ភ្នំពេញៈ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​ថៃ (TMAC) កាលពី​ថ្ងៃទី​ ២ ​ខែ​មីនា​បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​ការស្រាវជ្រាវ​ និង​ការ​បោសសម្អាត​គ្រាប់មីន​នៅ​តំបន់​ក្បែរ​ព្រំដែន ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​សន្តិភាព​នៃ​ប្រទេស​ទាំង​ ២ ឲ្យ​កាន់តែ​រឹងមាំ​ និង​ល្អប្រសើរ​ថែមទៀត​។

ការចុះហត្ថលេខា​នេះ​ត្រូវបាន​ធ្វើឡើង​រវាង​លោក ហេង រតនា អគ្គនាយក CMAC និង​លោក Sittipol Nimnuan ​អគ្គនាយក TMAC នៅ​ស្រុក​អារញ្ញប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។

លោក ហេង រតនា បាន​ថ្លែងថា ការចុះហត្ថលេខា​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​សហប្រធាន​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​។ លោក​បន្តថា​៖ «​ការចុះហត្ថលេខា​...​សម្រេច​ឲ្យ​មាន​កិច្ចព្រមព្រៀង​នេះ​ឡើង​ក្នុង​រូបភាព​ពង្រឹង​សហប្រតិបត្តិការ​សន្តិភាព​នៃ​ប្រទេស​ទាំង​ ២ ឲ្យ​កាន់តែ​រឹងមាំ និង​ល្អប្រសើរ​ថែមទៀត​»​។

លោក ហេង រតនា ធ្លាប់​បាន​បញ្ជាក់ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ចុងខែ​កញ្ញា​ឆ្នាំមុន​ថា​ការ​បោសសម្អាត​មីន​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ គឺជា​ភារកិច្ច​របស់​អង្គភាព CMAC និង​អង្គភាព TMAC ដែល​ត្រូវអនុវត្ត​ជា​សេនាធិការ​ជូន​គណៈកម្មការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ​ដែល​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ២ បានប្រគល់​ឲ្យ​។

លោក​បន្តថា​៖ «​ការ​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​គឺ​ធ្វើ​ឡើង​នៅលើ​ទីតាំង​ចម្ការមីន​ក្នុង​បូរណភាព​ទឹកដី​នៃ​ប្រទេស​រៀងៗ​ខ្លួន​ពោល​គឺ​ភាគី​ទាំង ២ CMAC និង​ TMAC មិន​ប្រើប្រាស់​សម្ភារ​រួមគ្នា​នោះទេ​។ ប៉ុន្តែ​ដោយសារ​ពួកយើង​បាន​ជ្រើសរើស​ទីតាំង​ចម្ការមីន​ក្នុង​ភូមិសាស្ត្រ​ក្បែរ​គ្នា ដូច្នេះ​ពួកយើង​អាច​ផ្លាស់ប្តូរ​បទពិសោធ​បច្ចេកទេស​គ្នា​ទៅវិញ​ទៅមក​បាន​នៅពេល​ចុះ​ប្រតិបត្តិការ​ជាក់ស្ដែង​»​។

លោក​ ផាត ភារៈ ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ស៊ីម៉ាក់​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា អង្គភាព CMAC និង​អង្គភាព TMAC បាន​ចាប់ផ្ដើម​កិច្ចសហប្រតិបត្ដិការ​តាំងពី​ឆ្នាំ​ ២០០៨ ក្រោយ​ទទួល​បាន​ការអនុញ្ញាត​ពី​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (General Border Committee) ដោយ​បាន​សហការ​សិក្សា​ស្រាវជ្រាវ និង​ផ្លាស់ប្ដូរ​បទពិសោធ​ជាមួយគ្នា​ទៅវិញទៅមក រហូត​ឈាន​ដល់​ការកំណត់​ទីតាំង​ចម្ការមីន​ជាក់លាក់​មួយ​ចំនួន​ដែល​ត្រូវ​ដោះមីន​កាល​នេះ​។

លោក​ថ្លែងថា​៖ «​ការចុះហត្ថលេខា​នេះ​គឺ​ក្រោយ​ពេលដែល​ភាគី​ទាំង​ ២ បាន​ពិនិត្យ​ស្រាវជ្រាវ​ទីតាំង​ដែល​ត្រូវ​ដោះមីន​មួយចំនួន​នៅ​តាម​ព្រំដែន​ច្បាស់លាស់​រួច​អស់​ហើយ ដើម្បី​ចុះទៅ​ដោះមីន​។ កន្លងមក​យើង​បាន​ធ្វើ​គឺ​ជាមួយ​គ្នា​ប៉ុន្មាន​ឆ្នាំនេះ គឺ​ទាក់ទង​នឹង​ការសិក្សា​បច្ចេកទេស​ពី​គ្នា​ទៅវិញទៅមក ជួបប្រជុំ​គ្នា​ពី​នីតិវិធី​ក្នុង​ការដោះមីន​ជាដើម​រួចហើយ ទើប​ឈានដល់​ការជ្រើសរើស​ទីតាំង​ចម្ការមីន​នេះ​»​។ លោក​បន្ថែមថា​៖ «​ការ​រើស​ទីតាំង​ដោះមីន​នៅ​ព្រំដែន​នេះ​គឺ​ធ្វើ​តែ​ទៅលើ​ទីតាំង​ដែល​យើង​បាន​សិក្សា​រួច​ និង​បាន​ចុះហត្ថលេខា​រួមគ្នា​ប៉ុណ្ណោះ​ដែល​មិនមាន​ប៉ះពាល់​ដល់​បញ្ហា​ព្រំដែន​នោះទេ​»​។

ក្នុង​ឆ្នាំ​ ២០១៩ ស៊ីម៉ាក់​បាន​រកឃើញ​ និង​កម្ទេចចោល​គ្រាប់មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាង ៣៦០០០ គ្រាប់​នៅលើ​ផ្ទៃដី​ជិត ៦ ៧០០ ​ហិកតា​នៃ​តំបន់​ចម្ការមីន និង​គ្រាប់​មិនទាន់​ផ្ទុះ ​៤៨៧ ទីតាំងនៅ​ទូទាំង​ប្រទេស​។ នេះ​បើតាម​ទិន្នន័យ​ស៊ីម៉ាក់​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ចុងខែ​ធ្នូ​ឆ្នាំ​ ២០១៩​។ របាយការណ៍​នេះ​ឲ្យ​ដឹងថា បច្ចុប្បន្ន​កម្ពុជា​នៅ​មាន​ផ្ទៃដី​លាយឡំ​ជាមួយ​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ប្រមាណ ២១០០ គីឡូម៉ែត្រ​ការ៉េ​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​គោលដៅ​ច្បាស់លាស់​ក្នុង​ការកម្ចាត់​គ្រាប់មីន​ប្រឆាំង​មនុស្ស​ឲ្យ​អស់​ត្រឹម​ឆ្នាំ​ ២០២៥​។ ដើម្បី​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​នេះ ស៊ីម៉ាក់ មិន​ត្រឹមតែ​ត្រូវការ​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