ភ្នំពេញៈ អង្គភាព​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​បាន​រកឃើញ​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ប្រភេទ​ MK ចំនួន​ ១៤ ​គ្រាប់​​ ដោយ​បាន​ជីក​កាយ​យក​ចេញ​ពី​ទីតាំង​ក្នុង​ដី​ ១៤ ​កន្លែង​ផ្សេងគ្នា​ក្នុង​រាជធានី និង​បណ្ដា​ខេត្ត​មួយចំនួន ហើយ​គ្រាប់បែក​ទាំងនោះ​ស្ថិត​ក្នុង​ស្ថានភាព​គុណភាព​អាច​បង្ក​ផ្ទុះ​បាន​។ នេះ​បើ​យោងតាម Facebook របស់ លោក ហេង រតនា អគ្គនាយក CMAC​។

លោក រតនា បាន​រៀបរាប់​ថា​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ប្រភេទ​ MK ចំនួន​១៤ ​គ្រាប់​នោះ​ត្រូវ​បាន​យកចេញ​ពី​ក្នុង​ដី និង​បាន​បន្សាប​ជាតិ​ផ្ទុះ​បានសម្រេច​ដោយ​ជោគជ័យ​ចំនួន​ ១៣ ​គ្រាប់ ខណៈ​ ១ ​គ្រាប់​ទៀត​ត្រូវបាន​បំផ្ទុះ​ចោល​នៅ​នឹង​កន្លែង ព្រោះ​មិន​អាច​រំកិល​វា​ចេញពី​តាំង​ក្នុង​ដី​បាន​។

លោក រតនា បញ្ជាក់​ថា​៖ «​គ្រាប់បែក​ទាំងនោះ​បាន​កប់​ក្នុង​ដី​ជម្រៅ​ជ្រៅៗ​ប្រមាណ​ ៥-៧ ​ម៉ែត្រ និង​មាន​ទីតាំង​ស្ថិត​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល តាកែវ កំពង់ចាម ព្រៃវែង និង​ខេត្តស្វាយរៀង​។ នេះ​ជា​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​មួយ​ដល់​សុវត្ថិភាព​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ ជាពិសេស​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ធារាសាស្ត្រ សំណង់​លំនៅឋាន ស្ពាន និង​ការជីក​កាយ​ដី​ផ្សេងៗ​ដែល​អាច​នឹងមាន​គ្រោះថ្នាក់​កើតឡើង ហើយ​ទំហំ​ខូចខាត​ក៏​អាច​មាន​ទំហំ​ធំ​ផងដែរ​!»​។

ដោយឡែក​នៅឯ​ខេត្ត​ប៉ៃលិន មន្ត្រី​អង្គភាព​កំចាត់មីន​ម្នាក់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គ្រាប់មីន​ប្រឆាំង​រថក្រោះ​ចំនួន​ ៤ ​គ្រាប់​ ត្រូវបាន​រំដោះ​ចេញពី​ដីចម្ការ​របស់​គ្រួសារ​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ក្រុងប៉ៃលិន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​ ៤ ខែ កុម្ភៈ ឆ្នាំ​ ២០២០ បន្ទាប់ពី​បុរស​ម្ចាស់​ចម្ការ​បាន​ប្រើ​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​នោះ​ដើម្បី​ដាំពោត ហើយ​បាន​ប្រទះឃើញ​គ្រាប់មីន​ ១ ​គ្រាប់​នៅ​តាម​គន្លង​នៃ​​អាចម៍បំណះ​ដី ដែល​គាត់​បាន​ភ្ជួរ​នោះ ប៉ុន្តែ​សំណាងល្អ​គ្រាប់មីន​នោះ​មិន​ផ្ទុះ​។

លោក រិន ឈូក ប្រធាន​ក្រុម​ការងារ​ CMAC ខេត្ត​ប៉ៃលិន​បាន​និយាយថា​៖ «​នៅពេល​ក្រុម​ការងារ​យើង​ចុះទៅ​ដល់​ទីតាំង​កើតហេតុ យើង​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​នៅលើ​ទីតាំង​ដី​នោះ ក៏​បាន​រកឃើញ​គ្រាប់មីន​ ៣ ​គ្រាប់​ទៀត ដែល​ត្រូវ​បាន​គេ​កប់​នៅ​ជាប់ៗ​គ្នា ហើយ​ក្រុម​ការងារ​យើង​ក៏បាន​ជីក​កាយ​ដោះ​យក​គ្រាប់មីន​ទាំងនោះ​ចេញ​បាន​ដោយ​សុវត្ថិភាព​»​។

លោក​ ឈូក ថា នៅ​ប៉ៃលិន​បាន​រកឃើញ និង​ដោះចេញ​នូវ​គ្រាប់​ផ្សេង​ជាង​ ១០០ ​គ្រាប់ និង​សម្អាត​ផ្ទៃដី​បាន​ចំនួន​ជាង​ ២០ ​ហិកតា​ក្នុង​ខែ​មករា​៕