ភ្នំពេញៈ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបង្ហាញពីមោទនភាពរបស់ CMAC ក្នុងការបង្កាត់សុនខហិតមីនបានប្រមាណជាង ២០០ ក្បាល ខណៈដែលសុនខហិតមីនត្រូវទិញពីបរទេសក្នុងតម្លៃពី ៣ ម៉ឺនទៅ ៥ ម៉ឺនដុល្លារក្នុង ១ ក្បាល។
លោក ហេង រតនា បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី ២៩ ខែកក្កដាថា ជំនាញសុនខហិតមីនត្រូវបានបង្កើតឡើង និងនាំចូលផ្តល់ការគាំទ្រដល់អង្គភាពស៊ីម៉ាក់ដោយកងទ័ពប្រទេសស៊ុយអ៊ែតក្នុងឆ្នាំ ១៩៩៦ ក្នុងកម្រិតហ្វឹកហ្វឺនសាកល្បងប្រើប្រាស់សុនខហិតមីននៅកម្ពុជា និងបានបញ្ចប់គម្រោងនៅឆ្នាំ ២០០២។ ប៉ុន្ដែ CMAC បានចាប់ផ្ដើមពង្រឹងភាពជាម្ចាស់ និងភាពជាដៃគូនៃកម្មវិធី សុនខហិតមីនចាប់ពីឆ្នាំ ២០០២ រហូតទទួលបានភាពជោគជ័យ និងរឹងមាំតែម្ដងនៅអំឡុងឆ្នាំ ២០១៦។
លោកបានថ្លែងថា ការកសាងកម្លាំងជំនាញសុនខហិតមីននៅកម្ពុជានេះ គឺមិនភ្លេចគុណដៃគូអភិវឌ្ឍន៍ដែលជាអ្នកជួយបានទេ ដូចជារដ្ឋាភិបាលប្រទេសស៊ុយអ៊ែត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
លោកបានបន្ដថា៖ «ប៉ុន្ដែអ្វីដែលយើងយកចិត្ដទុកដាក់នៅក្នុងចំណុចនេះ ប្រសិនបើយើងខ្លួនឯងមិនមានស្មារតីពង្រឹងភាពជាម្ចាស់ទេ ក៏យើងមិនអាចដើររហូតមកដល់ពេលនេះបានដែរ។ មានន័យថា បើយើងមិនមានភាពជាម្ចាស់ដោយខ្លួនឯង ពេលគេបញ្ចប់គម្រោងទៅវិញ យើងនឹងស្លាប់អស់»។
បើតាមលោក រតនា សុនខហិតមីន ដែលទិញពីបរទេសមានតម្លៃថ្លៃណាស់ គឺ ១ ក្បាលមានតម្លៃពី ៣០០០០ ទៅ ៥០០០០ ដុល្លារអាមេរិក។ ប៉ុន្តែបច្ចុប្បន្ន CMAC បង្កាត់បានសុនខប្រមាណជាង ២០០ ក្បាល ហើយក្នុងចំណោមនេះ សុនខជាង ១០០ ក្បាលកំពុងធ្វើប្រតិបត្ដិការហិតមីនហើយនៅសេសសល់គឺកំពុងទទួលការហ្វឹកហ្វឺន។
លោកថ្លែងថា៖ «ឥឡូវជាលទ្ធភាពរបស់យើងក្នុង ១ ឆ្នាំយើងអាចបង្កាត់កូនសុនខបានចាប់ពី ៨០ ទៅ ១០០ ក្បាល។ ក្នុងនោះយើងជ្រើសរើសយកមកបង្វឹកជាសុនខហិតមីនបានពី ៨០ ទៅ ៧០ ភាគរយ។ ធម្មតា បើយើងទិញកូនសុនខពីគេយកមកបង្វឹកជាសុនខហិតមីនក្នុងចំណោម ១០០ ក្បាល យើងអាចបង្វឹកក្លាយទៅជាសុនខហិតមីនបានប្រហែល ៦ ក្បាលប៉ុណ្ណោះ។ ប៉ុន្ដែនៅពេលនេះយើងបង្វឹកដោយខ្លួនយើង សុនខយើងមានសមត្ថភាពខ្ពស់នេះជាមោទនភាពមួយដែរ»។
លោក រតនា បន្ថែមថាបច្ចុប្បន្ន CMAC បានពង្រីកបច្ចេកទេស មិនត្រឹមតែអាចឱ្យសុនខចេះហិតរុករកមីនប៉ុណ្ណោះទេ។ ប៉ុន្ដែពេលនេះសុនខដែល CMAC បង្វឹកអាចមានជំនាញផ្នែករុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។
លោកថា CMAC ក៏បានពង្រីកទៅលើការបង្វឹកសុនខសន្ដិសុខ ដែលកំពុងតែដំណើរការហើយកិច្ចការនេះនឹងដំណើរការបានល្អប្រសើរ។
លោកបានឱ្យដឹងថា សុនខហិតមីនបានជួយដល់មន្ដ្រី CMAC ច្រើនក្នុងការបោសសម្អាតមីន និងបានកាត់បន្ថយពេលវេលានៅក្នុងការបោសសម្អាតមីនដោយមានប្រសិទ្ធភាពល្អប្រសើរ។
លោកបញ្ជាក់ថា បើមនុស្សជាអ្នករុករកមីន គឺអាចរកបានតែនៅលើផ្ទៃដីធំៗ ចំណែកសុនខអាចចូលទៅរុករកបានគ្រប់ចំណុច ពិសេសផ្ទៃដែលចង្អៀត មានព្រៃច្រើនជាដើម។
លោក ហេង រតនា បន្ថែមថាជាការពិតណាស់ ការទាញយកផលប្រយោជន៍បម្រើជាតិពីជំនាញសុនខ ប្រៀបបីដូចជាកំណាត់ផ្លូវត្រូវដើរនៅវែងឆ្ងាយទៅមុខទៀត ដូចជាកម្លាំងជំនាញសុនខនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងកងទ័ព និងប៉ូលិសនៃប្រទេសជិតខាងកម្ពុជាក្នុងនោះមានដូចជាថៃ និងវៀតណាម។
បើតាមលោក ហេង រតនា នៅតាមបណ្តោយព្រំដែនកម្ពុជា កម្លាំងទ័ពសុនខនេះត្រូវបានប្រទេសជិតខាងដាក់ពង្រាយដោយបានបង្ហាញពីឧត្តមភាពខាងសន្តិសុខរបស់គេ។
ទោះយ៉ាងណាលោក រតនា បញ្ជាក់ថាការពង្រឹងភាពជាម្ចាស់លើវាសនាជាតិខែ្មរគឺពឹងលើសមត្ថភាពកូនខែ្មរគ្រប់ៗរូប។ ភាពជោគជ័យនៃភាពម្ចាស់ការក្នុងជំនាញសុនខនេះ គ្រាន់តែជាឧទាហរណ៍តូចមួយនៃការពង្រឹងភាពជាម្ចាស់ និងជាលម្ហគំនិតអាចសិក្សារៀនសូត្រ សម្រាប់ជាគតិគំនិតក្នុងការអនុវត្តទស្សនៈ «កូនខ្មែរអាចធ្វើបាន»។
លោក ហេង រតនា បង្ហាញថា រហូតមកដល់បច្ចុប្បន្ននេះសម្រាប់ក្របខ័ណ្ឌអង្គភាព CMAC បានបោសសម្អាតផ្ទៃដីដែលមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួនប្រមាណ ១២០០ គីឡូម៉ែត្រក្រឡា និងដោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានជាង ២,៩ លានគ្រាប់៕