ភ្នំពេញៈ សម្ព័ន្ធកម្ពុជាដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លង (CNCDA) ទទួលបានមូលនិធិសាមគ្គីភាពសង្គមស៊ីវិលថ្មីមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងនៅកម្ពុជា ខណៈអង្គការនេះមើលឃើញថា ពលរដ្ឋដែលរស់នៅជាមួយនឹងជំងឺនេះកំពុងប្រឈមមុខខ្លាំងទាំងផ្នែកសុខភាព និងហិរញ្ញវត្ថុក្នុងដំណាក់កាលមានការរីករាលដាលនៃជំងឺកូវីដ១៩។
សេចក្តីប្រកាសព័ត៌មានរបស់ CNCDA បានឲ្យដឹងកាលពីថ្ងៃទី ១៣ កក្កដាថា គម្រោងមូលនិធិក្នុងការទប់ស្កាត់ជំងឺមិនឆ្លងក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩នេះគឺមានទឹកប្រាក់សរុបប្រមាណ ៣ សែនដុល្លារ ហើយដែលថវិកាចំនួន ១៥ ០០០ ដុល្លារត្រូវបានផ្តល់ជូនថ្នាក់ជាតិ និងថ្នាក់តំបន់សម្រាប់ប្រទេសកម្ពុជា។
CNCDA បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា មូលនិធិនេះនឹងជួយគាំទ្រដល់សម្ព័ន្ធក្នុងការជួយដោះស្រាយយ៉ាងសំខាន់ដល់ពលរដ្ឋដែលកំពុងរស់នៅជាមួយជំងឺមិនឆ្លងក្នុងពេលជំងឺកូវីដ១៩កំពុងរាតត្បាត។ សកម្មភាពទាំងនោះគឺធ្វើឡើងតាមរយៈការតស៊ូមតិ និងទំនាក់ទំនងដែលធ្វើឲ្យសកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលកាន់តែខ្លាំងបន្ថែមទៀត។
សម្ព័ន្ធកម្ពុជាដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លងក៏បានឲ្យដឹងផងដែរថា៖ «ជំងឺរ៉ាំរ៉ៃ ដែលហៅថាជំងឺមិនឆ្លងទាំងនោះគឺជាបុព្វហេតុចម្បងដែលធ្វើឲ្យពលរដ្ឋកម្ពុជាស្លាប់ក្នុងនោះមាន ២ នាក់ក្នុងចំណោម ៣ នាក់ដែលស្លាប់ដោយមូលហេតុនៃជំងឺមិនឆ្លង ហើយ ១ ភាគ ៤ នៃអ្នកស្លាប់នោះបានកើតលើមនុស្សមានអាយុក្រោម ៧០ ឆ្នាំ»។
តាម CNCDA បានឲ្យដឹងថា ជំងឺមិនឆ្លងមានដូចជា ជំងឺសរសៃឈាមបេះដូង គាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីក ទឹកនោមផ្អែម ផ្លូវដង្ហើម និងស្ថានភាពផ្លូវចិត្តជាដើម ដែលវាបង្កឡើងដោយកត្តាហ្ស៊ែន បរិស្ថាន និងអាកប្បកិរិយារួមបញ្ចូលគ្នា។
លោក Todd Harper ប្រធានសម្ព័ន្ធដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លងប្រចាំពិភពលោក NCD Alliance(Global) បានថ្លែងថា ការរាតត្បាតនៃជំងឺកូវីដ១៩ បង្ហាញឲ្យឃើញពីភាពប្រសព្វគ្នារវាងជំងឺកូវីដ១៩ និងជំងឺមិនឆ្លង។ លោកបន្តថា អ្នករស់នៅជាមួយជំងឺមិនឆ្លងគឺងាយរងគ្រោះពីជំងឺកូវីដ១៩ ហើយប្រឈមនឹងបញ្ហាធ្ងន់ធ្ងរដែលធ្វើឲ្យពួកគេងាយឈឺ និងស្លាប់ដោយសារវីរុសបានយ៉ាងងាយ។
លោកបានបញ្ជាក់ថា៖ «ការរាតត្បាតនៃជំងឺឆ្លងក៏ផ្តល់ផលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋក្រីក្រក្នុងសហគមន៍ទូទាំងពិភពលោកផងដែរ ជាពិសេសពលរដ្ឋងាយរងគ្រោះនៅក្នុងប្រទេស។
