បន្ទាយមានជ័យៈ មជ្ឈមណ្ឌល សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​និង​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចុះទៅ​ប្រមូល​យក​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​ ៣០ ​គ្រាប់ ​ពី​បុរស​វ័យ​ ៤៨ ​ឆ្នាំ​ម្នាក់​រស់នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​៣​ជាន់ ស្រុក​អូរជ្រៅ​។ មន្ត្រី​អះអាង​ថា បុរស​រូបនេះ​បាន​ទិញ​ពី​អ្នកភូមិ និង​ដើររើស​ពី​កន្លែង​ផ្សេងៗ​យក​មក​រក្សាទុក​ក្នុង​ផ្ទះ​សម្រាប់​ការកម្សាន្ត​។

លោក​ ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ពី​ម្សិលមិញ​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿងនេះ ដោយ​អះអាង​ថា​កំពុង​ជាប់រវល់​ប្រជុំ​។ ប៉ុន្ដែ​លោក​ឲ្យ​ដឹង​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ពី​ម្សិលមិញ​ថា​នៅ​ថ្ងៃទី​ ១០ ​មិថុនា​នៅ​ភូមិ​ទំនប់ដាច់ ឃុំ​អូរ៣​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​មាន​គ្រួសារ​មួយ​បាន​ប្រមូល​គ្រាប់មីន​ប្រឆាំង​មនុស្ស និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​យក​មក​រក្សាទុក​នៅផ្ទះ​ដោយ​ចងព្យួរ​នៅលើ​ដើមអម្ពិល​សម្រាប់​កម្សាន្ត​អារម្មណ៍​លេង​។ ​គ្រាប់មីន​ទាំងនោះ​មាន​ចំនួន​ ៣០ ​គ្រាប់ ហើយ​គ្រាប់មីន​ភាគច្រើន​នៅមាន​ប្រសិទ្ធភាព​ផ្ទុះ​។

លោក​ រតនា ​បញ្ជាក់ថា​៖ «​ហួស​វាចា​នឹង​ថ្លែង​ជាមួយ​គំនិត​ដ៏គ្រោះថ្នាក់​បំផុត​នេះ ហើយ​អាច​ប្រកបមុខរបរ​ដើរ​ស៊ីឈ្នួល​ដោះមីន​ផងដែរ​។ ប្រជាពលរដ្ឋ​រូបនេះ​ត្រូវ​ប្រឈមមុខ​ច្បាប់​ហាមឃាត់​ការប្រើប្រាស់​ និង​រក្សាទុក​គ្រាប់មីន​ផង ប្រឈម​មុខ​ច្បាប់​អាវុធ​ជាតិផ្ទុះ​ផង​។ មើលរូបរាង​អ្នកប្រព្រឹត្ត​ស្បែក​ដណ្តប់​ឆ្អឹង​! ករណី​នេះ​សំណាង​ណាស់ ដែល​មិន​ទាន់​ផ្ទុះ ឬ​គ្មាន​ក្មេងៗ​លេង ព្រោះ​វា​ងាយ​ផ្ទុះ​ណាស់​»​។

លោក​ ហេង រតនា ក៏បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ទាំងអស់​រួម​គ្នា​ការពារ​សុវត្ថិភាព​ពី​គ្រាប់មីន​។ ប្រសិនបើ​ឃើញ​អ្នកណាម្នាក់​ប្រើប្រាស់ ឬ​រក្សាទុក​គ្រាប់មីន​ត្រូវតែ​រាយការណ៍​មក​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ឬ​កងកម្លាំង​នគរបាល ឬ​កម្លាំង​ស៊ីម៉ាក់​ជាបន្ទាន់​។

គ្រាប់​មិនទាន់​ផ្ទុះ​ដែល​អាជ្ញាធរ​ប្រមូល​ពី​បុរស​ម្នាក់​យក​មក​ទុក​នៅផ្ទះ​។ រូបថត CMAC

មេឃុំ​អូរបីជាន់​លោក តុល សារិន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​ ៣០ ​គ្រាប់​ត្រូវ​បាន​អាជ្ញាធរ និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ចុះ​ទៅ​ប្រមូល​យក​មក​រក្សាទុក​កន្លែង​មាន​សុវត្ថិភាព បន្ទាប់ពី​បុរស​មាន​សតិ​មិន​គ្រប់​ម្នាក់​ឈ្មោះ​ កា សុខនិត អាយុ​ ៤៨ ​ឆ្នាំ ដែល​មាន​កូន​ក្នុង​បន្ទុក​ចំនួន​ ៤ ​នាក់ និង​ភរិយា​បាន​ប្រមូល​យក​ពី​កន្លែង​ផ្សេងៗ​គ្នា ដើម្បី​យក​មក​តាំង​ក្នុងផ្ទះ​របស់ខ្លួន​។

