ភ្នំពេញៈ គណបក្សសង្គ្រោះជាតិចាត់ទុកការធ្វើកោសល្យវិច័យដោយក្រសួងមហាផ្ទៃលើស្នាមមេដៃពលរដ្ឋដែលបានដាក់ថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍រឿងស្ថានការណ៍នយោបាយដែលឡើងកម្តៅថាជាសញ្ញានៃការគំរាមកំហែងតាមបែបថ្មីមួយទៅលើសិទ្ធិសេរីភាពបញ្ចេញមតិតែទោះជាយ៉ាងណាបក្សប្រឆាំងនៅតែបន្តទទួលញត្តិពលរដ្ឋ និងត្រៀមពេលវេលាសមស្របណាមួយដើម្បីដាក់ថ្វាយជាថ្មីទៀត។
ការលើកឡើងនេះបន្ទាប់ពីគណៈកម្មការធ្វើកោសល្យវិច័យរបស់រដ្ឋាភិបាលកាលពីថ្ងៃសុក្របានធ្វើសន្និសីទដោយរកឃើញភាពមិនប្រក្រតីច្រើនជាងមុន និងព្រមានចាត់វិធានការតាមផ្លូវច្បាប់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានថ្លែងក្នុងសន្និសីទនោះថាគណៈកម្មការបានរកឃើញភាពមិនប្រក្រតីក្នុងញត្តិដែលសង្គ្រោះជាតិអះអាងថាមានជាង ១៧ ម៉ឺននាក់តែជាក់ស្តែងមានត្រឹមជាង ១៦ ម៉ឺននាក់ប៉ុណ្ណោះ។
លោកថា៖ «សង្គ្រោះជាតិថាញត្តិទាំងអស់នោះមាន ១៨ ដុំមកពី ២៥ រាជធានីខេត្ត និងមានឈ្មោះប្រជាពលរដ្ឋផ្តិតមេដៃចំនួនជាង ១៧ ម៉ឺន (១៧៣១៤៥) នាក់ប៉ុន្តែផ្អែកតាមការពិនិត្យជាក់ស្តែងឃើញថាញត្តិមានចំនួន ១៨ ដុំមែនតែមកពី ២១ ខេត្តទេ និងមានឈ្មោះសរុបលើញត្តិតែជាង ១៦ ម៉ឺន(១៦៩ ៦០៣) នាក់ ប៉ុណ្ណោះមិនមានខេត្តពោធិ៍សាត់ កោះកុង ក្រចេះ និងខេត្តឧត្តរមានជ័យទេ»។
ឆ្លើយតបនឹងការរកឃើញនេះមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង ថ្លែងថាជាការគំរាមកំហែងដល់ពលរដ្ឋមិនឱ្យចេញមុខមកផ្តិតមេដៃ។
លោកថា៖ «ស្តាយគំរាមកំហែងបែបថ្មីទៅលើសេរីភាពបញ្ចេញមតិគឺជាវិធានមួយដើម្បីគំរាមមិនឱ្យប្រជាពលរដ្ឋហ៊ានធ្វើញតិ្ត។ ជាធម្មតាប្រទេសគេដែលគោរពគោលការណ៍ប្រជាធិបតេយ្យកាលណាមានញត្តិពីពលរដ្ឋគេពិនិត្យលើខ្លឹមសារញត្តិមិនមែនពិនិត្យលើស្នាមមេដៃទេចឹងការធ្វើនេះមានតែស្រុកខ្មែរយើងហ្នឹង»។
យ៉ាងនេះក្តីលោកថាបក្សសង្គ្រោះជាតិនៅតែរង់ចាំទទួលញត្តិពលរដ្ឋ និងត្រៀមដាក់ថ្វាយព្រះមហាក្សត្រជាថ្មីបើទោះជាមានការគំរាមកំហែងក្តី។
លោកបញ្ជាក់ថា៖ «បើបំណងគេចង់បង្ក្រាបអ្នកណាមួយគេអាចប្រើប្រាស់មធ្យោបាយហ្នឹងដើម្បីឈានទៅបង្កើតលេសសង្កត់សង្កិនទៅលើអ្នកគាំទ្របក្សប្រឆាំងរួមទាំងថ្នាក់ដឹកនាំបក្សប្រឆាំងប៉ុន្តែទោះយ៉ាងណាក៏ដោយយើងមិនចុះញមមិនខ្លាចរឿងចឹងទេ»។ ឥឡូវយើងមានស្នាមមេដៃជាង ២០ ម៉ឺននាក់ហើយនឹងប្រមូលមកទៀតពេលពលរដ្ឋប្រគល់ឱ្យម្តងទៀតយើងនឹងជ្រើសរើសពេលសមស្របយើងនឹងដាក់ទូលថ្វាយព្រះមហាក្សត្រ»។
