​មាន​ការប្រែប្រួល​មួយចំនួន គឺ​ពេល​ឃើញ​គ្រាប់​មិនទាន់​ផ្ទុះ ពួកគាត់​ចេះ​ដាក់​សញ្ញា​សម្គាល់ ឈប់​វាយ ឈប់​បោះ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ប៉ុន្តែ​អ្នកខ្លះ​គាត់​ធ្វើ​មិនដឹងមិនឮ នៅតែ​មិន​ខ្លាច យក​គ្រាប់​មក​ធ្វើ​ទ្រនាប់​វាយ​កាំបិត​ពូថៅ​»​។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​ឱ្យ​ដឹងថា ការចុះ​អប់រំ និង​ការដោះ ឬ​កម្ចេច​គ្រាប់ អាវុធយុទ្ធភណ្ឌ​ដែល​សេសសល់ នៅតាម​ភូមិ​ឃុំ របស់​ប្រជាពលរដ្ឋ​រស់នៅ​គឺជា​រឿង​ចាំបាច់ សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​សុខសុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ ព្រោះ​កម្ពុជា​មាន​កន្លែង​ខ្លះ ធ្លាប់​ជា​ទីលានប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​ប្រដាប់អាវុធ​ដែល​បន្សល់​នូវ​គ្រាប់​មិនទាន់​ផ្ទុះ​។

លោក​ថា​៖ «​ការចុះ​អប់រំ​ប្រជាពលរដ្ឋ​ពី​គ្រោះថ្នាក់​ដោយ​គ្រាប់មីន ជា​យុទ្ធនាការ​មួយ​ដើម្បី​លើកកម្ពស់​ប្រជាពលរដ្ឋ​យើង​ឲ្យ​ចូលរួម​ទប់ស្កាត់​ការពារ​កុំ​ឲ្យ​មាន​ការធ្វេសប្រហែស​ក្នុង​ការយក​កាកសំណល់​ ឬ​គ្រាប់​មិនទាន់​ផ្ទុះ​ទៅ​ប្រើប្រាស់​ក្នុង​កិច្ចការងារ​រស់នៅ​ប្រចាំថ្ងៃ​ដែល​អាច​បង្ក​គ្រោះថ្នាក់​»៕