ភ្នំពេញៈ មជ្ឈ​មណ្ឌល​សកម្ម​​ភាព​កំចាត់​មីន​កម្ពុជា (CM​AC​) បាន​បង្ហាញ​ពីវីរភាព​របស់​សុនខ​​ហិត​មីន ដែល​បាន​ជួយ​ពន្លឿន​ ​ក្នុង​ការ​កម្ចាត់​មីន និង​ជួយ​កាត់​​បន្ថយ​​ពេល​វេលា​និង​ការ​លំបាក​​នៃ​ការ​រុក​រក​មីន​របស់​កងកម្លាំង​ដោះ​មីន​នៅ​កម្ពុជា។

លោក ហេង រតនា អគ្គនា​​យក​មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជាបាន​ថ្លែង​ប្រា​ប់​​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពីថ្ងៃ ព្រហ​​ស្ប​តិ៍ម្សិល​មិញ​ថា នៅ​ថ្ងៃ​សុក្រ​នេះ ស៊ីម៉ាក់ នឹង​ដាក់​បង្ហាញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែងនៃ​ការ​​ចូល​​រួម​ជួយ​ការងារ​នៅ​ក្នុង​សង្គម​ និង​​កិច្ច​សហប្រតិបត្ដិ​ការ​ជាមួ​យ​​ដៃគូនានា​របស់​សុខនហិត​មីន​​។ លោកបន្ត​​ថា​ សុនខ​ បាន​ជួយ​ពន្លឿន​ក្នុង​ការ​បោស​សម្អាត​មី​ន កាត់​បន្ថយ​ការ​លំបាក​របស់​កម្លាំ​ង​មនុស្ស ក្នុង​ការ​រុក​រក​គ្រាប់​មីន​នៅ​ក្នុង​ដី​ ព្រោះ​បើ​កងកម្លាំង​ស៊ីម៉ាក់​​ ប្រើ​តែ​ឧបករណ៍​ជាដែក​នោះ​ គឺ​មាន​ការ​យឺតយ៉ាវ និង​ជួប​ប្រទះ​ការ​លំបាក​ជាច្រើន។

លោក​បន្ថែមថា៖ «សុនខ អា​ច​បន្ធូ​រការ​លំបាក​របស់​យើងធ្វើ​ឱ្យ​​ស្ថាន​ភាព​អ្នក​ដោះ​មីន​យើង​ធូរ​ស្រាល​បាន​ច្រើន ហើយ​​មាន​ល្បឿន​​លឿន​។ ដូច្នេះ​ ការ​ចូល​​រួម​របស់​សុនខក្នុង​វិស័យមីន​នេះ គឺ​មាន​វីរភាព​ខ្ពស់​ណាស់​ក្នុង​ការ​​ជួយ​ដល់​សង្គម​មនុស្ស​យើង»។​

លោក រតនា បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន ស៊ីម៉ាក់ មាន​សុនខ​ហិ​ត​មីន​សរុប​ចំនួន ១៣២ ក្បាល ក្នុ​ង​​នោះ ៧០ ក្បាល កំពុង​ប្រតិបត្ដិការ​ដោះមីន ក្រៅពីនេះ​កំពុង​ស្ថិត​ក្នុង​ការ​ហ្វឹកហ្វឺន​ក្នុង​ទីតាំង​​ស៊ីម៉ាក់​នៅ​ខេត្ដ​កំពង់ឆ្នាំង។

លោក​​ឱ្យ​ដឹង​ថាក្នុង​រយៈ​ពេ​ល​​ ៣ ឆ្នាំ​ កន្លង​មកនេះ ស៊ីម៉ាក់បាន​បង្កាត់​សុនខ​ហិត​មីន​បាន​ជាង​ ១០០ ក្បាលរួច​ហើយ នឹង​បច្ចុប្បន្ន​កំពុង​ប្រឹង​ប្រែង​បង្កាត់​បន្ថែម និង​ហ្វឹក​ហ្វឺន​សុនខ​បន្ដ​ទៀត​។