លោក​បន្តថា បុរស​រូបនេះ​មាន​មុខរបរ​ជា​អ្នកដើរ​រើស​អេតចាយ និង​ដើររក​ឃ្មុំ​នៅក្នុង​ព្រៃ​យក​ទៅ​លក់​នៅ​ផ្សារ​។ គាត់​បាន​ប្រទះឃើញ​គ្រាប់មីន​នៅ​តាម​ផ្លូវ ឬ​គាត់​បាន​ទិញ​ពី​អ្នកភូមិ ខណៈ​ដើរ​ទិញ​អេតចាយ​។ គាត់​បាន​ប្រមូល​ម្ដង​ ២ ឬ​ ៣ ​គ្រាប់ ហើយ​យកមក​រក្សាទុក​ក្នុង​ផ្ទះ​របស់​ខ្លួន​។ លើសពីនេះ​គាត់​បាន​យក​គ្រាប់​ទាំងអស់​នេះ​ទៅ​ចង​ព្យួរ​នៅ​ដើមឈើ​ខាង​មុខ​ផ្ទះ​គាត់​លេង​ជា​ការកម្សាន្ដ​ផងដែរ​។

លោក​ថា អាជ្ញាធរ និង​មន្ត្រី CMAC ស្នើសុំ​ប្រមូល​គ្រាប់​ទាំងនេះ ដោយ​បាន​ជូន​លុយ​គាត់​ ៣ ​ម៉ឺន​រៀល​ជា​ថ្នូរ​ដែល​គាត់​បាន​ទិញ​ពី​អ្នកភូមិ​ក្នុង​ ១ ​គ្រាប់​តម្លៃ​ ១ ​ពាន់​រៀល​។ បុរស​រូបនេះ​យល់ព្រម​ប្រគល់​មក​ឲ្យ​អាជ្ញាធរ​។

លោក​ តុល សារិន បញ្ជាក់ថា​៖ «​កន្លងមក​អាជ្ញាធរ​ធ្លាប់​បាន​ផ្សព្វផ្សាយ​អប់រំ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ ដោយសារ​ធ្លាប់​មាន​អ្នក​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​នេះ​។ ជាក់ស្ដែង​ករណីនេះ​យើង​ពិបាក​នឹង​បន្ទោស​គាត់ ដោយសារ​គាត់​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​។ ដូច្នេះ​គាត់​មិនដឹង​អំពី​ផល​គ្រោះថ្នាក់​ទេ ទើប​យើង​បាន​ទៅ​ប្រមូល​គ្រាប់​ទាំងនេះ​យក​មក​ទុក ហើយ​អប់រំ ណែនាំ​ក្រុមគ្រួសារ​គាត់ កុំឲ្យ​គាត់​យក​គ្រាប់មីន​មក​ទុក​ក្នុង​ផ្ទះ​បែបនេះ​»​។

លោក​ សេស វិបុល អធិការរង​នគរបាល​ស្រុក​អូរជ្រៅ​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បាន​ចុះ​ទៅ​ជាមួយ​អង្គភាព CMAC ដែរ ដើម្បី​ចុះទៅ​ប្រមូល​គ្រាប់​ទាំង​ ៣០ ​គ្រាប់​នេះ​ពី​បុរស​ម្នាក់​ដែល​មាន​សតិ​មិន​គ្រប់​។ គ្រាប់​ទាំងនោះ​រួមមាន ប្រភេទ K58 មីន​ប្រភេទ​ 69 B-40 និង​គ្រាប់មីន​ប្រឆាំង​មនុស្សជាតិ​មួយ​ចំនួន​ទៀត​។ គាត់​ប្រកបមុខរបរ​ជា​អ្នកដើរ​រើស​អេតចាយ និង​ទិញ​សម្ភារ​ចាស់ៗ​ពី​អ្នកភូមិ​ក្នុង​នោះ​គាត់​បាន​ប្រមូល​ទិញ​គ្រាប់មីន​ពី​អ្នកភូមិ​ថែមទៀត​ផង​។

លោក​ឲ្យ​ដឹងថា កន្លងមក​នៅ​ស្រុក​អូរជ្រៅ​ក៏​ធ្លាប់​មាន​ពលរដ្ឋ​គ្រោះថ្នាក់ ដោយសារ​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ផងដែរ​។ អាជ្ញាធរ​បាន​អប់រំ ណែនាំ​ឲ្យ​ពលរដ្ឋ​ចេះ​ប្រុងប្រយ័ត្ន​ចំពោះ​ការគ្រោះថ្នាក់​ដោយ​គ្រាប់មីន ហើយ​ប្រសិន​បើ​បាន​ជួប​ប្រទះ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងអស់​នេះ​ត្រូវ​ប្រញាប់​រាយការណ៍​មក​សមត្ថកិច្ច​ជា​បន្ទាន់​។

លោក​បញ្ជាក់ថា​៖ «​គ្រាប់មីន​ទាំងអស់​នេះ​ភាគច្រើន​មាន​តែ​សម្បក ហើយ​នៅ​មាន​ប្រសិទ្ធភាព តែ​គ្រាប់​ដែល​ប្រឆាំង​រថក្រោះ​ប៉ុណ្ណោះ​។ ក្រៅពីនេះ​មាន​តែ​សម្បក បន្ទាប់មក​គាត់​បាន​យកទៅ​ចង​ព្យួរ​នៅ​ដើមឈើ​ខាង​មុខ​ផ្ទះ​គាត់​។ ពេល​យើង​សួរ​គាត់​ទៅ គាត់​ឆ្លើយ​ចង​លេង​កម្សាន្ដ គាត់​ថា ហ្នឹង​វា​លែង​ផ្ទុះ​ហើយ អ៊ីចឹង​គាត់​យក​មក​ចង​លេង​ដាក់​តាំង​មុខផ្ទះ​គាត់​»៕