បើតាមលោក ខៀវ សុភ័គ គណៈកម្មការរកឃើញថាភាពមិនប្រក្រតីរួមមានម្នាក់ផ្តិតមេដៃច្រើនដងគ្មានឈ្មោះក្នុងមូលដ្ឋាន និងអ្នកស្លាប់ទៅហើយតែមានស្នាមមេដៃលើញត្តិ។
លោកថា៖ «ក្នុងនោះមានភាពមិនប្រក្រតីរួមមានស្នាមម្រាមដៃចំនួន ៧៣៨ ផ្តិតច្រើនដងលើឈ្មោះអ្នកដទៃចំនួន ២៩៦១ ខ្លះផ្តិតរហូតដល់ ៨៨ ដងដែលមានភាពមិនប្រក្រតីធ្ងន់ធ្ងរមានបីករណី ១ ឃើញថាស្នាមម្រាមដៃ ៤៣ ផ្តិតលើសពី ១០ ដងហើយផ្តិតលើឈ្មោះ ១០០៣ នាក់ ទី ២ ស្នាមម្រាមដៃតែមួយរបស់បុគ្គលតែម្នាក់ផ្តិតលើចំនួន ៨៨ នាក់ ទី ៣ បុគ្គលម្នាក់ប្រើប្រាស់ស្នាមម្រាមដៃរបស់ខ្លួនចំនួន ៧ ម្រាម និងបុគ្គលស្លាប់ ៧៧ នាក់ក៏មានស្នាមមេដៃដែរ»។ «ខ្ញុំគិតថាគណៈកម្មការនេះត្រូវបានបង្កើតឡើងដោយក្រសួងហើយបានចំណាយពេលវេលារហូតដល់ច្រើនខែហើយបើយើងអត់មានវិធានការអ្វីនោះប្រហែលជាក្រសួងមិនបង្កើតឱ្យអស់ពេលវេលានោះទេ»។
ក្នុងពេលធ្វើសកម្មភាពប្រមូលញត្តិអាជ្ញាធរមូលដ្ឋានបានឃាត់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ២៥១ នាក់ខណៈមានពលរដ្ឋ ១២៧ នាក់ក្នុងនោះស្រី ៧៥ នាក់បានមកប្តឹងគណបក្សសង្គ្រោះជាតិវិញថាជាអំពើបោកប្រាស់ពួកគាត់។ នេះបើតាមលោក ខៀវ សុភ័គ។
លោក សុភ័គ បញ្ជាក់ថាស្នាមមេដៃដែលធ្វើកោសល្យវិច័យរួចហើយនេះមានតែជាង ៦ ម៉ឺនស្នាមមេដៃនៅឡើយទេពោលនៅជាង ១០ ម៉ឺនស្នាមមេដៃទៀតក្រសួងមហាផ្ទៃបានប្រគល់ភារកិច្ចនេះឲ្យអគ្គស្នងការនគរបាលជាតិដើម្បីស៊ើបអង្កេតបន្ត។
កាលពីថ្ងៃទី ៣០ ខែឧសភាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានហែញត្តិដោយអះអាងថាមានស្នាមមេដៃពលរដ្ឋជាង ១៧ ម៉ឺននាក់យកទៅដាក់ថ្វាយព្រះមហាក្សត្រដើម្បីទូលសុំឲ្យព្រះអង្គជួយព្រះរាជអន្តរាគមន៍ចំពោះស្ថានការណ៍នយោបាយដែលចេះតែបន្តឡើងកម្តៅឥតឈប់បន្ទាប់ពីមានការចាប់ឃុំខ្លួនអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងទាំងមានអភ័យឯកសិទ្ធិ និងការចាប់ឃុំខ្លួនមន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រី គជប ចំនួន ៥ រូប និងប៉ុនប៉ងចាប់ឃុំខ្លួនអ្នកតំណាងរាស្ត្រជាច្រើនរូបទៀត។ មួយថ្ងៃក្រោយមកដោយមានចំណារពីព្រះមហាក្សត្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរៀបចំឲ្យមានគណៈកម្មការស្រាវជ្រាវធ្វើកោសល្យវិច័យទៅលើស្នាមមេដៃទាំងនោះ៕