លោក​ រតនា ​បញ្ជាក់ថា​ ៖«សុនខ​ហិត​មីន​របស់​យើង កន្លង​មក​ ធ្លាប់​បាន​បញ្ជូន​ទៅ​ដោះ​មីន​នៅ​ប្រទេស ​អីុស្រាអែល វៀតណាម ឡាវ ថៃ និង​​ប្រទេស​មួយ​ចំនួន​ទៀត​ខាង​​ប៉ែក​អឺរ៉ុប​ខាងកើត»។

លោក​​បញ្ជាក់​ថា តាម​ធម្មតា នៅក្នុង​វិស័យ​មីននេះឧបករ​ណ៍​​អេឡិចត្រូនិកដែល​ផលិត​ពី​រោង​​​ចក្រ​មក ភាគច្រើន​គឺ​ដើម្បី​រុករក​ជាតិ​ដែក ដូច្នេះ​ឱ្យ​តែ​មាន​សារធាតុដែក​ឧបករណ៍​នោះ ​នឹង​ឱ្យ​សញ្ញា​ ប៉ុន្ដែ​សុនខ មាន​មុខ​ងា​រតែ​មួយ​ទេ គឺ​ស្វែង​រក​ជាតិ​ផ្ទុះ មិន​រុក​រក​ជាតិ​ដែក​​ទេ ទើប​មាន​ការ​ងាយ​ស្រួល​ប្រើប្រាស់​ជាង​ម៉ាស៊ីន​អេឡិចត្រូនិក។

​លោក ប្រាក់ សុម៉ាធី ប្រធាន​លេខាធិការ​ដ្ឋាននៃ​ស៊ីម៉ាក់បា​ន​ថ្លែង​ថា លោក​មិន​ទាន់​អាច​ប្រា​ប់​ពីចំនួន​សុនខ​ហិត​មីន​ ដែល​បាន​ងាប់​នោះទេ។ ប៉ុន្ដែ​លោក​បាន​​បញ្ជាក់​ថា សុនខ​ហិត​មីន​ងាប់ គឺ​ដោយសារ​ភាព​ចាស់​ជ​រា និង​ជំងឺ​ឆ្លង មិន​បាន​ងាប់​ដោយ​បេសកកម្ម​រុក​រក​មីន​នោះ​ទេ។

លោក​​​បន្ដថា​៖ «ជាទូទៅ​សុនខ​ហិត​មីនយើង​ប្រើ​បាន​រយៈ​ពេ​ល​ ៨ ឆ្នាំ។​ ពេលវាកើត​មក​ភ្លាម​យើង​ចាប់​ផ្ដើម​ហ្វឹក​ហាត់​វា​រយៈពេល​ពី​ ២ ឆ្នាំ ទៅ ២ ឆ្នាំ​កន្លះ​ ទើប​អាច​យកវាទៅ​ប្រតិបត្ដិការបាន​។ ក្រោយ​ប្រតិបត្ដិ​ការ​ខ្ទង់ ៦ ឆ្នាំ យើង​ដាក់​ឱ្យ​វា​ចូលនិវត្ដន៍​ហើយ»។

បើតាម​លោក សុម៉ាធី ក្រោ​យ​​ពេល​សុនខងាប់ គឺ​ស៊ីម៉ាក់​បាន​រៀប​​ចំ​ធ្វើ​ពិធី​បុណ្យ​ឱ្យ​ដូច​ជា​មនុស្ស​ដែរថែម​ទាំង​យក​សាកសព​ទៅ​កប់​នៅក្នុង​ផ្នូ​រនៅ​​សារមន្ទីរមីន​ នៅ​​ខេត្ត​សៀម​រាប​ និង​នៅ​ទីតាំង​ស៊ីម៉ាក់​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។

លោក​បាន​ថ្លែង​ថា​៖ «សុន​ខ​ហិត​មីន​ ដែល​ផ្ដល់​ប្រយោជន៍​ច្រើន គឺ​សុនខ​មេ វាហិត​មីន​ផង ផ្ដល់​កូន​ឱ្យ​យើង​ផង។ អ៊ីចឹ​ង​ពេល​វាងាប់​ទៅ យើង​ធ្វើ​ពិធី​បូជា​ដូច​មនុស្ស​អ៊ីចឹង មាន​ការ​ចូលរួម​ដង្ហែ​សព​ជាដើម»។​

លោក សុម៉ាធី បាន​ឱ្យ​ដឹងថា​ បច្ចុប្បន្ន​ស៊ីម៉ាក់ មាន​មេសុនខ ​ដែល​អាច​បង្កាត់​កូន​បាន​ចំនួន ១២ ក្បាល ហើយ​ក្នុង​មេ​សុនខ​ ១ ក្បាល គឺ​វា​អាច​កើត​កូន​បាន​ក្នុង​រង្វង់​​ចាប់​ពី​ ១០ ក្បាល​ឡើង​​ទៅ​។ ក្រោយ​ពី​សុនខ​កើត​កូន​បាន​ ១ សប្ដាហ៍ក្រុម​មន្រ្ដី​បង្វឹក​​​បាន​ចាប់​ផ្ដើម​បង្រៀន​កូន​សុនខ​​តែម្ដង។

ចាប់តាំង​ពីឆ្នាំ ១៩៩២ មក​ ​អាជ្ញាធរ​​មីននិងប្រ​តិបត្តិ​ករ​ជា​ង​ ១០ នាក់ ផ្សេ​ង​ទៀត បា​ន​ធ្វើកា​ររួ​ម​គា្ន​រំដោះ​ដី​ដែល​មានគ្រាប់​​មីន ​និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​​ចំនួ​ន ១,៨២​៣ គី​ឡូ​ម៉ែត្រ​ការ៉េ ​និង​​​ក៏​បាន​ជួ​យរំដោះ​មីន​នៅ​លើ​ដី​​ប្រជា​ពល​រដ្ឋ​​បាន​ចំនួន ៤,៣​២០ គ្រួសារ។​ ​ម្ចាស់​ជំនួយ​ដែល​បាន​ជួយ​ក្នុង​បេសក​​​កម្ម​នេះរួម​មាន ប្រទេស​ ជប៉ុន ស​ហរដ្ឋ​អា​មេរិក ​អង់​គ្លេស ​អូ​ស្រ្តា​​លី ​កា​ណាដា​ ស្វ៊ីស ន័រវែ​ស​សហ​គមន៍​អឺរ៉ុប​ អាល្លឺម៉ង់ ​ចិន ​បារាំង ​ដា​ណឺម៉ាក ​នូវែល​សេឡ​ង់ ​និង​ប្រទេស​មួយ​ចំនួន​ទៀត។

បើ​តាម​​​អាជ្ញាធរ​មីន​ ចាប់ពី​ខែ​មករា​​ ឆ្នាំ​ ២០១៩​ ដល់​ថ្ងៃទី ៤ ​ខែ​ មេសា ​ឆ្នាំ ២០១៩ មាន​​ជនរង​គ្រោះ​​ស្លាប់​ ពិការ ​និង​របួស​ដោយ​សារ​គ្រាប់មីន​សរុប​មាន​ចំនួន​ ៤៤ នាក់ ​ក្នុងនោះ មាន​ជនរងគ្រោះ​នៅ​ខេត្ត​ឧត្តរមានជ័យ​ ខេត្ត​បាត់​ដំបង ​ខេត្ត​រតនគិរី ​ត្បូងឃ្មុំ​ និង​ខេត្ត​មួយ​ចំនួន​ទៀត៕