មូលនិធិសាមគ្គីភាពសង្គមស៊ីវិលថ្មីបានបង្កើតឡើងដោយត្រូវដោះស្រាយបញ្ហាជំងឺមិនឆ្លងដែលវាគឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខ សុខភាព និងដើម្បីការពារការត្រឡប់មកវិញនៃការទទួលបានការការពារ និងត្រួតពិនិត្យ NCD នៅជុំវិញពិភពលោក»។
តាមសេចក្តីប្រកាសព័ត៌មាន CNCDA បានឲ្យដឹងថា សម្រាប់សកម្មភាពនៅកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងជំងឺមិនឆ្លងនឹងផ្តោតលើមធ្យោបាយដើម្បីជំរុញឱ្យការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងតាមរយៈការបង្កើតរបៀបវារៈជាតិដោយប្រើប្រាស់ការប្រាស្រ័យទាក់ទង និងការតភ្ជាប់ជាមួយបុគ្គលដែលមានឥទ្ធិពលក្នុងប្រទេស។ គោលបំណងចម្បង គឺដើម្បីបញ្ជ្រាបការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង NCDs ក្នុងគោលនយោបាយជាតិរបស់រដ្ឋាភិបាលជាមួយនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
លោកស្រី Katie Dain, នាយិកាប្រតិបត្តិនៃ NCD Alliance (Global) បានថ្លែងថា នេះគឺជាមូលនិធិដំបូងបំផុតរបស់ខ្លួនក្នុងការគាំទ្រអង្គការសង្គមស៊ីវិល NCD ដើម្បីឆ្លើយតបក្នុងពេលមានការរីករាលដាលជំងឺកូវីដ១៩។
លោកស្រីបញ្ជាក់ថា៖ «ក្នុងដំណាក់កាលរាតត្បាតសម្ទុះនៃបញ្ហាសុខភាព និងការអភិវឌ្ឍប្រកបដោយចីរភាពមួយចំនួន ជាពិសេសជំងឺអេដស៍ ជំងឺអេប៉ូឡា និងការប្រែប្រួលអាកាសធាតុបានពង្រឹងតួនាទីសំខាន់របស់សង្គមស៊ីវិល និងការប្រឹងប្រែងដឹកនាំដោយសហគមន៍ក្នុងការពន្លឿនសកម្មភាពពីថ្នាក់មូលដ្ឋានដល់កម្រិតពិភពលោក»។
លោកវេជ្ជបណ្ឌិត Kol Hero ប្រធាននាយកដ្ឋានបង្ការឱសថនៃក្រសួងសុខាភិបាលកម្ពុជាបានថ្លែងថា ការផ្តល់កញ្ចប់ថវិកានេះគឺជាឱកាសដ៏សំខាន់មួយដើម្បីបង្ហាញពីភាពងាយរងគ្រោះជាក់លាក់នៃអ្នករស់នៅជាមួយជំងឺមិនឆ្លងក្នុងពេលមានជំងឺរាតត្បាតនេះ។
លោកបានបញ្ជាក់ថា៖ «ការផ្តល់ជំនួយនេះក៏ជាការលើកកម្ពស់ការដាក់បញ្ចូល NCDs ក្នុងការរៀបចំសុខភាពសាធារណៈ និងពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជាផងដែរ»។
CNCDA បានលើកឡើងថា ការរំខានដល់សេវាសុខភាពសំខាន់ៗបណ្តាលមកពីជំងឺកូវីដ១៩ ក៏ដូចជា ការជាប់គាំងផ្នែកសេដ្ឋកិច្ចនៅកម្ពុជាបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ពលរដ្ឋដែលរស់នៅជាមួយនឹងជំងឺមិនឆ្លង។ ដូច្នេះជាការសំខាន់ណាស់ដែលសង្គមស៊ីវិលអាចលើកស្ទួយសំឡេងសហគមន៍ និងអ្នករស់នៅជាមួយជំងឺមិនឆ្លងដើម្បីតស៊ូមតិឲ្យមានកំណែទម្រង់គោលនយោបាយសុខភាព ដើម្បីឲ្យរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀតចូលរួមគាំទ្រ៕