បន្ទាយមានជ័យ:​ គ្រាប់​មីន​ និង​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន ​៧៧​ គ្រាប់ ​ត្រូវ​បាន​មន្ត្រី​ជំនាញ​នៃ​មជ្ឈ​មណ្ឌល​ស​កម្ម​ភាព​កំចាត់​មីន​កម្ពុជា (CMAC) ចុះ​ទៅ​ប្រមូល​មក​បំផ្លាញ​ចោល​ពី​ភូមិ​តា​គង់ ​ឃុំ​តា​គង់​ស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទាយ​មាន​ជ័យ ​បន្ទាប់​ពី​ព្រះ​សង្ឃ​គង់​នៅ​វត្ត​តា​គង់​បាន​រាយ​កា​រណ៍​។

លោក ​ខេន​ ស្រ៊ាង​ ប្រ​ធាន​ក្រុម​ជំនាញ​ខាង​គ្រឿង​ផ្ទុះ​តាម​ទីវាល​របស់ ​(CMAC) ប្រចាំ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ថ្លែង​​នៅថ្ងៃទី ៩ កក្កដា នេះ​ថា​ មន្ត្រី​ជំនាញ ​CMAC បាន​ចុះ​ទៅ​ប្រមូល​យក​គ្រាប់​មីន ​និង​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង​នោះ​​មក​បំផ្លាញ​ចោល​រួច​រាល់​ហើយ​កាល​ពី​ថ្ងៃ​ទី​ ៨​ ខែ​កក្កដា​​ ប៉ុន្ដែ​មិន​មាន​បង្ក​គ្រោះ​ថ្នាក់​ដល់​ពល​រដ្ឋ​មូល​ដ្ឋាន​ទេ។

លោក​បន្ត​ថា​ ប្រ​តិប​ត្តិការ​នេះ​ក្រោយ​ពី​ទទួល​បាន​សេចក្ដី​រាយ​ការណ៍​ពី​ព្រះស​ង្ឃ​ដែល​គង់​នៅ​វត្ត​តា​គង់ ឃុំ​តា​គង់​ ដោយ​​ព្រះ​អង្គ​បាន​ប្រទះ​ឃើញ​គ្រាប់​មីន​ទាំង​នេះ​ជា​បន្ត​បន្ទាប់​ក្នុង​អំឡុ​ងពេល​ព្រះអង្គ​បាន​ឈូស​ឆាយ​ដី​ក្បែរ​កុ​ដិ​ដើម្បី​ដាំ​ដំណាំ។

បន្ទាប់​មក​ព្រះចៅ​អធិ​កា​រ​វត្ត​តា​គង់​បាន​រា​យកា​រណ៍​មក​មន្ត្រី​ជំនាញ​ CMAC​ ឲ្យ​ចុះទៅ​ប្រមូល​បំផ្លាញ​ចោលចៀ​សវា​ង​គ្រោះ​ថ្នាក់​ណា​មួយ​ជា​យថា​ហេតុ​។

លោក​បញ្ជាក់​ថា៖​ «យើង​បាន​ប្រមូល​គ្រាប់​ទាំង​អស់​ហ្នឹង​ហើយ ​គឺ​វា​មាន​ច្រើន​ប្រភេទ​ដូច​ជា ​គ្រាប់​បែក​ប្រភេទ​ ២៣ ​មិល្លី​ម៉ែត្រ​ ចំនួន​ ៤២ ​គ្រាប់,​ ប្រភេទ​ ៦០​ មិល្លី​ម៉ែត្រ​​ ចំនួន ​១១ ​គ្រាប់, គ្រាប់​កាំ​ភ្លើង​ត្បាល់​ប្រភេទ ​១២០​ មិល្លីម៉ែត្រ​​ចំនួន​ ២ គ្រា​ប់ និង​គ្រាប់​មីន​​មួ​យ​ចំនួ​នទៀត​សរុប​ទាំង​អស់ ​៧៧ ​គ្រាប់។ បន្ទាប់​ពី​ប្រមូល​បាន​យើង​មិន​អាច​រក្សា​ទុក​ទេ គឺ​បំ​ផ្លា​ញ​ចោ​ល​ភ្លា​មៗ​តែ​ម្ដង​ ព្រោះ​គ្រាប់​ខ្លះ​នៅ​មាន​ប្រសិទ្ធ​ភាព ខ្លាច​ពេល​យើង​ដឹក​តាម​ផ្លូវ គឺ​វា​ផ្ទុះ ដូច្នេះ​យើង​បំផ្លាញ​ចោល​តែ​ម្ដង​»។

លោក​ បេន ​សំអាត ​អធិកា​រនគរ​បាល​ស្រុក​ម៉ាឡៃ​បាន​ថ្លែង​នៅថ្ងៃទី​ ៩ ក​ក្កដា នេះ​ថា ​មន្ត្រី​នគ​របាល​ស្រុក​មិន​បាន​ចូលរួម​ប្រ​តិប​ត្តិ​​ការ​ជា​មួយ​ក្រុម​មន្ត្រី​ CMAC ទេ ប៉ុន្ដែ​មន្ត្រី​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​តា​គង់​បាន​ចូល​រួម​ក្នុង​ការ​ងា​រ​នេះ។ លោក​ថា ​នៅ​ស្រុក​ម៉ាឡៃ​កា​ល​ពីថ្មីៗ​នេះ​ធ្លាប់​មាន​ពល​រដ្ឋ​រង​គ្រោះ​ដោយ​សារ​គ្រាប់​មីន​​ក្នុង​ពេល​ពួក​គាត់​កំពុង​ភ្ជួរ​ដី​ស្រែ​។

លោក​បញ្ជាក់​ថា៖ ​«ពួក​ខ្ញុំ​ធ្លាប់​បាន​ចុះ​ផ្សព្វ​ផ្សាយ​តាម​មូល​ដ្ឋាន​ជា​មួយ​មន្ត្រី​ជំនាញ C​MAC ​និង​អង្គ​ការ​ក្រៅរ​ដ្ឋាភិបា​ល​នានា​ពី​ប៉ះ​ពាល់​នៃ​គ្រាន់​មីន​និង​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែរ​ ប៉ុន្ដែ​នៅ​មាន​ពលរដ្ឋ​មួយ​ចំនួន​តូច​តែង​តែ​ប្រមូល​គ្រាប់​បែក​ទាំង​នោះ​មក​ទុក​នៅ​ក្នុង​ផ្ទះ។​ ដូច្នេះ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ខ្លួន​គាត់​ជា​ពិសេស​ក្រុម​គ្រួសារ​គាត់​អ៊ីចឹ​ង​យើង​អប់រំ​ណែនាំ​​គាត់​ជា​ញឹក​ញាប់​»។

តាម​របាយកា​រណ៍​រប​ស់​អាជ្ញាធរ​មីន (CMAA) បាន​ឲ្យ​ដឹង​កាលពីថ្ងៃទី​ ៨ ខែ​កក្កដា​ ថា រ​ដ្ឋាភិ​បាល​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃទី ៨ ខែ​កក្កដា​​ បាន​ប្រកា​ស​បន្ត​គាំទ្រ​ផ្តល់​ជំនួយ​ថវិកា​ក្នុង​វិស័យ​មីន ​៧,៦​ លាន​ដុល្លារ​អូស្ត្រាលី​ ដោយ​ចាប់​អនុវត្ត​គម្រោង​ពី​ឆ្នាំ ២​០២០ ដល់​ឆ្នាំ​ ២០២៤ ​តាម​រយៈ​គម្រោង​បោសស​ម្អាត​មីន​ដើម្បី​លទ្ធ​ផល​ដំណាក់​កាល​​ទី៤ ​(CFR​-IV)​។

របាយ​ការណ៍​​បន្ត​ថា ​រាជ​រដ្ឋាភិបា​លនិ​ងព​លរដ្ឋ​អូស្ត្រាលី​បាន​ចូលរួម​ជា​ដៃគូ​ដ៏​សំខាន់​និង​រួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​គាំ​ទ្រ​ដល់​ការ​ងារ​អភិវឌ្ឍ​ន៍និ​ង​វិស័យ​សកម្ម​ភាព​មីន​នៅ​កម្ពុជា។ ក្នុងនោះ​​អូស្ត្រាលី​​បាន​គាំទ្រ​ថវិកា​បោ​សសម្អា​ត​មីន​ម​នុស្ស​ធ​ម៌​​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៤ ​រហូ​តមក​ សរុប​មាន​ចំនួន​ជាង ១​០០​ លាន​ដុល្លារ​អូ​ស្ត្រា​លី៕​